ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​បញ្ជាក់​លម្អិត​អំពី​ខ្មែរ​៣​នាក់​រក​ឃើញ​ផ្ទុក​កូ​វី​ដ ១៩ នៅ​កូរ៉េ


រាជធានី​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឡុ​ង ឌី​ម៉​ង់ បាន​ថ្លែង​ឲ្យ​ដឹង​លម្អិត​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមីនា នេះ​ថា ​ជនជាតិ​ខ្មែរ ៣ រូប​ដែល​រក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ ១៩ នៅ​ប្រទេស​កូរ៉េ​នោះ គឺ​ស្ថានភាព​សុខភាព​ ​និង​ផ្លូវចិត្ត​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​នារី​ខ្មែរ​នោះ​ទើបតែ​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​កន្លះ ។

លោក ឡុ​ង ឌី​ម៉​ង់ កំពុង​និយាយ​ទូរស័ព្ទ​ជា​មួយ​នារី​ខ្មែរ​៣​នាក់​នៅ​ប្រទេស​កូរ៉េ

លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​មាន ជនជាតិ​ខ្មែរ ចំនួន​៣​​នាក់ រស់​នៅ​ក្រៅប្រទេស​បាន​ឆ្លង​វីរុស COVID-19 ដែល​តាម​ដំណឹង​ជាបឋម ​គឺ​ជនជាតិ​ខ្មែរ​ចំនួន ៣ នាក់ ក្នុង​នោះ​មាន​នារី​ខ្មែរ​រៀប​ការ​ស្វាមី​កូរ៉េ​ម្នាក់ អាយុ​២៣​ឆ្នាំ ម្នាក់​, ម្តាយ​អាយុ​៤៦​ឆ្នាំ រួម​ជា​មួយ​នឹង​កូនប្រុស អាយុ​ទើប​៣​ខែ នៅ​ទីក្រុង​ប៊ូ​ឆុ​ន ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ ពី​ទីក្រុង​សេ​អ៊ូ​ល បាន​ឆ្លង​វីរុស COVID-19 ពី​ប្តី​របស់​គាត់ ដែល​ប្តី​រូប​នោះ បាន​ឆ្លង​ពី​ក្មួយ​បាន​ផ្ទុក​វីរុស COVID-19 ពី​ទីក្រុង​ដេ​គូ ដែល​ជា​តំបន់​ឆ្លង​ខ្លាំង​ជាងគេ​នៅ​កូរ៉េ ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រាប់​កោះសន្តិភាព​បន្ត​ថា នារី​ខ្មែរ ដែល​គាត់​​មាន​ប្តី​កូរ៉េ ដែល​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ ១៩ ហ្នឹង​គឺ​គាត់​ទើបនឹង​មក​ប្រទេស​កូរ៉េ បាន​ប្រមាណ ១ ឆ្នាំ​កន្លះ​នេះ​ទេ ហើយ​គាត់​មក​ពី​ប្រទេស​កម្ពុជា​យើង គឺ​គាត់​អ្នក​ខេត្ត​កណ្តាល ។

លោក ឡុ​ង ឌី​ម៉​ង់ ដែល​បាន​ទាក់ទង​ទៅ​ប្អូនស្រី​តាម​រយៈ​ទូរស័ព្ទ​ដៃ​បាន​អះអាង​ថា «​ស្ថានភាព​របស់​ប្អូនស្រី ព្រមទាំង​ម្តាយ​គាត់ រួម​ទាំង​កូន គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ សុខភាព​គាត់​អត់​មានអី​ជា​ធំដុំ​ទេ កំ​ដៅ​គាត់​ប្រមាណ​ជាង ៣៦.៩ អង្សារ គាត់​ចូល​ពេទ្យ​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ។ ហើយ​ស្ថានទូត​បាន​ទំនាក់ទំនង ​និង​ធ្វើការ​ជាប់​ជាមួយនឹង​អាជ្ញាធរ​សុខាភិបាល​កូរ៉េ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ក្រសួងការបរទេស​កូរ៉េ ដែល​បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​​រលូន ជាមួយ​ស្ថានទូត​យើង​ជាប់​ជា​និច្ច​ណាស់ ។ ហើយ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់ ក៏​បាន​ទូរស័ព្ទ​ជាប់​ជា​និច្ច​ជាមួយ​ប្អូនស្រី ឃើញ​ថា​មិន​អី​ទេ ប្អូនស្រី​មាន​ស្ថាន​ភាពល្អ​ប្រសើរ ទាំង​ផ្លូវចិត្ត​ និង​សុខភាព​ផ្លូវ​កាយ ក៏​ល្អ​ទាំងអស់ ។ ឥឡូវ​គាត់​រង់ចាំ​នូវ​ការ​ព្យាបាល​និង​ការ​អនុវត្ត​តាម​ពេទ្យ​ណែនាំ​» ។

ពាក់ព័ន្ធ​នឹង​សំណួរ​អំពី​ស្ថានភាព​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​កូរ៉េ​នោះ​ផង​ដែរ លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ថា ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​ដែល​ថា​ពលករ​ខ្មែរ​មាន​ផ្ទុក​កូ​វី​ដ ១៩ នោះ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ដោយឡែក​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្សេង​ទៀត​ពាក់​ព័ន្ធ​ពលករ​ខ្មែរ​បម្រើ​ការ​នៅ​កូរ៉េ មិន​ទាន់​មាន​នោះ​ទេ​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ