រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់បុរសម្នាក់ជាផ្លូវការ ពាក់ព័ន្ធករណី.ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ត្រី ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ទៅឆបោកប្រាក់អ្នកដទៃ ដែលត្រូវចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សេចក្តីរាយការណ៍បន្តថា បុរសខាងលើឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។ ហើយជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី៥ ខែមីនា និងនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធដូចការចោទប្រកាន់ចំនួន២បទល្មើសដាច់ដោយឡែកពីគ្នា ៖ ទី១-បទល្មើស រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ប្រមាណ១០៥ ០០០ ដុល្លារអាមេរិក និងបទល្មើសទី២-ប្រើប្រាស់អាវុធដោយខុសច្បាប់ និងក្លែងឋានៈតួនាទីឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ (ឧត្តមសេនីយ៍ត្រី) ។
នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា អង្គហេតុក្នុងបទល្មើសទី១-យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ជនសង្ស័យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នា បានទៅនិយាយលួងលោមគាត់ (ដើមបណ្តឹង) ដល់ផ្ទះ នៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឲ្យរកប្រាក់ចំនួន១០៥ ០០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការរកស៊ីរបស់ខ្លួន ដោយជនសង្ស័យបានធានាអះអាងថា ក្នុងរយៈពេល១ខែ និងបង្វិលប្រាក់ឲ្យវិញគ្រប់ចំនួន ។
ប្រភពដដែលបន្តថា ផ្ទុយទៅវិញ លុះដល់ថ្ងៃកំណត់ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេសមិនទទួលខុសត្រូវ ថែមទាំងបិទទូរស័ព្ទ បណ្តាលឲ្យជួបផលលំបាកក្នុងការទាក់ទងថែមទៀតផង ។
ដោយឃើញទង្វើរបស់ជនសង្ស័យមានគំនិតទុច្ចរិតបែបនេះ នៅថ្ងៃទី៥ ខែមីនា ជនរងគ្រោះបានអន្ទងឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ឲ្យមកផ្ទះរបស់ខ្លួន ដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ ទីបំផុតដូចចូលអន្ទាក់របស់ជនរងគ្រោះចាប់ទុកឲ្យសមត្ថកិច្ចចាត់ការតែម្តង ។
បើតាមព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហើយ ការិយាល័យជំនាញស៊ើបការបានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានប្រព្រឹត្តបទល្មើសដោយជាក់ស្តែងមួយទៀត គឺប្រើប្រាស់អាវុធដោយខុសច្បាប់ និងក្លែងឋានៈតួនាទី ក្រមខណ្ឌនគរបាលជាតិ ។
ហើយបើតាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាផ្តើមគំនិតប្រើប្រាស់ក្លែងឯកសណ្ឋាន ឋានៈតួនាទី ក្រមខណ្ឌនគរបាលជាតិប្រាកដមែន ដែលទង្វើនេះចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៦មកម្ល៉េះ ហើយអត្តសញ្ញាណបណ្ណនគរបាលជាតិ និងទំរង់ទាំងអស់ គឺខ្លួនបានចម្លងតាមហ្វេសប៊ុក ដែលឃើញគេបង្ហោះ ចំណែកស័ក្តិថ្នាក់ឧត្តមសេនីយ៍ ខ្លួនបានទិញពីផ្សារមកពាក់ និងអាវុធខ្លីមួយដើម បានមកពីមិត្តភក្តិធ្វើអង្គរក្សផ្តល់ឲ្យ ។
យ៉ាងណាក្តី បទល្មើសទាំង២នេះ ដូចតំណាងអយ្យការបានចោទប្រកាន់ខាងលើ សមល្មមគ្រប់គ្រាន់ដែលតម្រូវឱ្យដាក់ជូនឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ