ទា​ស្អុយ​ជាង​១​តោន ដែលឈ្មួញ​ដឹក​យក​មកលក់​…​សង្ស័យ​ចេញពី​កសិ​ដ្ឋាន


ខេត្ត​កែប ៖ សមត្ថកិច្ច​ខេត្ត​កែប មាន​កង​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ដំណាក់​ចង្អើរ ក្នុង​នោះ​មាន​មន្ត្រី​កាំកុងត្រូល​ផង​ដែរ បាន​ធ្វើការ​ដកហូត​សាច់​ទា​ខូចគុណភាព ហៅ​ទា​ស្អុយ​ជាង​១​តោន ធ្វើការ​ដុត​បំផ្លាញ​ចោល កាលពី​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ទី​២៦ កុម្ភៈ នៅ​ចំណុច​ជើងភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

យោង​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ទោ ង៉ែត ទូច ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា សាច់​ទា​ទម្ងន់​ជាង​១​តោន ដែល​ត្រូវ​ឈ្មួញ​ម្នាក់​ឈ្មោះ អែម ប្រុស ភេទ​ប្រុស អាយុ​៤៦​ឆាំ្ន នៅ​ភូមិ​ភ្នំ​លាវ បាន​ទិញ​បន្ត​ពី​ឈ្មោះ អែម ភារៈ ហើយ​ឈ្មោះ​ភារៈ​ក៏​បាន​ទិញ​ពី​ឈ្មោះ ទេព ទិ​ត្យ នៅ​រាជធានី​ភ្នំពេញ​នោះ នគរបាល​ក៍​ដូច​មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​ថា សាច់​ទា​ជាង​១​តោន​នោះ ពិតជា​ខូចគុណភាព​អស់​ទៅ​ហើយ ។

លោក​វរសេនីយ៍ទោ ង៉ែត ទូច និយាយ​ប្រាប់​អោយ​ដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​រក​ឃើញ​ថា សាច់​ទា​មាន​ទម្ងន់​ជាង​១​តោន​នោះ​ពិតជា​ខូចគុណភាព អាជ្ញាធរ​ស្រុក ខេត្ត បាន​ឯកភាព​គ្នា​ធ្វើការ​ដុត​ចោល​នៅ​ជើងភ្នំ​នោះ​តែ​ម្ដង ។

លោក​វរសេនីយ៍ទោ​រូប​នោះ​និយាយ​ថា​ឈ្មួញ​២​នាក់ ដែល​ទិញ​បន្ត​សាច់​នេះ​ពី​ក្រុម​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​អបរំ និង​ឈប់​អោយ​ទិញ​បន្ត​យក​មក​លក់​ទៀត ព្រោះថា សាច់​ទា​ទាំងនេះ​បើ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ហូប អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​មិន​ខាន​ឡើយ ។

តាម​ការ​កត់សម្គាល់ សាច់​ទា​ស្អុយ​ជាង​មួយ​តោន​នេះ ទំនង​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ណាមួយ ដែល​ឈឺ​ងាប់ ហើយ​ម្ចាស់​មិន​កប់​ចោល បែរជា​លក់​ឱ្យ​ឈ្មួញ​យក​ទៅ​លក់​តាម​បណ្ដា​ខេត្ត ។ ដូច្នេះ​ ពិតជា​គ្រោះថ្នាក់​ណាស់ ដល់​សុខភាព​មនុស្ស ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ