រាជធានីភ្នំពេញ ៖ ខកខានប៉ះគ្នាប្រមាណមួយរយៈធំ អ្នកប្រដាល់ក្បាច់គុនបុរាណខ្មែរក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម២រូបបានសម្រេចប៉ះគ្នាទៀតហើយ ។ ការប្រកួតរវាងអ្នកទាំងពីរ មិនខុសពីឡើងកំដររេញដើម្បីធ្វើឱ្យសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA TV) កក្រើក និងទទួលការចាប់អារម្មណ៍នោះទេ ។ នៅថ្ងៃអាទិត្យ ទី៧ កញ្ញាសប្តាហ៍នេះ ការប្រកួតដណ្ដើមខ្សែក្រវាត់របស់ស្រាបៀរកម្ពុជា នឹងសម្រាកមួយសប្ដាហ៍ បន្ទាប់ពីរកឃើញកីឡាករដែលមានពិន្ទុខ្ពស់ចំនួន៣រូបពីពូលA និងចំនួន៣រូបពីពូលB ដើម្បីបន្តទៅកាន់វគ្គខ្វែងក្នុងជំហានបន្ទាប់ ។
ជើងខ្លាំងទាំង៦ នឹងតម្រូវឱ្យប្រកួតវិលជុំសន្សំពិន្ទុតាមលំនាំវគ្គ១ ចាប់ពីថ្ងៃអាទិត្យ ទី១៤ កញ្ញាតទៅ ដើម្បីប្រមូលយកអ្នកមានពិន្ទុកំពូលតែ២នាក់ចុងក្រោយឱ្យឡើងប្រកួតគ្នាកាន់កាប់ខ្សែក្រវាត់ស្រាបៀរកម្ពុជានៅវគ្គផ្ដាច់ព្រ័ត្រ ។ អុីចឹងហើយទើបចុងសប្ដាហ៍នេះ កីឡាករល្បីឈ្មោះ២រូប គឺឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា និងកីឡាករស៊ីថា សារ៉ាន់ មកពីក្លិប CMAC ត្រូវណាត់គ្នាឡើងប្រកួតដើម្បីកំដរសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ទាំងមូល ។ ការប៉ះគ្នាលើកនេះ កីឡាករទាំងពីរហាក់មានកម្រិតល្អម្យ៉ាងម្នាក់ ។ កីឡាករឡេះ តើក រហ័សកែង និងម៉ាត់ឆ្វេងស្ដាំ ប៉ុន្តែសម្រាប់កម្ពស់ ទាត់លើក្រោម និងអុកជង្គង់ជាដើម គឺកីឡាករស៊ីថា សារ៉ាន់ វ៉ាដាច់ ។ សម្រាប់កម្លាំងស៊ុហ្វ បើធៀបនឹងរយៈពេល២ឆ្នាំមុន អ្នកទាំងពីរមានការប្រែប្រួល និងថមថយដូចគ្នា ។
យ៉ាងណាក៏ដោយ ការប្រកួតដែលនឹងប៉ះគ្នាលើកនេះ កីឡាករឡេះ តើក អាចនឹងមានប្រៀបជាងស៊ីថា សារ៉ាន់ ដោយសារតែលោកមានប្រវត្តិឈ្នះជាប់គ្នាច្រើនជាងក្នុងពេលដែលស៊ីថា សារ៉ាន់ រវល់តែរឿងមុខរបរទី២ ហើយមិនសូវមានពេលហ្វឹកហាត់ជាប់លាប់ដូចមុន ។ ឡេះ តើក និងស៊ីថា សារ៉ាន់ ប៉ះគ្នាកន្លងមកឈ្នះទៅឈ្នះមកអាចចាត់ទុកថាស៊ីសងគ្នារួច ទើបការប៉ះគ្នាលើកនេះ គឺជាការស្ទាបស្ទង់សមត្ថភាពមួយដ៏ធំដើម្បីកំណត់ឱ្យដឹងថា អ្នកណាជាជើងខ្លាំង បើបានប្រកួតគ្នាម្ដងទៀត ? ទាំងឡេះ តើក និងស៊ីថា សារ៉ាន់ សុទ្ធតែតាំងចិត្តថាប្រកួតឱ្យឈ្នះ ក្នុងបំណងរក្សាមុខមាត់និងកេរ្តិ៍ឈ្មោះនៅក្នុងពិភពប្រដាល់សេរី។ ទោះបីយ៉ាងណា ជំហរដែលម្នាក់ៗបង្ហាញថាមិនចង់ចាញ់នេះ មានតែការប្រកួតជាក់ស្ដែងនៅលើរេញប៉ុណ្ណោះ ទើបអាចកំណត់ថាអ្នកណានឹងឈ្នះ ។
នៅលើសង្វៀននាថ្ងៃចុងសប្ដាហ៍នេះដែរ ក៏មានការប្រកួតរវាងជើងខ្លាំង២រូបទៀតបន្ថែមពីលើឆាកប្រយុទ្ធរវាងកីឡាករ២រូបខាងលើ ដែលមានការជឿជាក់ថា នឹងកក្រើកសង្វៀននោះដែរ ។ កីឡាករផង់ សុភ័ស្ស នឹងជួបប្រកួតជាមួយកីឡាករសំរិទ្ធិ សុភាព ក្នុងពេលដែលអ្នកទាំងពីរកំពុងឡើងកូដ និងមានសមត្ថភាពខ្លាំងនៅក្នុងពិភពប្រដាល់មិនចាញ់គ្នា ។ ជំនួបរវាងគូនេះ អ្នកខ្លះបានផ្ដោតអារម្មណ៍ខ្លាំងជាងឡេះ តើក និងស៊ីថា សារ៉ាន់ ប៉ះគ្នាទៅទៀត ដោយសារតែអ្នកទាំងពីរ ក្រៅពីមានឈ្មោះបោះសំឡេងដោយប្រើរយៈពេលខ្លីក្នុងការប្រដាល់ ក៏មានកណ្ដាប់ដៃ កែង និងរន្ទះជើងល្អគួរឱ្យសរសើរមិនចាញ់គ្នាផងដែរ ៕
ចែករំលែកព័តមាននេះ