រាជធានីភ្នំពេញ ៖ សម្តេចតេជោមានប្រសាសន៍ថា ត្រូវទំលាក់ថ្លៃម៉ាស់មកវិញ ទាន់រាជរដ្ឋាភិបាលមិនទាន់ប្រើកណ្តាប់ដៃដែក ។ ហើយបើបិទលើកនេះ មិនឲ្យអ្នកឯករកស៊ីនាំយកម៉ាស់ចូលទេ គឺបិទមិនឲ្យរកស៊ីមួយជីវិតតែម្តង ដើម្បីឲ្យរៀងចាល ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏ស្នើឲ្យក្រសួងសុខាភិបាល និងប្រជាពលរដ្ឋពិនិត្យមើលឱសថស្ថាន និងកន្លែងណាដែលនៅតែបន្តលក់ម៉ាស់ថ្លៃ ដោយរឹបអូសយកទាំងអស់ ហើយបិទឱសថស្ថាននេះមួយជីវិតតែម្តង ដោយកុំរកស៊ីទៀត។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានព្រមានរឹបអូសយកម៉ាស់ទាំងអស់ពីក្នុងហាង បើសិនអ្នកលក់នៅតែបន្តលក់ឡើងថ្លៃទៀត ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ។ សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ម៉ាស់ពិបាកទិញហើយ ហើយខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីក្នុងហាងទាំងអស់ ខ្ញុំកំពុងសិក្សាផ្លូវច្បាប់ បើអ្នកឯកនៅតែបន្តលក់ម៉ាស់ឡើងថ្លៃទៀត ខ្ញុំនឹងរឹបអូសយកទាំងអស់ពីហាងតែម្តង ។ ខ្ញុំដាក់បញ្ជារឹបអូសយកទាំងអស់តែម្តង។ កុំរកស៊ីទៀត ឱ្យបិទឱសថស្ថាននឹងតែម្តង»។
សម្តេចថា៖ «និយាយគ្នាមិនស្តាប់យើងនឹងបិទមួយជីវិតតែម្តង។ ខ្ញុំកំពុងឲ្យពិនិត្យនូវ លទ្ធភាពប្រើប្រាស់មាត្រា២២នៃរដ្ឋធម្មនុញ្ញាស្នើព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុ្ំគ្មានប្រសិទ្ធភាព មាត្រា២២ដែលចែងថាក្នុងប្រ ទេសដែលមានមន្តរាយ ការជួបគ្រោះអាសន្ន ព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមាន អាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា នោះខ្ញុំក៏មានសិទ្ធិស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្នដែរ។ ប្រទេសដទៃគេបានធ្វើហើយ ហើយថៃក៏បានប្រកាសដែរ ប៉ុន្តែគេមានក្រឹត្យក្នុង ឆ្នាំ២០០៥ ដោយនាយករដ្ឋមន្ត្រីអាចប្រកាសបាន»។
សម្តេចតេជោ ក៏បានលើកឡើងថា កម្ពុជាមិនទាន់មានច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចគេនោះទេ ក្រៅពីរដ្ឋធម្មនុញ្ញ ដែលពេលនេះសម្តេចបានកំពុងឲ្យគេសិក្សា ហើយកម្ពុជាយើងត្រូវមានច្បាប់មួយ ដែលអាចប្រកាសប្រទេសក្នុងគ្រាមានអាសន្ន ដែលជាចំណុចមួយចន្លោះប្រយោង ព្រោះថាកម្ពុជាមិនអាចនឹកស្មានបាន។
សម្តេចក៏បានលើកឡើងថាបើសិនការដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ននោះ សិទ្ធិស៊ីវិលត្រូវបានបាត់ហើយ ជាក់ស្តែងនោះប្រទេសនានាបានអនុវត្តនូវវិធានការណ៍យកទា ហ៊ាន ប៉ូលីស ។ ប៉ុន្តែសម្តេចបានអះអាងមិនទាត់ចោលនូវវិធានតាមមាត្រា២២នៃច្បាប់ធម្មនុ ញ្ញនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានអះអាងពេលនេះសម្តេចបានកំពុងឲ្យអ្នកច្បាប់ធ្វើការសិក្សាផ្លូវច្បាប់ ក្នុងការដាក់ប្រទេសមានអាសន្ន ចៀងវាងការប្រើប្រាស់តាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា២២៕
ចែករំលែកព័តមាននេះ