ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គិភ័យឆាបឆេះភ្នំកន្ទួត បង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធ ហត្ថប្រមាណ២០នាក់ប្រដាប់ដោយធុងបាញ់ទឹកបាននាំគ្នាឡើងភ្នំបាញ់ទឹកពន្លត់ភ្លើងកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភ្នំកន្ទួតឈមភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

កម្លាំងកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ៖ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយទទួលបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ហើយកម្លាំងប្រមាណជិត២០នាក់រួមមានធុងបាញ់ទឹកបានចុះអន្តរាគមន៍ពន្លត់ ដោយខ្លះបាញ់ទឹកពន្លត់ និងខ្លះទៀតយកមែកឈើវាយពន្លត់ភ្លើង។

តាមប្រភពដដែលបានបញ្ជាក់ថា ក្នុងការចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃលើភ្នំ គឺពន្លត់ប្រើរយៈពេលជិត២ម៉ោងទើបរលត់ ដោយជួបការលំបាក ព្រោះព្រៃលើភ្នំមានបន្លាព្រៃល្បោះ។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលឆេះលើភ្នំកន្ទួតខាងលើ គឺមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែគេសន្និដ្ឋានថា អាចបណ្តាលមកពីអ្នកដុតយកឃ្មុំ ទើបបណ្តាលឱ្យភ្លើងរាលឆេះព្រៃតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ