ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះកង់ មកចូលលួចម៉ូតូគេ ដែលចតទុកមុខផ្ទះបានសម្រេច រួចរត់គេចខ្លួនបាន១៦ថ្ងៃ ។ ប្រតិបត្តិការណ៍នេះដែរបានធ្វើទ្បើង កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចលើស្ពានឆ្លងទន្លេបាសាក់ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៃ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ លី សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកមេស្រុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ HONDA BEAT ពណ៌ស.ខៀវ ស៊េរី ឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JD-0486 ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ ។ វត្ថុតាងចាប់រួមមាន ៖ កង់តួប្រុស ពណ៌ខ្មៅ ចំនួន០១គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពដើរលួច ។

សមត្ថកិច្ចលោកបានបន្តថា កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ បានដើរចូលទៅអូសម៉ូតូម៉ាកហុងដា BEAT ពណ៌ ស.ខៀវ ដែលមានស្លាកលេខ ភ្នំពេញ 1JD-0486 ដោយបានអូសម៉ូតូចេញពីក្នុងផ្ទះយកមកទុកនៅខាងមុខផ្ទះវិញ ហើយបានបែរក្បាលម៉ូតូទៅទិសខាងកើតដោយបានទុកកូនសោម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ។
ក្រោយពេលអូសម៉ូតូចេញយកមកខាងក្រៅផ្ទះរួច ជនរងគ្រោះក៏បានដើរចេញមកក្រៅផ្ទះ ហើយបានបើកឡានដឹកអីវ៉ាន់ចេញទៅលក់ដូរបាត់ទៅ ។ ក្រោយមកបានបន្តិច ស្រាប់តែកូនស្រីរបស់ជនរងគ្រោះ ឈ្មោះ វណ្ណ ស្រីណុច គាត់បានខលទូរស័ព្ទមកប្រាប់ថា ប៉ាៗម៉ូតូរបស់យើង គឺត្រូវបានចោរលួចយកទៅបាត់ហើយ លឺដូច្នេះគាត់ក៏បានបើកឡានត្រឡប់មកផ្ទះវិញ ។

នៅពេលមកដល់ផ្ទះ គាត់បាននាំគ្នាទៅសុំអ្នកជិតខាងអោយជួយឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា មានជនសង្ស័យម្នាក់បានជិះកង់ចូលមកលួចយកម៉ូតូរបស់គាត់ជិះចេញទៅតាមផ្លូវជាតិលេខ២១ បាត់ទៅ ដោយបានបន្សល់ទុកនៅកង់តួប្រុស ពណ៌ខ្មៅ ចំនួន០១គ្រឿងនៅកន្លែងកើតហេតុ ។ បន្ទាប់មកជនរងគ្រោះបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកមុខជនសង្ស័យ ។
លុះមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង០០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មីសហការជាមួយកម្លាំងជំនាញស្រុកកោះធំ បានចេញល្បាតមកដល់ចំណុចលើស្ពានឆ្លងទន្លេរបាសាក់ ក៏បានជួបប្រទះ និងមុខសញ្ញាជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ កំពុងតែជិះកង់លេងនៅលើស្ពានតែម្នាក់ឯង ភ្លាមៗក៏ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ពិតប្រាកដមែន គឺដោយសារជនរងគ្រោះគាត់បានទុកកូនសោម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ដោយឃើញមានឱកាសល្អទើបខ្លួនដើរចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ដោយបានបន្សល់ទុកនូវកង់តួប្រុស ពណ៌ខ្មៅចំនួន០១គ្រឿងនៅកន្លែងកើតហេតុ ។
ក្រោយពេលជនសង្ស័យលួចម៉ូតូបានហើយ គឺបានជិះម៉ូតូនោះយកទៅដាក់បញ្ចាំឲ្យទៅឈ្មោះ ហ៊ីម ភេទប្រុស រស់នៅសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានប្រាក់ចំនួន២០០ដុល្លារ យកមកទិញទូរសព្ទដៃថ្មីមួយគ្រឿងម៉ាក VIVO ពណ៌ផ្ទៃមេឃក្នុងតម្លៃ១០០ដុល្លារ ហើយប្រាក់ដែលនៅសេសសល់ចំនួន១០០ដុល្លារទៀត គឺទុកសម្រាប់ស៊ីចាយ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ