ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីដ-១៩ ទើបពលករដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃ ប្រមាណជាង១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្របពេលច្រកទ្វារព្រំដែនអន្តរជាតិព្រំដែនខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀតជាប់ព្រំដែនថៃ ត្រូវបានបិទមិនឱ្យចេញចូលទៅមក ។ ខណៈពលករដែលធ្វើការនៅប្រទេសថៃបន្តឆ្លងព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន អាជ្ញាធរខេត្តក៏ដាក់គ្រូពេទ្យប្រចាំការដើម្បីត្រួតពិនិត្យសុខភាព និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

បើតាមការរៀបរាប់របស់ពលករដែលឆ្លងដែនមកស្រុកកំណើតបានឱ្យដឹងថា នៅក្នុងប្រទេសថៃ ពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៏ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ហើយជាក់ស្តែង នៅថ្ងៃនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានជួបពិភាក្សាជាមួយភាគីថៃដោយអនុញ្ញាតឱ្យពលករប្រមាណជាង១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ ។
 
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ពលករដែលឆ្លងដែនត្រឡប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់អោយនៅដាច់ដោយឡែកនោះទេ គ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យលំនៅដ្ឋានពិតប្រាកដ និងត្រូវត្រឡប់ទៅវិញងាយស្រួលក្នុងការការពារ និងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យវាស់កំដៅ និងពិនិត្យសុខភាពយ៉ាងតឹងរឹង ព្រមទាំងលាងសំអាតដៃ និងដងខ្លួនដោយសារធាតុសម្លាប់មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្តរួចហើយ ទើបអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។

យោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងថា  ពលករដែលឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង១២ថ្ងៃត្រង់ គឺមានចំនួនសរុប១០៣នាក់ ស្រី៥១នាក់ ហើយលទ្ធផលពិនិត្យសុខភាពបឋម គឺអវិជ្ជមានទាំងអស់ ៕ (កែសម្រួលដោយ ៖ ធីតា)





                        
			         
				
ចែករំលែកព័តមាននេះ