ការចាប់ដៃស្វាគមន៍គ្នាមិនមែនជាទំនៀមទម្លាប់ជនជាតិខ្មែរយើងទេ ។ ទំនៀមខ្មែរយើងគឺការលើកដៃសំពះ ហើយវាមានភាពខុសគ្នាចំនួន៥របៀប ។ ស្របពេលនាយករដ្ឋមន្ត្រីផ្ដល់មតិឲ្យជំនួសការចាប់ដៃស្វាគមន៍គ្នា មកសំពះបែបខ្មែរដើម្បីការពារការឆ្លងជំងឺកូវីត១៩ សូមឈ្វេងយល់ពីរបៀបសំពះខ្មែរយើង ។
ចុងម្រាមមេដៃផ្គុំលើចញ្ចើម
•ផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមដៃលើចិញ្ចើម ជាការសំពះបួងសួងដល់ ឥន្ទ្រព្រហ្ម ទេវតា អ្នកតា និងសំពះ អ្វីៗដែលខ្ពស់ហួសពីមនុស្ស ។
ចុងម្រាមកណ្តាលត្រឹមចិញ្ចើម
•ផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមដៃកណ្តាលត្រឹមចុងចិញ្ចើម ក្បាលឱនខ្លាំង សំពះទៅរកព្រះសង្ឃ ព្រះមហាក្សត្រ ស្តេច វត្ថុសក្តិសិទ្ធិជាទីសក្ការៈ ដែលនេះជាការក្រាបបង្គំគាល់ ឬថ្វាយបង្គំ ។
ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ
•ផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ ក្បាលរាងឱនបន្តិច គឺសំពះឪពុក-ម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។
ចុងម្រាមកណ្តាលត្រឹមមាត់
•ផ្គុំបាតដៃជាសណ្ឋានផ្កាក្រពុំឈូក ដាក់ចុងម្រាមកណ្តាលត្រឹមមាត់ ជាការសំពះអ្នកមានវ័យចំណាស់ជាង ថៅកែឬចៅហ្វាយនាយ ។
ចុងម្រាមកណ្តាលត្រឹមដើមទ្រូង
•ផ្គុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្តាលត្រឹមដើមទ្រូង ជាការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិជាដើម និងសម្រាប់អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកមានវ័យក្មេងជាង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ