ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង ក្រសួង​សាធារណការប្រកាស​ស្តី​ពី​ការ​ត្រួតពិនិត្យ​បច្ចេកទេស ​រថយន្ត​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​វិធានការ​កែ​លម្អ​រថយន្ត​ដឹក​ជញ្ជូន

1 ថ្ងៃ មុន

ខេត្តស្វាយ​រៀង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង ឯកឧត្តម ប៉េង…

ខេត្តស្វាយ​រៀង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អញ្ជើញ​ជា សហ​អធិបតី​ក្នុង​ពិធី “​ប្រកាស​ស្តី​ពី​ការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹក​ជញ្ជូន​កម្មករនិយោជិត និង​វិធានការ​កែ​លម្អ​រថយន្ត​ដឹក​ជញ្ជូន​” នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បា​វិត ខេត្តស្វាយរៀង ​។

ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ ក្រសួង​សាធារណការ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរ​មូលដ្ឋាន​ខេត្ត មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អង្គការ​ដៃគូ តំណាង​សមាគម​និយោជក និង​តំណាង​សហជីព សមាសភាព​ចូលរួម​សរុប​ជាង ៧០០​នាក់ ​។

ថ្លែង​នា​ឱកាស​នោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា គោលបំណង​នៃ​ការ​ជួបជុំ​ ជា​ពេលវេលា​ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពី​រថយន្ត​ប្រភេទ​ដឹក​ទំនិញ ទៅ​ជា​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​កែ​លម្អ​ឱ្យ​មាន​កៅអីអង្គុយ​សមរម្យ សម្រាប់​ដឹក​ជញ្ជូន​កម្មករនិយោជិត ហើយ​ដើម្បី​លើកកម្ពស់​ផាសុកភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ដល់​កម្មករនិយោជិត ​។ ការ​អនុវត្ត​នេះ​គឺ​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បាន​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សិក្សា​លទ្ធភាព​ក្នុង​ការ​កែសម្រួល​បច្ចេកទេស​កែ​លម្អ​រថយន្ត​ សម្រាប់​ការ​ដឹក​ជញ្ជូន​កម្មករនិយោជិត​ឱ្យ​បាន​ល្អ​ប្រសើរ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​នេះ ក្នុង​គោលបំណង​លើកកម្ពស់​ការ​កែ​លម្អ​រថយន្ត​ ដឹក​កម្មករ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​កកស្ទះ​នៅ​តាម​ដងផ្លូវ និង​កាត់​បន្ថយថ្លៃ​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត ដើម្បី​ទទួល​បាន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់តែ​ មាន​ផាសុកភាព និង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ ។

ជាទី​បញ្ចប់​ឯកឧត្តម ហេង សួរ ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ជូន​អង្គពិធី ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​គិតគូ​លើ​កត្តា ៣​យ៉ាង គឺ​កត្តា​យានយន្ត កត្តា​អ្នកបើកបរ និង​ការ​គោរព​ច្បាប់ ដែល​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​បំផុត ដែល​ត្រូវ​គិត​ពី សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន កម្មករនិយោជិត ​៕ អត្ថបទសហការ