តើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ទើប​តែងតាំង​ថ្មី ជា​នរណា?


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋសភា​បោះ​ឆ្នោត ផ្តល់​សេចក្តី​ទុកចិត្ត​រួម​មក ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​ដំណែង កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០២០ ។

ពិធី​សច្ចាប្រណិធាន​ចូល​កាន់​តំណែង ចំពោះ​ព្រះ​បរម​ឆាយា​លក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះ​ភ័ក្ត្រ​នៃ​សម្តេចព្រះ​មហា​ស​ង្ឈ​រាជ​ទាំង​ពីរ​គណៈ និង​ទេវតា​ថែរក្សា​ព្រះ​មហា​សេ្វ​ត​ច្ឆ​ត្រ នៃ​ឥស្សរ​ជនជាតិ​ក្រោយ​ទទួល​បាន​ព្រះរាជក្រឹត្យ តែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​វេលា​រសៀល​ថ្ងៃ​ដដែល នា​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ ព្រះ​បរមរាជវាំង ។

សូម​ជម្រាប​ថា សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ដែល​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​រូ​ម​មាន ៖
១-​លោក ចម ប្រសិទ្ធ ជា​ទេស​រដ្ឋមន្ត្រី
២-​លោក ហ៊ឹ​ម ឆែម ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស
៣-​លោក អង្គ វ​ឌ្ឍា​នា ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​កម្ម​ពិសេស
៤-​លោក ត្រាំ​ង អ៊ី​វ​តឹក ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស
និង​៥-​លោក ពេជ្រ ប៊ុ​ន​ធិ​ន ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​ពិសេស ។

កែសម្រួល និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី ៖
១-​លោក​ចម ប្រសិទ្ធ ជា​ទេស​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍
២-​លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
៣-​លោក ជា វ៉ា​ន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ​មនា​គម​ន៍
៤-​ឈិ​ត សុ​ខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មតា និង​សាសនា
និង​៥-​លោក​ព្រំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ ។

តើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី ជា​នរណា ? មក​ដឹង​ពី​អតីត​និស្សិត​ឆ្នើម​អាហារ​រូបករណ៍​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​ជាង​១០​ឆ្នាំ ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វ័យក្មេង​ម្នាក់​នៅ​កម្ពុជា ។

កោះសន្តិភាព​សូម​លើកយក​ប្រវត្តិ​ត្រួស​ៗ​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វ័យក្មេង ដែល​ទើប​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០២០​នេះ តាម​ការ​ស្នើ​សុំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លោក កើត រិ​ទ្ធ អាយុ​៤១​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​១៩៧៩ និង​មាន​ទី​កំណើត នៅ​ភូមិ​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម លោក​គឺជា​និស្សិត​ដែល​តស៊ូ​ព្យាយាម​សិក្សា ទោះបីជា​ជីវភាព​គ្រួសារ​មិនសូវ​ធូរធារ​ក្តី គាត់​នៅ​តែ​ខិតខំ​ជួយ​របរ​គ្រួសារ​ផង និង​ខំរៀន​ផង រហូត​ទទួល​បាន​អាហារ​រូបករណ៍​សិក្សា​ផ្នែក​ច្បាប់ នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៩៩ ។

នៅ​ឆ្នាំ​២០០០ លោក​ទទួល​បាន​បរិញ្ញាបត្រ​នីតិ​ឯកជន ពី​សាកលវិទ្យាល័យ​លី​យ៉ុ​ង​២ ប្រទេស​បារាំង​(​និស្សិត​អាហារ​រូបករណ៍​) ចំណែក​ឆ្នាំ​២០០១ លោក​ទទួល​បាន​សញ្ញាបត្រ Maîtrise ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​លី​យ៉ុ​ង​២ (​ជាមួយ​និទ្ទេស​ល្អ​ណាស់​) ។ ឆ្នាំ​២០០២ ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទឧក្រិដ្ឋ នៅ​សាកលវិទ្យាល័យ​លី​យ៉ុ​ង​៣ ប្រទេស​បារាំង​ផង​ដែរ ។

បន្ទាប់​ពី​ទទួល​សញ្ញាបត្រ​រួច​ហើយ​លោក​បាន​សម្រេចចិត្ត​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​ជាដំបូង​លោក​បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច ទាំង​ថ្នាក់​ភាសា​បារាំង និង​ភាសា​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០០២ រហូត ដល់​ឆ្នាំ​២០១៦ ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​និស្សិត​ខ្មែរ និង​មន្ត្រីរាជការ​កម្ពុជា ។

លោក កើត រិ​ទ្ធ ជា​ស្ថាបនិក​ក្នុង​ការ​បង្កើត​នូវ​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មួយ​រូប​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ផង​ដែរ​នៃ​ក្រសួងយុត្តិធម៌ ។ នៅ​ក្នុង​កំឡុង​ពេល​នោះ​ផង​ដែរ លោក កើត រិ​ទ្ធ ក៏​ជា​បុគ្គល​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​នឹង​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទៅ​ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​អនុវត្ត​ច្បាប់ តាម​បណ្តា​ខេត្ត​ផង​ដែរ ។

លោក​ជា​សហ​និពន្ធ​សៀវភៅ សេចក្តី​ផ្តើម​នៃ​ច្បាប់​កម្ពុជា បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០០៣ និង​២០០៥ ។ សហ​និពន្ធ​សៀវភៅ កំណត់​ពន្យល់​លើ​សេចក្តី ព្រាង​ក្រមព្រហ្មទណ្ឌ​ទាក់ទង​លើ​វិភាគទាន​លើ​ការ​សិក្សា​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ព​ឆ្នាំ​២០០៥ និពន្ធ​អត្ថបទ​ស្តី​ពី​ធាតុ​ផ្សំ​នៃ​បទល្មើស​រំលោភ និង​និង​កា​រវិ​វត្ត​របស់​វា​នៅ​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ព​ឆ្នាំ​២០០៦ ក្នុង​ព្រឹ​ត្តប​ត្រ​នៃ​សាកល​វិទ្យា ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច ។ សហ​និពន្ធ​សៀវភៅ នីតិ​កម្ពុជា បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១៦ ។

បទ​ពិសោធន៍​ការងារ ចាប់តាំងពី​ឆ្នាំ ២០០២ រហូត​ដល់​ឆ្នាំ​២០១៦ ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តី​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​ទាំង​ថ្នាក់​ភាសា​បារាំង និង​ភាសា​ខ្មែរ​) នៅ​ក្នុង​កំឡុង​ពេល​នោះ​លោក​កើត រិ​ទ្ធ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​នឹង​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទៅ​ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​អនុវត្ត​ច្បាប់ តាម​បណ្តា​ខេត្ត ។

នៅ​ឆ្នាំ​២០០៣-២០០៥ មន្ត្រីរាជការ​ស៊ី វិល​ក្រសួង​អប់រំ​យុវជន និង​កីឡា ។​
ឆ្នាំ​២០០៥-២០១២​មន្ត្រីរាជការ​ស៉ី​វិល​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ ។
​ឆ្នាំ​២០០៧-២០១៣ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ។​
ឆ្នាំ​២០០៨ ដល់​បច្ចុបន្ន ជា​សមាជិក​គណ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា ។
​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន ជា​សមាជិក ឧត្តម ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ។
ឆ្នាំ​២០១៤ ដល់​បច្ចុប្បន្ន ជា​សមាជិក​គណៈកម្មាធិការ​កំណែ ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​ឆ្នាំ​២០១៣ ដល់ ២០១៨ ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ឆ្នាំ​២០១៨ ដល់ ២០២០ ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងយុត្តិធម៌ នៅ​ឆ្នាំ​ថ្ងៃ ទៅ​៣០ មីនា ២០២០ ជា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ