ខេត្តមណ្ឌលគិរី ៖ ខ្មោចដំរីស្ទាវមួយក្បាលត្រូវបានអ្នកចូលព្រៃប្រទះឃើញងាប់ហើមស្អុយ ក្នុងព្រៃដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃទី៥ តុលា នេះ និងបានសង្ស័យថា អាចបណ្តាលមកពីព្រានព្រៃបាញ់សម្លាប់កាត់យកភ្លុក ឬបំណែកនៃសរីរាង្គកាយណាមួយ ។ ការបាញ់សម្លាប់ដំរីព្រៃនៅខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា កំពុងមានសកម្មភាពធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ខណៈភ្លុកនឹងឆ្អឹងដំរីមានតម្លៃខ្ពស់ក្នុងទីផ្សារងងឹតនៅឯបរទេស ។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដំរីស្ទាវ១ក្បាលនេះត្រូវបានគេបាញ់សម្លាប់ ប្រយោជន៍ដើម្បីយកភ្លុកដែលបញ្ហានេះតែងកើតមានជាញឹកញាប់នៅក្នុងទឹកដីខេត្ដមណ្ឌលគីរី ជាពិសេសឋិតក្នុងដែនជម្រកសត្វភ្នំព្រេច ដែលការប្រមាញ់សត្វទាំងនោះធ្វើឡើង ដោយស្ងាត់ស្ងៀមបំផុត ។ ការប្រមាញ់សត្វព្រៃនាពេលបច្ចុប្បន្ននេះ មិនមែនជាការប្រើអន្ទាក់ឬប្រើស្នានោះទេ ពួកព្រានព្រៃបានប្រើកាំភ្លើងAK ឬអាវុធផ្សេងទៀតក្នុងការបាញ់សម្លាប់សត្វព្រៃ ។ ចំណែកលោក សំរ៉ង ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច ភ្នាក់ងារកោះសន្តិភាពពុំអាចសុំការបកស្រាយបានទេជុំវិញបញ្ហាខាងលើនេះ ។
អាជ្ញាធរខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ដែរថា គេបានប្រទះឃើញដំរីស្ទាវមួយក្បាលងាប់នៅក្នុងតំបន់អភិរក្សភ្នំព្រេច ដែលជាកន្លែងអភិរក្សសត្វព្រៃដ៏សំខាន់នៅកម្ពុជា ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត ។ ប៉ុន្តែទោះជាយ៉ាងណាលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី៧ តុលា ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានបញ្ជាក់ថា ដំរីដែលងាប់នោះជាប្រភេទដំរីស្ទាវត្រូវបានព្រានបាញ់សម្លាប់ និងកាត់យកភ្លុក ។ លោកបញ្ជាក់ថា ដំរីមួយក្បាលនេះបានងាប់ជាច្រើនថ្ងៃមកហើយ មានសភាពហើមប៉ោង និងមានស្នាមកាត់យកភ្លុក ដែលអាជ្ញាធរកំពុងដាក់ពាក្យបណ្តឹង ដើម្បីវែកមុខអ្នកបាញ់សម្លាប់មកទទួលទោសទៅតាមច្បាប់ ព្រោះអ្នកប្រមាញ់បែបនេះជាឧក្រិដ្ឋជន ។
គួររំឭកដែរថា ១ឆ្នាំមុនគ្រោងឆ្អឹងសត្វដំរីព្រៃបីក្បាលដែលប្រជាពលរដ្ឋបានប្រទះឃើញ ត្រូវបានមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រេច នឹងអង្គការអភិរក្សសត្វព្រៃWWFធ្វើការដឹកជញ្ជូនមករក្សាទុកនៅទីស្នាក់ការរបស់ខ្លួនកាលពីថ្ងៃទី៣០ តុលា ២០១៣ ដើម្បីពិនិត្យរកឲ្យឃើញពី ការងាប់របស់សត្វដ៏កម្រនោះ។ សាកសពសត្វដំរីទាំងបីក្បាលនោះត្រូវបានរកឃើញនៅចំណុចព្រៃក្រង់ជីលកដែលមានលេខ យូធីអឹម០៧១៨៧០៧.១៤០៨៧៦៨ ក្នុងស្រុកកោះញែកនឹងស្រុកពេជ្រាដា ។ មន្ត្រីជំនាញអះអាងថា សត្វដំរីទាំងនោះត្រូវបានក្រុមព្រានព្រៃបាញ់សម្លាប់ដោយកាំភ្លើង ។ ចំណែកការសន្និដ្ឋានមួយទៀតបានឲ្យដឹងថា គ្រោងឆ្អឹងទាំងនោះអាចមានរយៈពេលសម្លាប់ប្រមាណជាងពីរខែមកហើយ ។ នាយកដែនជម្រកសត្វព្រៃភ្នំព្រេចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានទាំងនោះក្រុមការងារជំនាញជាង១០នាក់រួមទាំងជនបរទេសបានចុះស្វែងរកឃើញគ្រោងឆ្អឹងដំរីទាំងនោះ ។ លោកបានបញ្ជាក់ថា នៅពេលចុះទៅស្វែងរកឃើញឆ្អឹងសាកសពដំរី មន្ត្រីជំនាញបានប្រទះឃើញឆ្អឹង ស្បែក ប្រអប់ជើង ដែលព្រានព្រៃបានបន្សល់ទុកព្រមទាំងសំណល់គ្រាប់កាំភ្លើងមួយគ្រាប់ផងដែរ។
ដំរីដែលរងគ្រោះដោយព្រានបាញ់ប្រហារ ដើម្បីយកសេរីរាង្គរបស់វាទៅលក់ដូរលើទីផ្សារ គឺសុទ្ធសឹងតែជាដំរីញីទាំងអស់ ក្នុងនោះក៏មានកូនតូចមួយក្បាលផង ។ រហូតមកដល់ពេលនេះការសម្លាប់ដំរី៣ក្បាលនោះនៅតែមិនអាចរកឃើញក្រុមជនល្មើសណាមួយនៅឡើយទេ ។ ការបរបាញ់សត្វព្រៃនៅខេត្តមណ្ឌលគិរីដែលកើតមានជារឿយៗនេះ គប្បីមានវិធានការប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះក្នុងការទប់ស្កាត់ ឬចាប់ខ្លួនក្រុមជនល្មើសដើម្បីផ្ដន្ទាទោស ។ គេនៅចាំថា កន្លងមកសត្វខ្ទីងមួយក្បាលក៏ត្រូវបានគេបាញ់សម្លាប់ក្នុងដែនអភិរក្សរបស់អង្គការWCSឬអភិរក្សជីវចម្រុះសីមា នៅមិនទាន់វែកមុខជនល្មើសឃើញនៅឡើយដែរ ។ ហើយកាលពីប៉ុន្មានខែមុនសត្វខ្ទីងដ៏ធំមួយក្បាលក៏ត្រូវបានគេបាញ់សម្លាប់បន្តទៀតនៅតំបន់ព្រៃការពារសត្វព្រៃភ្នំព្រេចនេះដែរ រួមទាំងករណីសត្វដំរីបីក្បាល ។
ការបរបាញ់សត្វព្រៃដ៏កម្រនៅមណ្ឌលគិរីកំពុងបង្កហានិភ័យខ្ពស់ជារៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ