ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ៗ៩​នាក់​ត្រូវ​ពឹង​លើ​ស្ត្រី​២​នាក់​បង​ប្អូន​ដុត​នំ​កា​ឡាន​លក់​ចិញ្ចឹមជីវិត​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើសិនជា​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងជើង ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ជិត​ដល់​បន្ទាយ​យោធា ហើយ​បើ​គេ​ក្រឡេក​មើលទៅ​ខាងស្តាំ​ដៃ នឹង​ឃើញ​កូន​រោង​តូច​មួយ ដែល​មាន​ស្ត្រី​២​នាក់​បងប្អូន​ប្រកប​មុខរបរ​ប្រចាំ​ត្រកូល គឺ​ដុត​នំ​កា​ឡាន​លក់​ក្បែរ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ បើសិនជា​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងជើង ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ជិត​ដល់​បន្ទាយ​យោធា ហើយ​បើ​គេ​ក្រឡេក​មើលទៅ​ខាងស្តាំ​ដៃ នឹង​ឃើញ​កូន​រោង​តូច​មួយ ដែល​មាន​ស្ត្រី​២​នាក់​បងប្អូន​ប្រកប​មុខរបរ​ប្រចាំ​ត្រកូល គឺ​ដុត​នំ​កា​ឡាន​លក់​ក្បែរ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ និង​ក្មួយ​តូច​ៗ​ចំនួន​៩​នាក់ ។

មុខរបរ​នេះ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ខណ​:​ជំងឺ​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឡើង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរ​តាម​ដងផ្លូវ ហាក់ដូចជា​មានការ​ថយ​ចុះ​ជាង​មុន ទើប​ការ​លក់ដូរ​របស់​ពួក​គាត់​រយ​:​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ជួនកាល​ដាច់​អស់ តែ​ជួនកាល​ក៏​នៅ​សល់​ខ្លះ​ៗ​ដែរ ។

ទោះបីជា​យ៉ាងណា ក៏​មិន​ខូច​ឡើយ ព្រោះ​នំ​នេះ​អាច​រក្សា​ទុក​បាន​យូរ ដោយ​គ្រាន់តែ​ដុត​ភ្លើង​កំ​ដៅ​ប៉ុណ្ណោះ ហើយ​ជា​រៀងរាល់ថ្ងៃ ពួក​គាត់​នៅ​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។
ជាក់ស្តែង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០​នេះ មាន​ពីរ​នាក់ ស្ត្រី​ម្នាក់​ឈ្មោះ អ៊ុ​ក ឈឿ​ម អាយុ​៣០​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ក សុភា ហៅ​ម៉ៅ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​ប្រកប​របរ​ដុត​នំ​កា​ឡាន​នេះ​លក់ ដោយ​ពួក​គាត់​ត្រូវ​ទិញ​អង្ករដំណើប ស្ករស ខ្ទិះដូង និង​ឱ្យ​ប្តី​ដើរ​កាប់​ដើម​ឫស្សី​ខ្ចី​ៗ​នៅ​តាម​ព្រៃ​ភ្នំ រួច​អារ​ជា​បំពង់​សម្រាប់​ច្រកអង្ករ និង​គ្រឿងផ្សំ​ទាំងនោះ​ធ្វើ​នំ​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​ស្ត្រី​ទាំង​ពីរ​នាក់​បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​បាន​ប្រកប​មុខរបរ​នេះ​ជា​យូរណាស់​មក​ហើយ ពោល​គឺ​លក់ដូរ​ត​ៗ​តាំងពី​ជីដូន​ជីតា រហូត​ដល់​ឪពុក​ម្តាយ និង​បន្ត​មក​ដល់​ពួក​គាត់ ហើយ​ប្រហែលជា​នឹង​បង្រៀន​ឱ្យ​កូនចៅ​ចេះ​ធ្វើ​នំ​នេះ​ដែរ ។

ពួក​គាត់​ក៏​រៀបរាប់​ពី​ការ​ផ្សំ​គ្រឿង​នំ​កា​ឡាន​នេះ​ឱ្យ​ដឹង​ដែរ​ថា ត្រូវ​ប្រើ​អង្ករដំណើប​ដែល​បាន​ត្រាំ​ទឹក​ទុក​រយ​:​ពេល​១​យប់ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ ទើប​ងើប​ស្រង់​យក​ទៅ​លាយ​ជាមួយ​ខ្ទិះដូង ដាក់​ស្ករស សណ្តែកខ្មៅ​ជាដើម រួច​ច្រកចូល​ក្នុង​បំពង់​ឫស្សី​ខ្ចី ដែល​បាន​កាត់​ជា​កង់​ៗ មាន​ប្រហោង​១​ចំហៀង​ទុក​សម្រាប់​ដាក់​ឆ្នុក រួច​ដាក់​ដុត​នឹង​រងើកភ្លើង​ជា​ជួរ​ក្នុង​រយ​:​ពេល​កន្លះ​ម៉ោង​ទៅ​១​ម៉ោង ទើប​ឆ្អិន​ល្អ រួច​ក៏​លើកយក​មក​សកសំបក​ឱ្យ​ស្តើង​ដាក់​លក់​ជូន​ភ្ញៀវ​ទិញ​យក​ទៅ​ទទួលទាន​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នំ​កា​ឡាន​របស់​ពួក​គាត់​ឆ្ងាញ់​ខុស​ពី​របស់​គេ​បន្តិច ហើយ​ក៏​មាន​តម្លៃ​ចាប់ពី​១០០០​រៀល រហូត​ដល់​៥០០០​រៀល តាម​តូច​ឬ​ធំ ដោយ​ពី​មុន​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​ចូល​ទិញ​ជា​ហូរហែ ជា​ពិសេស​ឯកឧត្តម អ៊ី ឈាន ឱ្យ​តែ​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ តែងតែ​ទិញ​យក​ទៅ​ផ្ញើ​កូនចៅ​ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ហាក់ដូចជា​ស្ងាត់​ម៉ូយ​បន្តិច ខណៈ​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ពួក​គាត់​អាច​លក់ដាច់​បាន​ថវិកា​ចាប់ពី​១០​ម៉ឺន​រៀល ទៅ​១៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ លុះ​ផាត់​ថ្លៃ​អង្ករ និង​គ្រឿងផ្សំ​ចុះឡើង​នៅ​សល់​តិចតួច ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ជា​ពិសេស​នោះ​គឺ​ចិញ្ចឹម​ក្មួយ​កំព្រា​ចំនួន​៥​នាក់ ដែល​ឪពុក​ម្តាយ​បាត់បង់​ជីវិត​ចោល និង​ក្មួយ​៤​នាក់ ត្រូវ​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើការ​រកស៊ី​នៅ​ស្រុក​ថៃ ក៏​យក​ទៅ​ផ្ញើ​នឹង​ពួក​គាត់​ឱ្យ​ជួយ​ចិញ្ចឹម សរុប​ទាំង​ចាស់ និង​ក្មេង ក្នុង​១​គ្រួសារ​របស់​ពួក​គាត់ គឺ​ជាង​១០​នាក់​ឯណោះ ។

ពួក​គាត់​បញ្ជាក់​ផង​ដែរ​ថា បំពង់​ឫស្សី​ខ្ចី គឺ​ប្តី​របស់​ពួក​គាត់​ដើរ​កាប់​នៅ​តាម​ព្រៃ​ភ្នំ​ខ្លួនឯង ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ៗ​ទៅ​ដល់​ផ្សារ​ឃែ​រ និង​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ហើយ​ពិតជា​ពិបាក​រក ព្រោះ​គេ​កាប់​ឆ្ការព្រៃ​ឫស្សី ធ្វើស្រែ​ចម្ការ​ជិត​អស់ និង​ត្រូវ​ភ្លើង​ឆេះ​ជាដើម ។

ក្រៅពី​លក់​នំ​កា​ឡាន ពួក​គាត់​ក៏​មាន​ដាក់​លក់​ច​ង្រឹ​ត​លីង​ផង​ដែរ ដោយ​១​កំប៉ុង​៣០០០​រៀល ដោយ​ទិញ​ពី​អ្នក​ភូមិ​រស់នៅ​ក្បែរ​ៗ​នោះ ។ ដូច្នេះ​គាត់​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩​ទាំងអស់ កុំ​ហួស​រំលង​ការ​លក់​នំ​កា​ឡាន​របស់​គាត់ សូម​ចត​ម៉ូតូ ឬ​រថយន្ត​ចូល​ទិញ​យក​ទៅ​ផ្ញើ​កូនចៅ ឬ​ក្រុម​គ្រួសារ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដ៏​ធំ​១​នេះ​ផង​ដែរ ៕ (​កែម​ស្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ