រាជធានីភ្នំពេញ ៖ អគារស្នាក់នៅសម្រាប់យោធាចារ្យ១ខ្នង នៃសាលានាយទាហានសកម្មត្មាតពង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៥ កញ្ញា ២០១៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មត្មាតពង ជាច្រើននាក់ផងដែរ។
តាមរបាយការណ៍សាងសង់របស់លោកឧត្តមសេនីយ៍ឯក ផុន សាវ៉ាត ទីប្រឹក្សាអគ្គបញ្ជាការដ្នាន និងជានាយកសាលានាយទាហានសកម្មត្មាតពង បានឱ្យដឹងថា អគារស្នាក់នៅសម្រាប់យោធាចារ្យ១ខ្នង មានទំហំ៩ម៉ែត្រគុណនឹង៤០ម៉ែត្រ ប្រក់ស័ង្កសី មាន១០បន្ទប់ និងជួសជុលអគារមួយខ្នងទៀត មានតម្លៃជាង៥៩.០០០ដុល្លារអាមេរិក គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ការស្នាក់នៅ និងបំពេញភារកិច្ចរបស់យោធាចារ្យនៃសាលានាយទាហានសកម្មត្មាតពង ដែលសព្វថ្ងៃកំពុងមានការខ្វះខាតនៅក្នុងអង្គភាពនេះ។
ក្នុងនាមនាយកសាលា ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃសាលានាយទាហានសកម្មត្មាតពង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ាណែត ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវអគារទាំងនេះ ប្រកបទឹកចិត្តសប្បុរសធម៌ ដើម្បីទុកជាប្រយោជន៍សម្រាប់យោធាចារ្យ និងនាយទាហាន នាយទាហានរង និងពលទាហានបានស្នាក់នៅ និងរៀនសូត្រនៅក្នុងអង្គភាពនេះ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងគិតគូពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខភាពកងទ័ព គ្រួសារកងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់របបផ្សេងៗ និងការសាងសង់អគារជាច្រើនខ្នងទុកជាប្រយោជន៍ក្នុងការស្នាក់នៅ និងរៀនសូត្ររបស់នាយទាហាន នាយទាហានរង និងពលទាហានតាម បណ្តាអង្គភាពនានានៅទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ