ខេត្តកណ្ដាល ៖ បើតាមលោកស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ឱ្យដឹងថា ជនដៃដល់ដែលកាប់ប្ដីប្រពន្ធជាជនជាតិវៀតណាម បណ្តាលឱ្យរងរបួសធ្ងន់នោះ ពេលនេះចាប់បានហើយ ជនដៃដល់គឺជាជនជាតិចិន ក្រោយពេលដែលសមត្ថកិច្ចឆែកឆេរតាមកាមេរ៉ាសុវត្ថិភាព ហើយបានឃើញពីភិនភាគរបស់ជនសង្ស័យ។ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០២ ស្ថិតនៅបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា ជនដៃដល់ខាងលើឈ្មោះ លី លាំងហាវ (LI LIANGHAO) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ (រងរបួសធ្ងន់) និង២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរគុយទាវ (រងរបួសធ្ងន់) បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ ។
សេចក្តីរាយការណ៍បន្តថា កាលពីម៉ោងប្រមាណ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែក្នុងរោងកន្លែងលក់ដូរ តែពុំបានបិទទ្វារត្រឹមត្រូវទេ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពកាប់លើជនរងគ្រោះទាំង២ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ ។ ខណៈពេលនោះជនរងគ្រោះបានប្រវាយប្រតប់ជាមួយជនសង្ស័យ ចំណែកស្ត្រីជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយអន្តរាគមន៍ផងដែរ ។ តែជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយ ។ បន្ទាប់មកដោយជនរងគ្រោះត្រូវរបួសធ្ងន់ធ្ងពេក ទើបអ្នកជិតខាងនាំយកទៅសង្គ្រោះព្យាបា នៅប្រទេសវៀតណាម និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗផងដែរ ។
ក្រោយពេលទទួលបានព័ត៌មាននោះ កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកកោះធំ បានចុះធ្វើការស្រាវជាបន្ទាន់ ដោយត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរនោះ ក៏ឃើញថា នៅចន្លោះពេលម៉ោងកើតហេតុ គឺមានមនុស្សប្រុសម្នាក់បានដើរចេញពីមុខផ្ទះជួ លខ្លួន រួចឆ្ពោះទៅផ្ទះជនរងគ្រោះ ។ លុះដល់រសៀលថ្ងៃទី៣០ ខែមីនា សមត្ថកិច្ចក៏បានប្រទះឃើញបុរសជាជនសង្ស័យដែលមានរូបរាងដូចក្នុងកាមេរ៉ាសុវត្ថិភាពដើរទៅបន្ទប់ជួលលេខ១ រួចក៏បើកទ្វារចូលសំងំដេកតែម្នាក់ឯង ។
ប្រភពដដែលបន្តថា ពេលនោះសមត្ថកិច្ចជំនាញបានចូលទៅត្រួតពិនិត្យ និងឆែកឆេរនៅក្នុងបន្ទប់ក៏បានប្រទះឃើញវត្ថុតាងដូចជា កាំបិត១, អាវយឺតដៃវែងពណ៌ឈាមជ្រូក, ធុងជ័រពណ៌ក្រហម ដែលមានទឹកត្រាំខោអាវប្រឡាក់ឈាម ១, លិខិតឆ្លងដែន១, អត្តសញ្ញាណប័ណ្ណជនជាតិចិន ១សន្លឹក, រួមទាំងវ៉ាលីដាក់ខោអាវពណ៌ខ្មៅ១ផងដែរ ។ ដូច្នោះសមត្ថកិច្ចក៏បានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកកាំបិតធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាជនជាតិវៀតណាមនោះពិតប្រាកដមែន ដោយសារតែខ្លួនមានគំនុំជាមួយជនរងគ្រោះ បានជេរប្រមាថមកលើរូបគេ រាល់ថ្ងៃ ខណៈដែលខឹងរឿងរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះ ។
យោងតាមការស្រាវជ្រាវជាក់ស្តែង និងស្តាប់តាមចម្លើយសារភាពគ្រប់ជ្រុងជ្រោយរបស់ជនសង្ស័យរួចហើយ ទើបធ្វើឲ្យសមត្ថកិច្ចសន្និដ្ឋានជាបទល្មើស «ប៉ុនប៉ងឃាតកម្ម ដោយគំនុំ» និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ បុប្ផា)