រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកនាយឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹកនាំបញ្ជាកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនៃស្នងការស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏មានការចូលរួមពីកងរាជអាវុធហត្ថខេត្តកណ្តាលផងដែរ ក្នុងការបង្រ្កាបជំរិតទារប្រាក់ចំនួន៥០០០០ដុល្លារ(ប្រាំមុឺនដុល្លារ) កាលពីថ្ងៃទី១៦ កញ្ញា ២០១៤ ពីជនរងគ្រោះ ឈ្មោះ ចន នី អាយុ៤៥ឆ្នាំ ជនជាតិសាំងហ្កាពួរ ជាអគ្គនាយកក្រុមហ៊ុន HLH AGRICULTURE CAMBODIA Co.Ltd (ក្រុមហ៊ុនកសិកម្ម) ដោយគម្រាមថាបើមិនឲ្យប្រាក់តាមការទាមទាររបស់ពួកគេទេគេនឹងសម្លាប់ជនរងគ្រោះ ។
ករណីនេះកម្លាំងកងរាជអាវុធហត្ថបានវែកមុខជនល្មើសឈ្មោះ សៅ កុសល ជាទណ្ឌិតដែលបាន និងកំពុងតែអនុវត្តទោសឧក្រិដ្ឋនៅក្នុងពន្ធនាគារចំនួន៧បទល្មើស រយៈពេល៣៨ឆ្នាំ ហើយទើបតែអនុវត្តទោសបានរយៈពេល១២ឆ្នាំប៉ុន្តែអាចមានលទ្ធភាពទំនាក់ទំនងឈ្មោះ ឡេង សុខលាង ជាអនុរក្សផ្នែកកាន់សោរពន្ធនាគារឲ្យជួយចាក់ឆ្នោត (កន្ទុយលេខ) ឲ្យខ្លួនរហូតដល់ជំពាក់ប្រាក់ ឈ្មោះ ឡេង សុខលាង ចំនួន៩០០ដុល្លារ បន្ទាប់មកពួកគេទាំង២នាក់ក៏បានរៀបចំផែនការប្រព្រិត្តបទល្មើសឧក្រិដ្ឋដោយឈ្មោះឡេង សុខលាង ជាអ្នកទិញសុីមកាតទូរស័ព្ទចំនួន៣ខ្សែឲ្យទៅទណ្ឌិតសៅ កុសល ធ្វើការទំនាក់ទំនងរាវរកមុខសញ្ញាដែលពួកគេអាចកំណត់ថាជាមុខសញ្ញាអាចធ្វើសកម្មភាពបាន។
តាមរយៈទំនាក់ទំនងទូរស័ព្ទឧក្រិដ្ឋជនសៅ កុសលបានស្គាល់ឈ្មោះ សុខ ធីម ជាបុគ្គលិកបម្រើការផ្នែកអនាម័យក្នុងក្រុមហ៊ុន (HLH)ហើយអាចក្តាប់បានពីផ្ទៃក្នុងរបស់មុខសញ្ញាយ៉ាងលំអិតច្បាស់លាស់ទើបពួកគេទាំង២នាក់ ចាប់ផ្តើមធ្វើសកម្មភាពគម្រាមលើមុខសញ្ញាដោយនិយាយចុចចំៗធ្វើឲ្យជនរងគ្រោះមានការភិតភ័យហើយបានមកប្តឹងសមត្ថកិច្ច ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនឧក្រិដ្ឋជនឈ្មោះឡេង សុខលាង បានក្នុងពេលដែលជនរូបនេះកំពុងទៅបើកលុយពីសាខាវេរលុយ WING ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់លក់សុីមកាតឲ្យអតិថិជនសូមឲ្យមានអត្តសញ្ញាណប័ណ្ណផង ៕
ចែករំលែកព័តមាននេះ