ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា មានអំពើប្លន់មួយបានកើតឡើង ដោយជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពចាប់ស្ត្រីមេដោះរងគ្រោះម្នាក់ចងដៃ ចងជើង និងយកកន្សែងញ៉ុកមាត់ ហើយរើកកាយយកប្រាក់អស់ជាង១០០០ដុល្លារទាំងកណ្តាលថ្ងៃត្រង់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រហែល២រសៀល ថៃ្ងទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ សុខ ហេង ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅត្រយឹង ឃុំពើក ស្រុកអង្គស្នួល (ជាអ្នកមើលថែក្មេង) ចំណែកម្ចាស់ផ្ទះឈ្មោះ ទាវ ភេកឡេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគណនេយ្យរោងចក្រ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមសាក្សីជាជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះជាមេដោះមើលថែក្មេង និងម្ចាស់ផ្ទះកំពុងអង្គុយញ៉ាំបាយជុំគ្នា រហូតដល់ម៉ោង១រសៀល ទើបម្ចាស់ផ្ទះចេញទៅធ្វើការរោងចក្របាត់ទៅ។ លុះដល់នៅម៉ោងកើតហេតុខាងលើ ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ បានប្រើអាវុធដោយមានកូនកាំបិតចិតបន្លែចំនួន២ ចូលទៅចាប់ចងដៃ ចងជើង និងយកកន្សែងញ៉ុកមាត់អ្នកមើលថែក្មេងក្នុងផ្ទះកើតហេតុមិនឲ្យស្រែកនោះទេ ហើយពួកគេក៏បានធ្វើសកម្មភាពរើកកាយប្លន់យកលុយកាក់ អស់ប្រមាណ១ ២០០ដុល្លារអាមេរិក និងលុយខ្មែរ៨០ម៉ឺនរៀល រួចក៏គេចខ្លួនបាត់តែម្តង ។

ចំណែកសាក្សីម្នាក់ឈ្មោះ ជាក់ សុភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរនៅក្បែរកន្លែងកើតហេតុបានបំភ្លឺថា គាត់បានឮសម្លេងក្មេងយំខ្លាំងៗនៅម៉ោង២និង៣០នាទីនោះ ទើបមានការសង្ស័យក៏រត់ទៅមើល ។ លុះពេលទៅដល់ក៏លើកក្មេងនោះពរ រួចដើររកយាយមើលវា ស្រាប់តែឃើញយាយ សុខ ហេង (អ្នកបម្រើ) ត្រូវបានចោរចងដៃចងជើងដោយក្រម៉ាជាប់នៅក្នុងបន្ទប់ទឹកទៅហើយ និងមានឃើញកូនកាំបិតនៅក្បែរនោះទៀតផង។ ទើបរូបគាត់ទូរស័ព្ទទៅម្ចាស់ផ្ទះឲ្យចេញមកមើល នៅពេលម្ចាស់ផ្ទះមកដល់ក៏បានឃើញហេតុការណ៍នេះ និងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យដឹងរឿងនេះភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់ និងកំពុងដុតដៃដុតជើងប្រើប្រាស់កម្លាំងជំនាញ បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកមុខសញ្ញាប្លន់ទាំងកណ្តាលថ្ងៃត្រង់នោះហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ