ប៉េកាំង ៖ តាមការស្រាវជ្រាវនៅទីក្រុងវ៉ូហាន(Wuhan) និងទីក្រុងស៊ីនជិន (Shenzhen) បានបង្ហាញថា អ្នកជំងឺដែលមានក្រុមឈាមប្រភេទ A មានអត្រាឆ្លងខ្ពស់ និងទំនងជាមានរោគសញ្ញាធ្ងន់ធ្ងរថែមទៀត នៅពេលផ្ទុកវីរុសកូវីដ-១៩នេះ បើធៀបនឹងអ្នកដែលមានក្រុមឈាមប្រភេទ O មានការថយចុះហានិភ័យនៃការឆ្លង នេះបើតាម South China Morning Post ។
គួរជម្រាបថា ក្រុមឈាមរបស់មនុស្សយើង ត្រូវបានបែកចែកជា ០៤ ក្រុមធំៗ គឺ A, B, AB និង O ដោយបន្ថែម RhD ជាសញ្ញា(+) និង (-) ថែមទៀត ដូច្នេះក្រុមឈាមមានដល់ ០៨ក្រុម ហើយក្រុមឈាមនីមួយៗ ត្រូវបានកំណត់ដោយហ្សែន ដែលអ្នកទទួលបានពីឪពុកម្តាយ ។
អ្នកដែលមានប្រភេទឈាម A អាចងាយនឹងឆ្លងជំងឺនេះ បង្កដោយវីរុសកូវីដ-១៩ ខ្លាំងណាស់ ខណៈពេលដែល អ្នកមានឈាមក្រុម O ហាក់ដូចជាមានភាពធន់ នឹងជំងឺនេះទៅវិញ បើយោងតាមការសិក្សាបឋមពីអ្នកជំងឺនៅក្នុងប្រទេសចិន ដែលបានឆ្លងវីរុស Covid-19 ។
ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ នៅប្រទេសចិន បានយកគំរូ ក្រុមឈាមរបស់អ្នកជំងឺជាង ២.០០០ នាក់ ដែលឆ្លងវីរុសនៅក្រុងវ៉ូហាន និងក្រុងស៊ីនជិន ហើយប្រៀបធៀបពួកគេទៅនឹងប្រជាជនដែលមានសុខភាពល្អ នៅក្នុងតំបន់ ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា អ្នកជំងឺមានក្រុមឈាម A បង្ហាញអត្រាឆ្លងខ្ពស់ ហើយអ្នកឆ្លងហាក់ដូចជាវិវត្ត ទៅជាអ្នកជំងឺ ចេញរោគសញ្ញាធ្ងន់ធ្ងរជាងមុន ។
យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវូហាន ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត វ៉ាង ស៊ីងហួន (Wang Xinghuan) នៅមន្ទីរពេទ្យហ្សុងណាន បានអោយដឹងថា ប្រជាជនចិន មានក្រុមឈាម A ប្រហែលជាត្រូវការ ការពារខ្លួនខ្លាំង ដើម្បីកាត់បន្ថយឱកាស នៃការឆ្លងរបស់វីរុសប្រភេទថ្មីនេះ និងការព្យាបាលយ៉ាងប្រុងប្រយ័ត្ន ។
លោកវេជ្ជបណ្ឌិត វ៉ាង ស៊ីងហួន បន្ថែមអោយដឹងថា ផ្ទុយទៅវិញ “មនុស្សមានឈាមក្រុម O មានហានិភ័យឆ្លងជំងឺនេះតិចណាស់ បើប្រៀបធៀបទៅនឹងក្រុមឈាមមិនមែន O” នេះបើយោងតាមការចុះផ្សាយមួយទៀត នៅលើគេហទំព័រ Medrxiv.org កាលពីថ្ងៃទី១១ ខែមីនា ។
លោកវេជ្ជបណ្ឌិត វ៉ាង លើកឡើងថា ក្នុងចំណោមអ្នកជំងឺ ២០៦នាក់ ដែលបានស្លាប់ ដោយសារកូវីដ-១៩ ក្នុងទីក្រុងវ៉ូហាន មាន៨៥នាក់ មានក្រុមឈាមប្រភេទ A (ស្មើ៦៣%) និងក៏មាន ៥២នាក់ មានក្រុមឈាមប្រភេទ O បានស្លាប់ដែរ ក្រៅពីហ្នឹងគឺក្រុមឈាមប្រភេទ B និង AB ។
ការសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ មកពីទីក្រុងនានា នៅទូទាំងប្រទេសចិន រួមមានទីក្រុងប៉េកាំង វូហាន សៀងហៃនិងស៊ីនសិន ប៉ុន្តែមិនត្រូវបានពិនិត្យឡើងវិញទេ ។
ទន្ទឹមនឹងនេះ ក៏មានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ចេញមកព្រមានដែរថា វាអាចមានគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ការសិក្សាខាងលើនេះ ដើម្បីអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ន ។
លោក Gao Yingdai អ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍រដ្ឋ ផ្នែករោគវិទ្យា នៅទីក្រុងធានជីន ដែលមិនបានចូលរួមក្នុងការសិក្សាខាងលើលោកមានប្រសាសន៍ថា គួរតែសិក្សាអោយធំជាងនេះ ទោះបីចំនួន ២,០០០នាក់ វាមិនតិចក៏ដោយ ប៉ុន្តែពេលនេះ ចំនួនអ្នកជំងឺសរុបដែលឆ្លងវីរុស មានចំនួនជាង ១៨០.០០០ នាក់ នៅទូទាំងពិភពលោក ទៅហើយ ។ ហើយចំណុចមួយផ្សេងទៀត នៃការស្រាវជ្រាវ គឺថា មិនបានផ្តល់ការពន្យល់ច្បាស់លាស់ អំពីអន្តរកម្មម៉ូលេគុល រវាងវីរុសនិងកោសិកាឈាមក្រហមផ្សេងៗទៀត ដូចជាក្រុមឈាមប្រភេទ B និង AB នៅឡើយទេ ។
នេះមិនមានន័យថា អ្នកមានឈាមប្រភេទ A ពិតជានឹងត្រូវឆ្លងមេរោគ១០០ភាគរយទេ ។ ចំណែកអ្នកមានក្រុមឈាមប្រភេទ O ក៏មិនមែនមានន័យថា សុវត្ថិភាព១០០ភាគរយដែរ ។ រឿងសំខាន់គឺមនុស្សគ្រប់គ្នាត្រូវលាងដៃជាមួយទឹក និងសាប៊ូ ឬក៏អាល់កុលឲ្យបានញឹកញាប់ ។ ហាត់ប្រាណ និងញ៉ាំអាហារបែបណា អោយប្រព័ន្ធភាពស៊ាំខ្លាំងអាចទប់ទល់ជំងឺបាន ៕








ចែករំលែកព័តមាននេះ