រាជធានីភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់កំពុងតែត្រូវការចាំបាច់នូវផលិតផលអាល់កុលប្រើប្រាស់សម្រាប់លាងសំអាតដៃដើម្បីសម្លាប់មេរោគ ពិសេសក្រោយពីវីរុសកូវីដ១៩ ត្រូវបានរកឃើញមានចំនួន ៣៧ ករណីគិតត្រឹមព្រឹកថ្ងៃទី ១៩ មីនានេះបានធ្វើឲ្យតម្លៃអាល់កុលហក់ឡើងខ្លាំង នៅខណៈដែលតម្រូវការអាល់កុលយកមកលាងដៃសម្រាប់សម្លាប់មេរោគមានតម្រូវការខ្ពស់ ។

តម្លៃអាល់កុលលក់រាយត្រូវបានគេលក់មួយលីត្រមានតម្លៃតែ ១ម៉ឺនរៀលពេលនេះតម្លៃបានហក់ឡើងមួយទ្វេរជាពីរ ឬក៏មួយកាន ចំណុះ ៣០ លីត្រមានតម្លៃជាង ៥០ ដុល្លារ ខណៈពីមុនតម្លៃជាង ២០ ដុល្លារតិចតូច ។ ទន្ទឹមនៅការឡើងថ្លៃនៃអាល់កុលសម្លាប់មេរោគនោះ គេសង្កេតឃើញថាមានអាជីវករមួយចំនួនបានលួចនាំចូលនិងចែកចាយនូវផលិតផលអាល់កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញានិងប្រភពច្បាស់លាស់ហើយមានសារធាតុមេតាណុលកម្រិតខ្ពស់ជាហេតុធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ នេះបើតាមអគ្គនាយកដ្ឋានកាំកុងត្រួល នៃក្រសួងពាណិជ្ជកម្ម ។
យោងតាមចក្តីណែនាំស្តីពី «ការទប់ស្កាត់ការចរាចរ ចែកចាយនិងទិញផលិតផលអេទីលអាល់កុលក្លែងក្លាយឬមេតាណុល ប្រើប្រាស់សម្រាប់លាងសំអាតដៃបង្កាការចម្លងវីរុសកូរ៉ូណាថ្មី(កូវីដ១៩)ដែលចេញផ្សាយកាលពីថ្ងៃទី១៨មីនាបង្ហាញថា តាមរយៈការធ្វើអង្កេតរបស់មន្ត្រីជំនាញនិងយោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រួលបានរកឃើញថា អាល់កុលដែលបាននិងកំពុងចរាចរលើទីផ្សារទាំងនោះភាគច្រើនគឺមិនមែនជាប្រភេទអាល់កុលធម្មតា(អេទីលអាល់កុល)ដែលមានមុខងារប្រើសម្រាប់គោលបំណងសំអាតដៃ បង្ការចម្លងមេរោគទេ ប៉ុន្តែគឺជាសារធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់៨០%។
សេចក្តីណែនាំបានសង្កត់ធ្ងន់ថា «ជាទូទៅការលាងសំអាតដៃដោយប្រើអាល់កុលដែលមាន កម្រិតមេតាណុលខ្ពស់ដូចបានរកឃើញទាំងនេះអាចជ្រាបទៅក្នុងស្បែក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក ។បន្ថែមលើពីនេះសារធាតុមេតាណុលនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការយកទៅប្រើប្រាស់លាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ»។
បើតាមអគ្គនាយកកាំងកុងត្រួលណែនាំឱ្យ អាជីវករអ្នកលក់និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់អនុវត្តតាម៖១)-រាល់ការនាំចូល និងចែកចាយផលិតផលអាល់កុលសម្រាប់ប្រើប្រាស់ត្រូវដាក់ស្លាកសញ្ញា មានបញ្ជាក់ពីប្រភពអាស័យដ្ឋានអ្នកចែកចាយឬដាក់លក់ និងមានឈ្មោះផលិតផលព្រមទាំងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុលឱ្យបានត្រឹមត្រូវ។២)- ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់មេត្តាកុំទិញផលិតផលអាល់កុលដែលគ្មានស្លាកសញ្ញានិងមិនមានបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់លាងសំអាតកំចាត់មេរោគឬបង្ការការចម្លងវីរុសកូវីដ១៩។អគ្គនាយកដ្ឋានកាំកុងត្រួលនៃក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្លូវច្បាប់ជាធរមានចំពោះអាជីវករណាដែលសមត្ថកិច្ចរកឃើញថាបានចរាចរឬដាក់លក់ផលិតផលអាល់កុលក្លែងក្លាយដូចរៀបរាប់ខាងលើ។
ស្ថិតក្នុងកាលៈទេសៈវីរុសកូរ៉ូណាឬកូវីដ១៩ត្រូវបានរកឃើញអ្នកផ្ទុកជាច្រើនករណីនៅមួយខែចុងក្រោយនេះគេសង្កេតឃើញប្រជាពលរដ្ឋខ្មែរបង្ហាញក្តីបារម្ភរបស់ខ្លួនក្នុងការចូលរួមកម្មវិធីជុំឬទំនាក់ទំនងរវាងគ្នានិងគ្នា។តាមរយៈនៃការព្រួយបារម្ភនេះគេក៏សង្កេតឃើញពលរដ្ឋក៏ដូចជាយុវវ័យបានប្រកាន់ខ្ចប់នៅអនាម័យដៃស្អាតដោយលាងដៃជាមួយអាកុលឬស្ព្រាយលាងដៃដើម្បីការពារ ឬបង្ការពីវីរុសកូរ៉ូណាថ្មី។
លោក សម្បត្តិ ប្រជាពលរដ្ឋម្នាក់រស់នៅឃុំដារ ខេត្តត្បូងឃ្មុំបានឱ្យដឹងថាប្រជាពលរដ្ឋនៅតាមភូមិខ្ញុំពលរដ្ឋខ្លះគាត់ទិញអាកុលមួយដបឬពីរដបទុក ហើយនៅពេលទិញអាកុលនេះពួកគាត់មានការពិភាក្សាជាមួយកន្លែងលក់ថ្នាំតម្រូវលាយទឹកកម្រិតប៉ុន្មានទើបប្រើទៅមិនប៉ះពាល់សុខភាព។លោកបានបន្តថា« ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ខ្ញុំបានទិញអាកុលចំនួនពីរដបទុកលាយជាមួយនិងទឹកសម្រាប់លាងដែរ។ជារួមប្រជាពលរដ្ឋនៅក្នុងឃុំដាពួកគាត់ហាក់មានការយល់ដឹងច្រើន ហើយពួកគាត់មិនមានការភិតភ័យ ពោលប្រជាពលរដ្ឋមានសកម្មភាពធម្មតា»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ