ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ដូច្នេះការរក្សាឱ្យបាននូវសុខភាពថ្លើមល្អប្រសើរ គឺចាំបាច់ណាស់! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់បញ្ហាថ្លើមធ្ងន់ធ្ងរផ្សេងៗ ៖
១. លាងសម្អាតដៃឱ្យបានស្អាតញឹកញាប់ ៖ មួយក្នុងចំណោមគន្លឹះដ៏ងាយ ហើយសាមញ្ញបំផុតមួយដើម្បីថែរក្សាសុខភាពថ្លើម គឺការលាងសម្អាតដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់។ អ្នកក៏អាចលាងសម្អាតដៃជាមួយទឹកលាងដៃសម្លាប់មេរោគដែលមានផ្ទុកជាតិអាល់កុលបានផងដែរ។
២. ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ៖ ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានគ្រឿងស្រវឹងច្រើនជ្រុលអាចផលប៉ះពាល់គួរឱ្យព្រួយបារម្ភយ៉ាងណាចំពោះសុខភាពរាងកាយទាំងមូល រួមទាំងថ្លើម។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើមិនអាចផ្ដាច់បាន ចូរទទួលទានក្នុងកម្រិតមធ្យមដោយមិនគួរលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនិងច្រើនជាង ១ កែវ ដែរសម្រាប់នារី។
៣. រក្សាទម្ងន់ឱ្យបានត្រឹមត្រូវ ៖ ការធាត់ជ្រុល ឬលើសទម្ងន់មិនត្រឹមតែជះឥទ្ធិពលលើសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះថ្លើមដែរ។ ភាពធាត់ជ្រុលបង្កើនបរិមាណខ្លាញ់ច្រើនលើសក្នុងថ្លើមដែលអាចបង្កជាជំងឺខ្លាញ់រុំថ្លើមបានយ៉ាងងាយ។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ ៖ លំហាត់ប្រាណ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ។ ការធ្វើលំហាត់ប្រាណជាប្រចាំផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ដល់សុខភាពថ្លើមទប់ស្កាត់ការខូចខាតដោយសារភាពធាត់ជ្រុល។ អ្នកដែលមានបញ្ហាឡើងខ្លាញ់ច្រើនក្នុងថ្លើមក៏គួរធ្វើលំហាត់ប្រាណជាប្រចាំដើម្បីទប់ស្កាត់បញ្ហាកាន់តែធ្ងន់ធ្ងរ។
៥. ទទួលទានអាហារមានសុខភាពល្អ ៖ របបអាហារសុខភាពល្អគួរមានផ្ទុកបរិមាណនៃជាតិសសៃ ប្រូតេអ៊ីនគុណភាពខ្ពស់និងជាតិខ្លាញ់ល្អគ្រប់គ្រាន់។ ការទទួលទានអាហារសុខភាពល្អមិនត្រឹមតែចាំបាច់សម្រាប់រក្សាសុខភាពថ្លើមប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសុខភាពរាងកាយទាំងមូលផងដែរ។ ដើម្បីជាការប្រសើរអ្នកក៏គួរកម្រិតការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់និងចៀសវាងអាហារកែច្នៃសម្បូរសារធាតុគីមីផងដែរ។
៦. មិនទប់នោមយូរ ៖ នៅពេលអ្នកមានអារម្មណ៍ឈឺនោម ចូរប្រញាប់ទៅនោមភ្លាម កុំព្យាយាមទប់ ក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្លើមនិងតម្រងនោមបាន។ ជាពិសេសចំពោះការឈឺនោមនៅពេលព្រឹក គឺអ្នកមិនគួរទប់ឡើយ។
៧. គេងឱ្យបានគ្រប់គ្រាន់ ៖ ការគេងមិនគ្រប់មិនត្រឹមតែធ្វើអោយអ្នកបាក់សម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលខ្លាំងក្លាចំពោះសុខភាពរាងកាយទាំងមូល រួមទាំងថ្លើម។ ក្រៅពីបង្កភាពស្ត្រេសលើថ្លើមហើយនោះ ការគេងមិនគ្រប់ក៏អាចបង្កជាជំងឺធាត់ជ្រុលដែលផ្សារភ្ជាប់នឹងបញ្ហាខ្លាញ់រុំថ្លើមផងដែរ។
៨. ឈប់ជក់បារី ៖ ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងារ។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើមដែលធ្វើឲ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឲ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ