ខេត្តកំពង់ឆ្នាំង ៖ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរុសកូវីដ១៩ ស្រាប់តែមានបុរស២នាក់ឆ្លៀតឱកាសដើរលក់ផលិតផលថាជាឱសថការពារមេរោគកូវីដ១៩ទៅវិញ ហើយករណីនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។
លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ អ៊ាន ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃភ្លង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ សួង សាវិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ។
តាមប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើបានយកផលិតផលរបស់ខ្លួនដើរលក់ឲ្យប្រជាពលរដ្ឋ ដោយនិយាយបោកប្រាស់ប្រជាពលរដ្ឋថា «ផលិតផលរបស់ខ្លួនអាចការពារជំងឺកូវីដ១៩បាន មើលតែរូបគេចុះគេ ដើរលក់ផលិតផលដោយមិនបាច់ពាក់ម៉ាស់ ឬប្រើអាល់កុល លាងដៃអ្វីនោះទេ បើបងប្អូនត្រូវការទិញក្នុងមួយឈុតតម្លៃ៥០០ដុល្លារ ការពារមួយគ្រួសារបាន»។
ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចនគរបាលស្រុកទឹកផុសក៏បានឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលខេត្ត ក៏ដូចជាក្រុមអ្នកសារព័ត៌មាន ជនសង្ស័យទាំង២នាក់នៅតែរក្សា ចម្លើយរបស់ខ្លួនថាឱសថរបស់ខ្លួនពិតជាអាចការពារមេរោគកូវីដ១៩ បានពិតមែន ។ ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ