ខេត្តកំពង់ឆ្នាំង ៖ ផ្ទះលក់ចាប់ហួយធ្វើអំពីឈើប្រក់ស័ង្កសីមួយខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចអស់ទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះដុតធូបទុកចោលនៅកន្លែងកុងម៉ា រួចចេញទៅសែនឆេងម៉េងអស់ បង្កជាអគ្គិភ័យឆាបឆេះផ្ទះទាំងមូលតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ផ្ទះកើតហេតុខាងលើជាកម្មសិទ្ធិរបស់ឈ្មោះ ជា ចរិយា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកទឹកផុសបានបន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើបានដុតធូបលើរានកុងម៉ា រួចក៏បាននាំគ្នាធ្វើដំណើរទៅសែនឆេងម៉េងបាត់ទៅ ដោយទុកផ្ទះចោល ក្រោយមកភ្លើងធូបក៏បង្កជាអគ្គីភ័យឆាបឆេះចេញពីកន្លែងរានកុងម៉ារួចឆេះរាលដាលអស់ផ្ទះទាំងស្រុងតែម្ដង ។

លោកអធិការនគរបាលស្រុកទឹកផុសបានបញ្ជាក់ថា ផ្ទះកើតហេតុខាងលើមានលក់គ្រឿងទេស និងបញ្ចូលហ្គាសផងដែរ ដែលជាការលំបាកក្នុងការចូលទៅពន្លត់អគ្គីភ័យ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យឆាបឆេះអស់ផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីនបាំងជញ្ជាំងស័ង្កសី ជាផ្ទះប្រភេទតៀមមានទំហំ៨ម៉ែត្រគុណនឹង១៨ម៉ែត្រ រួមនឹងសម្ភារៈក្នុងផ្ទះគឺត្រូវភ្លើងឆេះខ្ទេចអស់ទាំងស្រុងតែម្តង ។

កិច្ចប្រតិបត្តិការចុះជួយអន្តរាគមន៍ខាងលើនេះ សមត្ថកិច្ចបានប្រើកម្លាំងចេញអន្តរាគមន៍ចំនួន២២នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ជាចុងក្រោយថា ករណីអគ្គីភ័យខាងលើនេះគឺបណ្ដាលមកពីម្ចាស់ផ្ទះដុតធូបទុកចោល ដោយមិនបានពន្លត់ឲ្យបានត្រឹមត្រូវ មុនពេលចាកចេញពីផ្ទះ ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ