ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​បុគ្គល​ម្នាក់​ដែល​ថាស​ម្តេច​តេ​ជោ​ត្រូវ​បាន​បញ្ជូន​ទៅ​សិង្ហ​បុរី​ស្ងាត់​ៗ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​បុរស​ម្នាក់ដោយ​បង្ហាញ​ពី​អាសយដ្ឋាន​ថា រស់នៅ​ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង យក​មក​ឃុំ ដោយសារ​បុរស​រូប​នោះ​និយាយ​ថា…

ខេត្តពោធិ៍សាត់​ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​បុរស​ម្នាក់ដោយ​បង្ហាញ​ពី​អាសយដ្ឋាន​ថា រស់នៅ​ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង យក​មក​ឃុំ ដោយសារ​បុរស​រូប​នោះ​និយាយ​ថា សម្តេច​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី​ដោយ​សម្ងាត់​បំផុត ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ Covid-19 ។

ការ​ព្រមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះ គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ នៅ​ខេត្ត​ពោធិ៍សាត់ ។ សម្តេច តេ​ជោ​បាន​អះអាង​ថា សម្តេច​មិន​មាន​ផ្ទុកមេរោគ Covid​-19 នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​អា​មួយ​នោះ​ផ្តាំ​ឯងឯង​នៅ​កំពង់​ត្របែក ។ អាហ្នឹង​ថា​ ខ្ញុំ​ត្រូវ​បាន​គេ​បញ្ជូន​ដោយ​ស្ងាត់​បំផុត​ទៅ​ពេទ្យ​សិង្ហ​បុរី ។ ប្រយ័ត្ន​ណា ! ឲ្យ​ប៉ូលិស​ទៅ​យក​ដល់​ផ្ទះ ឯង​ត្រូវ​ដឹង​ថា ឯង​និយាយ​អី​ខ្លះ ។ កុំ​គិតស្មាន​តែ​គេ​មិនដឹង​! គ្រាន់តែ​ព្រមាន​ទេ លើក​ក្រោយ​បើ​ឯង​នៅតែ​ដដែល​ហ្នឹង គឺ​ចាប់​ឯង​យក​មក​ឃុំ​ហើយ​» ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា បើសិនជា​សម្តេច​មាន​មេរោគ Covid-19 ពិតមែន​នោះ រដ្ឋាភិបាល​សិង្ហ​បុរី​ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​សម្តេច​ទៅ​ព្យាបាល​នៅ​ទីនោះ​ដែរ ព្រោះ​គេ​ខ្លាច​ចម្លងដល់​ប្រជាជន​គេ ។ បើ​តាម​គោលការណ៍​អង្គការ​សុខភាព​ពិភពលោក​(WHO) បើ​គេ​រក​ឃើញ​នរណា​ផ្ទុកមេរោគ​Covid-19 នៅ​កន្លែង​ណា ត្រូវ​ព្យាបាល​អ្នកជំងឺ​នៅ​ទីនោះ ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ព្យាបាល ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ពី​ករណី​ដែល​ប្រទេស​យើង​ធ្លាប់​បាន​រក​ឃើញ Covid-19 លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ព្យាបាល​បុរស​រូប​នោះ​ទាល់តែ​ជា ។ សម្រាប់​បុរស​ជនជាតិ​ជប៉ុន​ដែល​ផ្ទុកមេរោគ Covid-19 និង​បាន​ចាក​ចេញពី​កម្ពុជា ប្រសិនបើ​រក​ឃើញ​ថា​លេច​ចេញ​រោគ​សញ្ញា​នៅ​ប្រទេស​កម្ពុជា ក៏​យើង​មិន​ឲ្យ​គាត់​ចេញ​ទៅ​ដែរ គឺ​ត្រូវ​តែ​ទុក​ព្យាបាល​សិន​។សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ Covid-19 ចំនួន​២​ករណី​ហើយ​។

ករណីទី​១-​ត្រូវ​បាន​ប្រកាស​ថា​រក​ឃើញ​លើ​បុរស​ជនជាតិចិន​ម្នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ និង​បាន​ព្យាបាល​រហូត​ដល់​ជា​សះស្បើយ ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។ករណី​ទី​២-​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០ លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ។

បុរស​រូប​នោះ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ធ្វើការ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន ដែល​ឆ្លង​មេ
រោគ Covid-19 ហើយ​បាន​ចាក​ចេញពី​ខេត្តសៀមរាប ទៅ​កាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម ។

ការ​រក​ឃើញ​ជំងឺ Covid-19 នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងសុខាភិបាល បានយក​កំហាក​មនុស្ស​សង្ស័យ​៤​នាក់​នៅ​ខេត្តសៀមរាប ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយ​ជនជាតិ​ជប៉ុន​រូប​នោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មនុស្ស​៣​នាក់​ក្នុង​ចំណោម​៤​នាក់​នោះ ពុំ​មានការ​ឆ្លង​ទេ ខណៈ​ដែល​ក្រសួងសុខាភិបាល​កំពុង​តាមដាន​រយៈពេល​១៤​ថ្ងៃ​បន្ត​ទៀត ដោយ​ទុក​ពួក​គេ​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក ៕​

អត្ថបទសរសេរ ដោយ