ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ ​៖ វីរុស​កូ​វី​ដ១៩​អាច​ជា​ឱកាស​ថ្មី​ក្នុង​មុខ​ជំនួញ ​និង​អចល​ទ្រព្យ​ជាមួយ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ បាន​និង​កំពុង​សាយភាយ​នៅ​លើ​ពិភពលោក ក្នុង​នោះ កម្ពុជា​ក៏​រក​ឃើញ​ករណី​អ្នក​ឆ្លង​ចំនួន​៥​នាក់​ផង​ដែរ គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែមីនា ម្សិលមិញ​នេះ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ…

​រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ បាន​និង​កំពុង​សាយភាយ​នៅ​លើ​ពិភពលោក ក្នុង​នោះ កម្ពុជា​ក៏​រក​ឃើញ​ករណី​អ្នក​ឆ្លង​ចំនួន​៥​នាក់​ផង​ដែរ គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែមីនា ម្សិលមិញ​នេះ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ ។ ដោយសារ​តែ​ជំងឺ​នេះ​វា​ឆាប់​ឆ្លង​លឿន​រហ័ស និង​គ្រប់​វត្ថុ​ទាំងអស់​ដែល​ប៉ះពាល់ ក្នុង​នោះ​ក្រដាសប្រាក់​ក៏​ជា​កត្តា​ប្រឈម​ខ្ពស់​ផង​ដែរ ព្រោះ​ក្រដាសប្រាក់​នឹង​ចរាចរណ៍​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ។

ខណៈ​មនុស្ស​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​ខ្លាំង​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ អ្នកជំនាញ​ខាង​វិស័យ​ធនាគារ​និង​អចល​ទ្រព្យ​បង្ហាញ​ការ​យល់​ឃើញ​ថា​នា​យុគ្គសម័យ​កូ​វី​ដ​-១៩ ក៏​ជា​ការ​បង្កើត​នូវ​ឱកាស​ថ្មី​សម្រាប់​មុខ​ជំនួញ​និង​អាជីវកម្ម​ផង​ដែរ ។ ​បើ​តាម​លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជំងឺ​កូ​វី​ដ​១៩ នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ណាស់​ទេ​ដល់​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ ព្រោះ​មនុស្ស​ម្នាក់​ៗ ត្រូវការ​ធ្វើការ​ចិញ្ចឹមជីវិត ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ក៏​ប៉ុន្តែ​បើសិនជា​ពលរដ្ឋ​ភ័យ​ខ្លាច​ក្នុង​ការ​ទូទាត់​តាម​ក្រដាសប្រាក់ ពួក​គេ​មាន​ជម្រើស​មួយទៀត គឺ​ទូទាត់​តាម​បច្ចេកវិទ្យា ដែល​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​រួច​ហើយ ដូច​ជា​ការ​ទូទាត់​តាម QR Code ឬ​ក៏​តាម Apps ផ្សេង​ៗ​ផង​ដែរ ។

​លោក​បាន​បន្ថែម​ទៀត​ថា « វា​អាច​ជា​ឱកាស​មួយ​ក្នុង​ការ​ពង្រីក​នូវ​អាជីវកម្ម​ថ្មី​ៗ ក្នុង​ពេល​ជំងឺ​នេះ​កំពុង​វាយលុក​បែប​នេះ ជាក់ស្ដែង​ក្នុង​ពេល​ប្រទេស​ចិន​បាន​ផ្ទុះ​ជំងឺសារ បច្ចេកវិទ្យា​ទូទាត់​តាម​វី​ឆាត​របស់​ចិន​ក៏​បាន​ផ្ដើម​ពេញ​និយម ហើយ​ពេល​នេះ ក៏​ដូច​គ្នា​ដែរ ជំងឺ​កូ​វី​ដ​នេះ វា​ក៏​អាច​ឆ្លង​តាម​ក្រដាសប្រាក់​ដែរ ដូច្នេះ​នៅ​ពេល​ដែល​មាន​កាន់​ក្រដាសប្រាក់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​សុទ្ធតែ​មានការ​ប្រឈម ចុះ​បើសិនជា​មនុស្ស​ម្នាក់​ៗ​ចាប់ផ្ដើម​ទូទាត់​តាម​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ដូច​ជា QR ឬ​តាម App វា​ក៏​អាច​កាត់​បន្ថយ​និង​ជា​វិធាន​ការណ៍​ក្នុង​ការ​ចម្លងជំងឺ​នេះ​តាម​រយៈ​ក្រដាសប្រាក់​ផង​ដែរ​» ។ លោក​បណ្ឌិត​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រព័ន្ធ​ទូទាត់​តាម​ទូរ​សព្ទ​ដៃ​នេះ​រួច​ហើយ​សម្រាប់​អោយ​អតិថិជន ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ប្រើប្រាស់ ជាក់ស្ដែង​ធនាគារ​អេ​ស៊ី​លី​ដា​មាន​ប្រព័ន្ធ​ទូទាត់​តាម​អេ​ស៊ី​លី​ដា​យូ​នី​ធី​ទាន់ចិត្ត​រួច​ស្រេច ហើយ​ក៏​ជា​ឱកាស​ក្នុង​ការ​ពង្រីក​សេវាកម្ម​នេះ​អោយ​កាន់តែ​ទូលាយ​ផង​ដែរ ។

បើ​តាម​លោក​ហ៊ឹ​ម សីហា អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុ​ជាមួយ​រូប​បានអោយ​ដឹង​ថា ក្នុង​ពេល​នេះ វា​ក៏​ជា​ឱកាស​មួយ​ផង​ដែរ​សម្រាប់​អ្នក​វិនិយោគ​ជាក់ស្ដែង អ្នក​វិនិយោគ​អាច​មានឱកាស​ក្នុង​ការ​ចរចា​ទិញ​អចលនទ្រព្យ​ដែល​ខ្លួន​ចង់បាន ។ ខណៈ​នេះ បើសិនជា​ក្រុមហ៊ុន​ណា​មាន​ហិរញ្ញវត្ថុ​រឹង​មាំ ពួក​គេ​អាច​នឹង​មានឱកាស​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត នៅ​ពេល​ដែល​ជំងឺ នេះ​ស្ងប់ស្ងាត់​ទៅ​វិញ​ភ្លាម ។

​លោក​កន សុខ​គា អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​មួយ​កន្លែង បាន​និយាយ​ថា ទោះបីជា​បច្ចុប្បន្ន​នេះ ពិភពលោក​កំពុង​ផ្អើល​និង​ខ្លាចរអារ​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ក្ដី ក៏​ប៉ុន្តែ វា​មិនមែន​ជា​ការ​រាំង​ដល់​ការ​អភិវឌ្ឍន៍​គម្រោង​ៗ​របស់​រូប​លោក​ក៏​ដូច​ជា​វិនិយោគិន​ផ្សេង​ដែរ ។ នេះ​គឺជា​ឱកាស​សម្រាប់​អ្នក​អភិវឌ្ឍន៍ ក៏​ដូច​ជា​អ្នកទិញ​ផង​ដែរ ជាក់ស្ដែង​បច្ចុប្បន្ន​សម្រាប់​លំនៅ​ឋាន​ដែល​មាន​តម្លៃ ក្រោម​៧​ម៉ឺន​ដុល្លារ​ត្រូវ​បាន​រដ្ឋាភិបាល​លើកលែង​លើ​ពន្ធ​ប្រថាប់ត្រា​ផង​ដែរ ដូច្នេះ អ្នក​ដែល​មាន​បំណង​ទិញ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ គឺជា​ឱកាស​ចំណេញ​មួយ​ចំនួន​សម្រាប់​យក​ប្រាក់​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​បាន​ផង​ដែរ ។

​គួរ​បញ្ជាក់​ថា ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ជំងឺ​កូ​វី​១៩​នេះ សេដ្ឋកិច្ច​ពិភពលោក រួម​នឹង​កម្ពុជា​ប្រឈម​នឹង​ការ​ថមថយ ជាក់ស្ដែង​កម្ពុជា បាន​ទំលាក់​ការ​ព្យាករណ៍​របស់​ខ្លួន​មក​នៅ​ត្រឹមតែ​រង្វង់​៦​ភាគរយ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២០​នេះ ក្នុង​នោះ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​និង​កំពុង​ស្ដារ​សង្គ្រោះវិស័យ​នេះ​ឡើង​វិញ​ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ