ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង និងបង្កឱ្យមានការភ្ញាក់ផ្អើល ដោយសារតែរថយន្តជាច្រើនគ្រឿងបានបុករះបន្តកន្ទុយគ្នា កាលពីម៉ោងជាង៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅលើវិថីផែ ចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រ ម៉ាក Fuso ពណ៌ខៀវ-បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-3192 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក Toyota inova ពណ៌ស ស្លាកលេខភ្នំពេញ 2BD-1389 បានបើកបះជាមួយរថយន្ត Hyundai starex ពណ៌ទឹកប្រាក់ស្លាកលេខព្រះសីហនុ2A- 8562 បណ្ដាលឱ្យរថយន្ត Hyundai ទៅបុកជាមួយរថយន្តស្ទូចម៉ាក Fuso ពណ៌ស ស្លាកលេខភ្នំពេញ 3A-7909 ដែលកំពុងធ្វើផ្លូវ ដោយមានដាក់ស្លាកសញ្ញាត្រឹមត្រូវ។
ប្រភពដដែលបន្តថា បន្ទាប់មករថយន្តកុងទីន័រ ម៉ាក Fuso ពណ៌ខៀវ-បៃតង ដែលបើកស្របទិសដៅគ្នាក្នុងល្បឿនលឿនខាងលើនោះ ក៏មកបុកក្បាលរថយន្តស្ទូច បណ្តាលឱ្យក្រឡាប់បោះពួយទៅបុកនឹងទ្រូងផ្លូវ ធ្វើឱ្យដាច់កន្ទុយកុងទីន័រក្រឡាប់ប៉ះឡានម៉ាក Tico ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 2A-0664 មួយគ្រឿងផ្សេងទៀត បណ្ដាលឱ្យខូចខាតយ៉ាងដំណំ។
បើតាមសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ លោកមិនទាន់អាចសន្និដ្ឋានបានថា រថយន្តមួយណាជាអ្នកបង្កនៅឡើយទេ មានតែរង់ចាំការប្រមូលព័ត៌មានឲ្យច្បាស់លាស់សិន។ ហើយក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនមានមនុស្សណាម្នាក់បាត់បង់ជីវិតនោះទេ គឺមានតែអ្នកបើកបររថយន្តកុងតឺន័រម្នាក់ឈ្មោះ ស៊ី ធឿន ភេទប្រុស អាយុ27ឆ្នាំ បានរងរបួសជើង ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។
លោកបានបន្ថែមទៀតថា ក្នុងនាមលោកជាសមត្ថកិច្ចចរាចរណ៍ សូមសំណូមពរដល់អ្នកបើកបររថយន្តទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍កុំបើកបរក្នុងស្ថានភាពស្រវឹង ត្រូវបើកបរក្នុងល្បឿនកំណត់ កុំសេពគ្រឿងញៀន បើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយបើកបរត្រូវចេះមើលពីស្ថានភាពផ្លូវ បើរថយន្តដឹកធ្ងន់ផ្លូវចំណោត ត្រូវដាក់លេខទប់និងបើកល្បឿនយឺតៗ ដើម្បីរក្សានូវសុវត្ថិភាពលើដងផ្លូវ។
បច្ចុប្បន្នបន្ទាប់ពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក លោកបានធ្វើការវាស់វែងរួចរាល់ហើយ គាត់ធ្វើការស្ទួចរថយន្តទាំង៥គ្រឿងខាងលើនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)