ខេត្តស្វាយរៀង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ។

ថ្នាក់ដឹកនាំក្រសួង និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៤០០នាក់ បានចូលរួមក្នុងពិធីនេះ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឱ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹងក្នុងករណីទទួលរងនូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។

ជាមួយនឹងការថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុងយុទ្ធនាការ យ៉ាងសកម្មចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នៅតែអំពាវនាវឱ្យបន្តអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានទាំងគោលដៅសង្គម និងគោលដៅសេដ្ឋកិច្ច ។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជាខួបលើកទី៣៤ ហើយយុទ្ធនាការ ១៦ថ្ងៃ ដែលបានដំណើរការបញ្ចប់ប្រកបដោយជោគជ័យ ហើយក្នុងនោះចំណែកដ៏សំខាន់នៃការសម្រេចបាននេះអាស្រ័យដោយការចូលរួមគាំទ្រយ៉ាងសកម្មពីដៃគូនានាដូចជា៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍, តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), សហជីព, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សហភាពសហជីព, ក្រុមហ៊ុន VF (Cambodia) Sourcing Co., Ltd., អង្គការ Oxfam, អង្គការ Care Cambodia, អង្គការ GIZ, និងដៃគូពាក់ព័ន្ធ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ