ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​សំខាន់ៗ៦​ចំណុច​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​បាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» នៅ​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​នេះ…

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» នៅ​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​ចំនួន​៦​ចំណុច​សំខាន់​ៗ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​តាម​ដង​ទន្លេ​កម្ពុជា ដែល​ជា​ប្រភព​ទឹក​សម្រាប់​ការ​ចិញ្ចឹមជីវិត ឲ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្ដមភាព​។
អនុសាសន៍​ទាំង​៦​ចំណុច​សំខាន់​ៗ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នោះ​រួម​មាន ៖

ទី​១-​ត្រូវ​រួម​គ្នា​រក្សា​ឲ្យ​បាន​នូវ​វត្តមាន​ជា​អចិន្ត្រៃយ៍ នៃ​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ពោល​គឺ​គ្មាន​អ្វី​ទាំងអស់​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រួម​គ្នា​រក្សា​ការពារ​នូវ​សន្តិភាព ដែល​រកបាន​ដោយ​លំបាក និង​មិន​ត្រូវ​ឲ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ​មក​បំផ្លាញ​សន្តិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ សន្តិភាព​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​សុខុមាលភាព សង្គម​ល្អ​ប្រសើរ​ជាមួយនឹង​ជីវភាព​រស់នៅ​សម្បូរ​សប្បាយ​រុងរឿង​ជា​រៀង​រហូត​។

ទី​២-​ត្រូវ​បន្ត​ធ្វើការ​អភិវឌ្ឍ​ក្រុង​បាត់ដំបង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ទីក្រុង​បេតិកភណ្ឌ ដែល​នឹង​គ្រោង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ​។ ត្រូវ​រួម​គ្នា​រក្សា​ឲ្យ​បាន​នូវ​បណ្ដា​សំណង់​បុរាណ ផ្ទះ​បុរាណ ស្ពាន​បុរាណ​ក្នុង​ខេត្ត ដោយ​មិន​ត្រូវ​ឲ្យ​មានការ​កែប្រែ​ខុស​ស្ថានភាព​ដើម​។

ត្រូវ​បន្ត​ជំរុញ​កំណត់​អត្តសញ្ញាណ នៃ​គោលដៅ​ទេសចរណ៍​អាទិភាព រួម​មាន ទេសចរណ៍​ផ្ទះ​បុរាណ (Clusters), តំបន់​ទស្សនា​សត្វ​ស្លាប​, តំបន់​ប្រាសាទ​បាណ​ន់​, រមណីយដ្ឋាន​ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល ចេញពី​រូង​មុន​ពេល​ថ្ងៃ​រៀប​លិច រួម​ទាំង​លក្ខណៈ​ពិសេស​របស់​ម្ហូបអាហារ​ប្រចាំ​តំបន់ ក្នុង​ខេត្ត​នេះ​ផង​ដែរ​។

ទី​៣-​ត្រូវ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដែល​បម្រើ​អោយ​វិស័យ​ទេសចរណ៍ រួម​មាន អាកាសយានដ្ឋាន​ផ្លូវ​រថភ្លើង ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និង​រមណីយដ្ឋាន​ផ្សេង​ៗ តាម​រយៈ​កា​រត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ តាម​ផ្លូវគោក ផ្លូវដែក និង​ផ្លូវអាកាស ហើយ​ត្រូវ​ពី​ធ្វើការ​ពិនិត្យ​លទ្ធភាព ក្នុង​ការ​រៀបចំ​ព្រ​លាន​យន្តហោះ​បាត់ដំបង​ឡើង​វិញ ដោយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើ​ការងារ ដ៏​មាន​សារសំខាន់​នេះ​។

ទី​៤-​ត្រូវ​បន្ត​រក្សា​ឲ្យ​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម គ្រប់​តំបន់​ទេសចរណ៍ តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ខិតខំ​រក្សា​ឲ្យ​បាន​នូវ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក្រុម​បង​តូច បងធំ និង​ការ​លួច​ឆក់​នានា ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ក្នុង និង​ក្រៅប្រទេស​។

ទី​៥-​ត្រូវ​ជំរុញ​ការ​ផលិត​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ទេសចរ​ដែល​ជា​គោលដៅ «​នាំ​ចេញ​នៅ​នឹង​កន្លែង​»​។ ត្រូវ​បន្ត​ជំរុញ​ការ​ផលិត​តាម​ស្តង់ដារ ត្រូវ​បង្កើត​ឲ្យ​មាន ខ្សែ​ក្រ​វ៉ា​ត់ បៃតង​ក្នុង​តំបន់​ទេសចរណ៍ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​នូវ​បច្ចេកទេស នៃ​ការ​ដាំ​ដុះ ការ​ចិញ្ចឹម​ត្រី និង​សាក់​សម្រាប់​ការ​ផ្គត់ផ្គង់ ដល់​ទេសចរ​។ ត្រូវ​ផ្សា​ភ្ជាប់​កសិកម្ម​ជាមួយ​ទេសចរណ៍ តាម​រយៈ​ការ​ជំរុញ និង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍​ឲ្យ​កាន់តែ​រីក​ចម្រើន ជាមួយនឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ ទេសចរណ៍​ផ្នែក​បដិសណ្ឋារកិច្ច ស្វាគមន៍ និង​ជំនាញ​ចម្អិន​ម្ហូបអាហារជាដើម​។

និង​ទី​៦-​ជាមួយនឹង​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 នៅ​ក្នុង​តំបន់ និង​ពិភពលោក ខ្ញុំ​នៅ​តែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ សូម​រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ ការពារ​សុខភាព និង​អនាម័យ​ជា​ប្រចាំ ដើម្បី​សុខភាព​ខ្លួនឯង​ផ្ទាល់ និង​ក្រុម​គ្រួសារ​ហើយ​អាច​ការពារ​បាន​នូវ ជំងឺ​គ្រប់​ប្រភេទ​។ ទន្ទឹម​នេះ​សូម​បងប្អូន​ជនរួមជាតិ​រួម​គ្នា ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​បំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​វឹកវរ និង​អសន្តិសុខ​សង្គម​។

រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល ជា​សេនាធិការ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ​អង្គការ​សុខភាព អន្តរជាតិ​នានា​ជា​ពិសេស អង្គការ​សុខភាព ពិភពលោក មាន​វិធានការ​ម៉ឺងម៉ាត់​បំផុត ក្នុង​ការ​ការពារ និង​ត្រៀម​គ្រប់លក្ខណៈ​សម្បត្តិ ដើម្បី​ប្រឈម​នឹង​ជំងឺ​សកល​នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ប្រទេស ចូលរួម​ទាំងអស់​គ្នា ការពារ​សុខភាព​រាង​ៗ​ខ្លួន និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ជាង​ការ​ភ័យ​ខ្លាច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ សុខុមាលភាព​សង្គម និង​ភាព​សុខដុមរមនា​គ្រប់​ជាតិ​សាសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ