មិនបានបិទផ្សារទេ តែបាញ់ថ្នាំកម្ចាត់មេរោគក្នុងផ្សារដើម្បីទប់ស្កាត់កូវីដ-១៩
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ផ្សារទាំងអស់នៅក្នុងក្រុងសៀមរាប ជាពិសេស ផ្សារលើធំថ្មី ត្រូវបានក្រុមការងារសន្តិសុខផ្សារលើធំថ្មី ដែលដឹកនាំដោយលោក ហ៊ុប ថៃ ប្រធានភាស៊ីផ្សារលើ បានជូនដំណឹងដល់អាជីវករផ្សារលើធំថ្មីទាំងអស់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធ្វើការបាញ់ថ្នាំកម្ចាត់មេរោគនៅក្នុងផ្សារ ដោយមិនបានបិទផ្សារនោះទេ ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទើបរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវសេចក្តីជូនដំណឹងដល់ក្រុង-ស្រុកទាំង១២ និងឃុំទាំង១០០នៅទូទាំងខេត្ត ដើម្បីធ្វើការបាញ់ថ្នាំកម្ចាត់មេរោគនៅតាមកន្លែងធ្វើការ និងនៅតាមផ្សារនីមួយទូទាំងក្រុង-ស្រុកទាំង១២ផងដែរ។

បើតាមប្រសាសន៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្ត បានប្រាប់ឱ្យកាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះថា ចំពោះតាមទីផ្សារ លោកបានប្រជុំប្រធានគណៈកម្មាការផ្សារទាំងអស់នៅក្នុងទីរួមខេត្ត មិនថា ផ្សារទំនើប ឬ ផ្សារសាមញ្ញធម្មតាទេ គឺយើងបានធ្វើការណែនាំពួកគាត់ឱ្យជ្រើសរើសពេលវេលា ដើម្បីយកថ្ងៃណាមួយសម្រាប់ធ្វើការបាញ់ថ្នាំកម្ចាត់មេរោគ ហើយការបាញ់ថ្នាំកម្ចាត់មេរោគនោះ គឺឱ្យពួកគាត់ធ្វើដោយខ្លួនឯង ហើយធុងសម្រាប់បាញ់ថ្នាំកម្ចាត់មេរោគ គឺពួកគាត់អាចរកទិញដោយខ្លួនឯងបាន។

លោកអភិបាលរងខេត្តបានបន្តថា ប្រសិនបើពួកគាត់អត់មានលទ្ធភាពទិញទេ ពួកគាត់អាចខ្ចីពីមន្ទីរសុខាភិបាល ចំណែកថ្នាំ និងបច្ចេកទេសនៃការលាយថ្នាំ គឺខាងមន្ទីរសុខាភិបាលជាអ្នកផ្តល់ឱ្យ គឺយើងបានអនុវត្តគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្ត ។

លោកអភិបាលរងខេត្តបានបន្ថែមថា ចំពោះការបាញ់ថ្នាំកម្ចាត់មេរោគនោះ លោកបានណែនាំដល់ពួកគាត់ហើយ បើពួកគាត់ចង់បាញ់ក្នុង១ថ្ងៃម្តងក៏បាន រាល់ថ្ងៃក៏បាន អាស្រ័យទៅលើម្ចាស់ផ្សារទេ បើម្ចាស់ផ្សារបានធ្វើរាល់ថ្ងៃរឹតតែល្អ ។ ចំពោះការបាញ់ថ្នាំកម្ចាត់មេរោគនៅតាមផ្សារនីមួយៗនេះ គឺខាងអាជ្ញាធរជាអ្នកណែនាំ ហើយអាជ្ញាធរនឹងឱ្យលេខទូរស័ព្ទ របស់មន្ទីរសុខាភិបាល ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការទាក់ទង យកថ្នាំ និងបច្ចេកទេសលាយ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ចំពោះបញ្ហាពលករដែលបានត្រឡប់មកពីប្រទេសថៃវិញ អភិបាលក្រុង-ស្រុកទាំង១២កំពុងតែធ្វើការយ៉ាងមមាញឹកញាប់ដៃញាប់ជើងក្នុងការអប់រំសុខភាព ដើម្បីឱ្យពួកគាត់ចេះថែរក្សាសុខភាពរបស់ខ្លួនផងដែរ ដោយដាក់ឱ្យពួកគាត់នៅដាច់ដោយឡែកពីគ្នាចំនួន១៤ថ្ងៃ។

លោកអភិបាលរងខេត្តបានបន្តថា បើសិនបងប្អូនប្រជាពលរដ្ឋមានអាការៈណាមួយសង្ស័យទាក់ទងរោគសញ្ញាវីរុសកូវីដ-១៩ អាចទំនាក់ទំនងមកអាជ្ញាធរភូមិ-ឃុំ-សង្កាត់ និងជាពិសេសរួសរាន់មកមន្ទីរពេទ្យ ៕ (កែសម្រួលដោយ ៖ ធីតា)














ចែករំលែកព័តមាននេះ