ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង The Peak កំពុង​ស្ថិត​ក្នុង​ភាព​​ចម្រូងចម្រាស់​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង The Peak គឺជា​គម្រោង​អភិវឌ្ឍន៍​អគារ​ចម្រុះ​៥៥​ជាន់ ដែល​រួម​មាន​អគារ​មួយ​សម្រាប់​សណ្ឋាគារ និង​ការិយាល័យ និង​អគារ​ពីរ​ទៀត សម្រាប់​អគារ​ស្នាក់​នៅ​ផ្សារ​ទំនើប…

រាជធានី​ភ្នំពេញ ៖ គម្រោង The Peak គឺជា​គម្រោង​អភិវឌ្ឍន៍​អគារ​ចម្រុះ​៥៥​ជាន់ ដែល​រួម​មាន​អគារ​មួយ​សម្រាប់​សណ្ឋាគារ និង​ការិយាល័យ និង​អគារ​ពីរ​ទៀត សម្រាប់​អគារ​ស្នាក់​នៅ​ផ្សារ​ទំនើប និង​ចំណតរថយន្ត​ជា​ច្រើន​ជាន់ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន អកស៍​ឡី ជេ​ម (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធិ​ឌី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Oxley Holdings Limited ។

ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​ចុះ​កិច្ចសន្យា​ជាមួយ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) ឱ្យ​ក្រុមហ៊ុន SGW ធ្វើ​ជា​អ្នកម៉ៅការ​សាងសង់​គម្រោង​នេះ​។

យោង​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Oxley Gem ថា ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន SGW និង​ដោយសារ​ក្រុមហ៊ុន SGW គ្រប់គ្រង​គម្រោង​មិន​ត្រឹមត្រូវ ជា​ហេតុ​នាំ​ឱ្យ​ការ​សាងសង់​គម្រោង​ជួប​ប្រទះ​ការ​លំបាក និង​មាន​ភាព​យឺតយ៉ាវ​ជា​ខ្លាំង ។

ក្រុមហ៊ុន អកស៍​ឡី ជេ​ម ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៃ​គម្រោង​នេះ បាន​ស្នើ​ផ្តល់​ជំនួយ​ដល់​ក្រុម​ហ៊ុន SGW ដើម្បី​ឱ្យ​ក្រុមហ៊ុន​នេះ អាច​សាងសង់​ឱ្យ​រួច​ទាន់​ពេលវេលា ស្រប​តាម​កិច្ចសន្យា ហើយ​​ថែម​ទាំង​បាន​ពន្យារពេល​ជូន​ក្រុមហ៊ុន SGW សម្រាប់​ធ្វើការ​បញ្ចប់​ការ​សាងសង់​ទៀត​។

យ៉ាងណាមិញ ក្រុមហ៊ុន SGW មិន​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​សាងសង់​របស់​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​ឡើយ ដែល​ជា​កត្តា​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​នេះ ពិតជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​គម្រោង​ទៅ​តាម​ពេលវេលា​កំណត់​ឡើយ​។ ដូច្នេះ ដើម្បី​ជៀសវាង​ការ​យឺត​យ៉ាវ​បន្ថែម​ទៀត ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​សម្រេចចិត្ត​រំលាយ​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន SGW នា​ខែតុលា ឆ្នាំ​២០១៩​។

ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​តែងតាំង​ក្រុមហ៊ុន​សំណង់​ថ្មី​មួយទៀត សម្រាប់​បន្ត​សាងសង់​អគារ ពោល​គឺ​ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ( CRUCG ) ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចិន ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹង​មាំ​ល្អ ។ នៅ​ពេល​ដែល​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន SGW ត្រូវ​បាន​រំលាយ ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ក្នុង​ការ​ចាក​ចេញពី​ទីតាំង​គម្រោង ដើម្បី​ឱ្យ​ក្រុមហ៊ុន CRUCG ចូល​កាន់កាប់​ទីតាំង ដើម្បី​បន្ត​ការ​សាងសង់​គម្រោង​។

យ៉ាងណាមិញ ក្រុមហ៊ុន SGW បាន​បំពាន​កាតព្វកិច្ច​តាម​កិច្ចសន្យា​របស់​ខ្លួន ដោយ​មិន​ព្រម​ចាក​ចេញពី​ទីតាំង​គម្រោង និង​ធ្វើការ​កាន់កាប់​គម្រោង​យ៉ាង​ខុសច្បាប់​។ សកម្មភាព​នេះ បង្ក​ឱ្យ​ការ​សាងសង់​គម្រោង​កាន់តែ​យឺតយ៉ាវ​ខ្លាំង ដោយសារ​ក្រុមហ៊ុន CRUCG មិន​អាច​ចូល​ក្នុង​ទីតាំង​គម្រោង ដើម្បី​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​បាន​។

ហេតុ​ដូចនេះ ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​ដាក់​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​ឱ្យ​តុលាការ​បង្គាប់​ឱ្យ​ក្រុមហ៊ុន SGW ចាក​ចេញពី​ទីតាំង​គម្រោង ដើម្បី​អាច​ឱ្យ ក្រុមហ៊ុន អកស៍​ឡី ជេ​ម អនុវត្ត​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់ និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​គម្រោង​។ នៅ​ក្នុង​នីតិវិធី​រក្សា​ការពារ​នេះ តុលាការ​បាន​ធ្វើការ​កោះហៅ និង​បាន​ផ្តល់​ឱកាស​សមរម្យ​ឱ្យ​ក្រុមហ៊ុន SGW ចូលរួម​ក្នុង​នីតិវិធី ដើម្បី​ធ្វើការ​តតាំង និង​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ​។

យ៉ាងណា​ម៉ិ​ញ ក្រុមហ៊ុន SGW មិន​អើពើ​ចំពោះ​ការ​កោះហៅ​របស់​តុលាការ​ឡើយ ដែល​នាំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យល់​ស្រប​តាម​ការ​ស្នើ​សុំ​របស់ ក្រុមហ៊ុន អកស៍​ឡី ជេ​ម​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​បង្គាប់​ឱ្យ​ក្រុមហ៊ុន SGW អ្នកម៉ៅការ​បន្ត និង​បុគ្គលិក​របស់​ពួក​គេ​ចាក​ចេញពី​ទីតាំង​គម្រោង​​ជា​បន្ទាន់​។

នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​អនុ​វត្ត​ដីកា​សម្រេច​រក្សា​ការពារ នៅ​ទីតាំង​គម្រោង ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​មាន​ជំនួយ​​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ នា​ពេល​អនុវត្ត​នោះ ក្រុមហ៊ុន SGW ប្រកែក​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាសាលា និង​អាជ្ញាធរ​ឡើយ ហើយ​ថែម​ទាំង​ធ្វើការ​រារាំង​ការ​អនុវត្ត​ដីកា​តុលាការ ដោយ​​បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន SGW ដែល​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ និង​ការ​រារាំង​អាជ្ញាធរ​នៅ​ពេល​កំពុង​អនុវត្ត​ភារកិច្ច មេធាវី​របស់​ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​លើក​ឡើង​ថា ទ​ង្វើ​នេះ​អាច​ចាត់ទុកជា​បទល្មើស ក្រោម​​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទោះបីជា​មានការ​រារាំង​យ៉ាងនេះ​ក្តី ក្រោយមក​អាជ្ញាសាលា​បាន​ធ្វើការ​នាំ​ខ្លួន​ក្រុមការងារ​របស់​ក្រុមហ៊ុន SGW ចេញពី​ទីតាំង​គម្រោង​ដោយ​ជោគជ័យ ហើយ​គិត​មក​ដល់​ថ្ងៃនេះ ក្រុមហ៊ុន អកស៍​ឡី ជេ​ម អាច​កាន់កាប់ និង​គ្រប់គ្រង​ទីតាំង​គម្រោង​បាន​វិញ​យ៉ាង​ពេញលេញ​ហើយ ដូច្នេះ​ក្រុមហ៊ុន CRUCG អាច​នឹង​ចាប់ផ្តើម​ការងារ​សាងសង់​គម្រោង​បន្ត ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

នា​ពេល​នេះ ក្រុមហ៊ុន អកស៍​ឡី ជេ​ម កំពុង​បង្គាប់​ឱ្យ​មេធាវី​របស់​ខ្លួន​ធ្វើការ​សិក្សា​ទិដ្ឋភាព​តាម​ផ្លូវច្បាប់ និង​រៀបចំ​ឯកសារ​ក្នុង​ការ​ទាមទារ​សំណង​ការ​ខូចខាត​ពី​ក្រុមហ៊ុន SGW សម្រាប់​រាល់​ការ​ខូចខាត​ដែល​ខ្លួន​ទទួល​រង ដោយសារ​ការ​បំពាន​កាតព្វកិច្ច និង​សកម្មភាព​បំពាន​ច្បាប់​ជា​ច្រើន​របស់​ក្រុមហ៊ុន SGW ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ