ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ១៩ មិត្តហ្វូន បានបង្កើតនូវមូលនិធិសប្បុរសធម៌ដែលមានឈ្មោះថា «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩» ។
កម្មវិធីនេះ គឺមិនគិតកម្រៃទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចបរិច្ចាគដោយភាពងាយស្រួលដើម្បីចូលរួមជាមូយយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ ។ មូលនិធិនេះត្រូវបានរំពឹងទុកថា នឹងអាចទទួលបានការចូលរួមពីមនុស្សរាប់លាននាក់ ហើយថវិការយពាន់ដុល្លារនឹងត្រូវប្រគល់ជូនអាជ្ញាធរនៅចុងបញ្ចប់នៃកម្មវិធី ។
ដើម្បីចូលរួមកម្មវិធីនេះ ហើយចាប់ផ្តើមបរិច្ចាគ អតិថិជនទាំងអស់គ្រាន់តែដំឡើងនឹងចុះឈ្មោះក្នុងកម្មវិធី ម៉ូចា (Mocha) រឺកម្មវិធី អ៊ី-ម៉ាន់នី (eMoney) នៅលើ Google Play និង Apple Store តែប៉ុណ្ណោះ ។ គ្រប់គណនីដែលបានចុះឈ្មោះ និងដំណើរការប្រើប្រាស់នឹងត្រូវបានបរិច្ចាគ ១០០០រៀលទៅកាន់មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយស្វ័យប្រវត្តិ ហើយកម្មវិធីចាប់ផ្តើមពីថ្ងៃនេះ រហូតដល់បំណាច់ខែឧសភា ។ ថវិកាដែលទទួលបានពីមូលនិធីទាំងអស់ នឹងត្រូវប្រគល់ជូនអាជ្ញាធរដើម្បីជួយសម្រួលដល់អ្នកជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យជួរមុខ និងតម្រូវការរបស់ប្រជាជនផងដែរ ។ គ្មានការគិតថ្លៃសេវាអ្វីទាំងអស់នៅក្នងកំឡុងពេលអនុវត្តន៍នៃកម្មវិធីនេះ ។ សកម្មភាពនេះគូសបញ្ជាក់ថា មិត្តហ្វូន គឺតែងតែប្រកាន់ភ្ជាប់ជាមូយនឹងទស្សនវិស័យរបស់ខ្លួន «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ជាមួយនឹងបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន ស្តីអំពីកម្មវិធីនេះបានមានប្រសាសន៏ថា៖ «ហេតុផលដែលជ្រើសរើសយកកម្មវិធី Mocha និង eMoney ដើម្បីប្រមូលមូលនិធិនេះ ព្រោះ មិត្តហ្វូន គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ហើយលើកទឹកចិត្តអោយអតិថិជនទាំងអស់ស្នាក់នៅផ្ទះ រក្សាគម្លាតពីសង្គម ប៉ុន្តែនៅតែអាចរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗតាមអនឡាញ ទិញទំនិញ និងរបស់របរចាំបាច់មួយចំនួនទៀតបានផងដែរ» ។
Mocha ជាកម្មវិធីកម្សាន្តបែបពិភពលោកតាមអនឡាញ ទទួលបានព័ត៌មានទាន់ហេតុការណ៍ មើលខ្សែភាពយន្តរក្សាសិទិ្ធ និងប្លក់ដោយមិនមានការផ្សព្វផ្សាយពាណិជ្ជកម្មរំខាននោះទេ ក្រៅពីនោះអតិថិជនទាំងអស់អាចស្តាប់ចម្រៀង និងជជែកកម្សាន្តជាមូយគ្នាដោយសេរីបានទៀតផង ។ ចំណែកកម្មវិធី eMoney វិញជាកម្មវិធីកាបូបលុយឌីជីថល ដែលអាចបញ្ចូលលុយតាមរយៈទូរស័ព្ទដៃ ទូទាត់វិក័យប័ត្រ និងវេរប្រាក់នៅផ្ទះដោយឥតគិតថ្លៃផងដែរ ។លោកបានបន្ថែមទៀតថា៖ «លើសពីនេះទៀត កម្មវិធីនេះមិត្តហ្វូនបានបញ្ចូលព័ត៌មានថ្មីៗស្តីអំពីជំងឺកូវីដ១៩ ដែលមានទាំងការណែនាំពីក្រសួងសុខាភិបាល នឹងអាជ្ញាធរពាក់ព័ន្ធ ។ អតិថិជនទាំងអស់ អាចតាមដានព័ត៌មានថ្មីៗពីស្ថានភាពនៃជំងឺរាតត្បាតនេះ ស្វែងរកវីដេអូណែនាំដើម្បីការពារខ្លួន និងព័ត៌មានថ្មីៗចុងក្រោយពីអាជ្ញាធរថែមទៀតផង» ។
ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ មក មិត្តហ្វូន បានចូលរួមចំណែកយ៉ាងក្លៀវក្លាជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស គឺវិស័យអប់រំ និងអនុវត្តន៍នូវយុទ្ធសាស្ត្រមួយចំនួនរួមមាន ឧបត្ថម្ភការសិក្សាតាមអនឡាញ ដំណោះស្រាយកិច្ចប្រជុំតាមសន្និសិទវីដេអូ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឥតគិតថ្លែ និងផ្តល់ជូនបន្ថែមនូវសេវាផ្សេងៗទៀតជាច្រើនផងដែរ ។
ក្រៅពីនេះ មិត្តហ្វូន ក៏បានសហការជាមួយក្រសួងសុខាភិបាល រីករាយផ្តល់នូវការគាំទ្រផ្នែកថែទាំសុខភាពតាមរយៈសារជូនដំណឹង (SMS) ពីជំងឺកូវីដ១៩ ទៅអតិថិជនទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធឈ្មោះ SMS Brand Name system និងផ្តល់ជូនកញ្ចប់ពិសេសដោយឥតគិតថ្លៃលើសេវាទូរស័ព្ទសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ ហើយ មិត្តហ្វូន បានចូលរួមចំណែកផ្សព្វផ្សាយ ណែនាំសារអប់រំរបស់ក្រសួងសុខាភិបាលពីជំងឺនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន គេហទំព័រមិត្តហ្វូន និងក្នុងកម្មវិធីផ្សេងៗរបស់ខ្លួនផងដែរ ។
មិត្តហ្វូន ប្តេជ្ញាបន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានព័ត៌មានផ្សេងៗ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ