ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពិធីមង្គលការមួយដែលបានរៀបចំផ្សំផ្គុំឱ្យមានគ្រួសារ កាលពីព្រឹកថ្ងៃទី5 ខែមេសា ឆ្នាំ2020 នៅក្នុងភូមិឬស្សីជួរ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពតនោះ ត្រូវបានក្រុមគ្រូពេទ្យចុះមកចែកម៉ាស់ និងទឺកអាកុលលាងដៃអ្នកចូលរួម អ្នកលេងភ្លេង ព្រមទាំងសាច់ញាតិកូនក្រមុំ និងកូនកំលោះផងដែរ។
សេចក្តីរាយការណ៍បន្តថា ពិធីមង្គលការមួយនេះ គេឃើញមានអ្នកចូលរួមតិចតួចបំផុតនៅពេលដែលហែជំនួនចូលក្នុងមហារោងជ័យ។ ប៉ុន្តែបន្ទាប់ពីហែជំនួនរួចហើយ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្ដេចគង់ខាងត្បូង រួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ-មន្ត្រីនគរបាល បាននាំគ្នាចូលមកដល់រោងការ ក្នុងនោះមានការចូលរួមពីលោកស្រី ជា វ៉ាន់ឌឿន ប្រធានមណ្ឌលសុខភាព បានចុះពង្រឹង និងរបៀបលាងសម្អាតដៃដល់ភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការ និងក្រុមសាច់ញាតិសន្ដានខាងប្រុស និងខាងស្រីប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ខណៈពេលនោះ កូនកំលោះ និងកូនក្រមុំ មិនបានចុះជួបជាមួយគ្រូពេទ្យនោះទេ ដោយសារតែកូនកម្លោះនៅភូមិស្នំគូ ឃុំអង្គសុភី ស្រុកកំពង់ត្រាច បានពិនិត្យសុខភាពរួចហើយ ដោយខ្លាចកើតជំងឺកូវីដ១៩ ។ ប៉ុន្តែដោយសាតែមិនសូវមានអ្នកចូលរួមច្រើន ទើបក្រុមគ្រូពេទ្យបានចែកម៉ាស់ដល់ក្រុមភ្លេងប្រពៃណី និងណែនាំឱ្យលាងដៃដោយទឹកអាកុល ដើម្បីការពារមេរោគកូវីដ19។
បើតាមលោក រ័ត្ន សារឿន អាយុ58ឆ្នាំ ត្រូវជាឪពុកកូនក្រមុំ បាននិយាយប្រាប់ឱ្យដឹងថា ការកូនស្រីរបស់គាត់ថ្ងៃនេះ បានហៅភ្ញៀវឱ្យចូលរួមក្នុងមង្គលការបានតែចំនួន40តុទេ ស្មើនឹងមនុស្ស400 នាក់ ប៉ុន្តែចំនួន40តុនេះ នៅសល់មនុស្សច្រើនទៀត។
ឪពុកកូនក្រមុំនិយាយត្អូញត្អែរថា មិនមានភ្ញៀវមកចូលរួមពិសាភោជនីយអាហារនៅពេលល្ងាចនេះទេ។ លោកព្រួយបារម្ភជាខ្លាំង ព្រោះភ្ញៀវគេមិនហ៊ានចូលរួម ព្រោះតែខ្លាចឆ្លងជំងឺកូវីដ១៩ នេះ។
ទោះជាបែបណា រោងការផ្សេងៗឯទៀត ខ្លះបានលើកពេល និងខ្លួនទៀតក៏រំសាយ តែបើនៅបន្តធ្វើពិធីមង្គលការ អាចនឹងខាតបង់ ដោយសារតែភ្ញៀវមិនចូលរួម៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ