គុណ​ប្រយោជន៍របស់​សត្វដំរីតាំងពីបុរាណ​ កាល មកទល់បច្ចុប្បន្ននេះ


ខេត្តមណ្ឌលគិរី ៖ សត្វ​ដំរី​ត្រូវ​បាន​មនុស្ស​ប្រើប្រាស់ជា​កម្លាំង​អូស​ទាញ​ដ៏​ចាំបាច់ ​តាំងពី​បុរាណកាល​មក សូម្បី​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​រាប់​លាន​នាក់ មកពី​គ្រប់​បណ្តា​ទ្វីប​លើ​សាកលលោក ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ជំនាន់​នោះ ​ប្រើ​សត្វ​ដំរី​ជួយ​អូស​ទាញ​ផ្ទាំង​ថ្ម​ធំ​ៗ​សង់​ផ្គុំ​ជា​ប្រាសាទ​ដ៏​មហិមា​។

ក្រ​ឡេកមក​មើល​បច្ចុប្បន្នភាព​របស់​សត្វ​ដំរី​ ដែល​កំពុង​មាន​វត្ត​មាននៅ​ទឹកដី​ខេត្តមណ្ឌលគិរី បើ​ទោះជា​សព្វថ្ងៃ​គេ​លែង​ប្រើប្រាស់​វា​ សម្រាប់​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ឬ​ជា​កម្លាំង​អូស​ទាញ ព្រោះតែ​មាន​ម​ធ្យោ​យ​បាយ​បែប​ទំនើប​ជំនួស​ការ​ប្រើ​សត្វ​ដំរី​ក៏​ដោយ ក៏​ពពួកសត្វ​មាន​មាឌធំ​ៗ​ទាំងនេះ​ ត្រូវ​បាន​អ្នក​ភូមិ​ចិញ្ចឹម​ទុក​ដូច​សមាជិកគ្រួសារ ហើយ​ពួក​វា​នៅ​តែ​អាច​រក​ចំនូល​បាន​ពី​វិស័យ​ទេសចរ​ផង​ដែរ​ ។

​ជុំវិញ​ការ​ផ្សា​ភ្ជាប់​ជីវិត​សត្វ​ដំរី​ជាមួយ​មនុស្ស​ ដែល​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ តែ​នៅ​មាន​អាថ៌​កំបាំង​មួយ​ចំនួន ​ដែល​មនុស្ស​ទូទៅ​មិន​ទាន់​បានដឹង​ពី​ការ​ប្រាស្រ័យ​ទាក់ទង​សកម្មភាព​ប្រចាំ​ថ្ងៃ រវាង ហ្ម និង ដំរី ដូច្នេះ​កោះសន្តិភាព​បាន​ចុះ​ជួប​ម្ចាស់​ដំរី​ផ្ទាល់​ ដើម្បី​សាកសួរ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ ។

ជុំវិញ​ច​ម្ង​ល់​នេះ ​លោក ធី​ង សោម អាយុ​៣២​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ដែល​ទទួល​កេរ្តិ៍​ដំណែល​សត្វ​ដំរី​ពី​ឪពុក​របស់​គាត់ បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹមសត្វ​ដំរី​ខុស​ពី​ចិញ្ចឹមសត្វ​ផ្សេង​ៗ ព្រោះ​សត្វ​ដំរី​មាន​អារ​ម្ម​ណ៏​មនោសញ្ចេតនា​ដូច​មនុស្ស ចេះ​ខឹង ចេះ​ប្រច័ណ្ឌ ចេះ​សប្បាយ​ចិត្ត​ឬ​កើតទុក្ខ ដែល​ទាមទារ​ការ​មើលថែ​ឲ្យ​បាន​ដិត​ដល់​។

អ្នក​ចិញ្ចឹមសត្វ​ដំរី​ក៏​ត្រូវ​មាន​ត្រណម​ជា​ច្រើន​ផង​ដែរ ជៀសវាង​ខុស​ប្រពៃណី​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គាត់ ត្រូវ​ចំណាយ​ច្រើន​លើ​ការ​សែនព្រេន​អា​រុក​អារក្សអ្នកតា​។​ត្រណម​ដែល​គេ​ត្រូវ​គោរព​ជា​ចាំបាច់​នោះ​មាន​ដូច​ជា នៅ​ពេល​មាន​ស្ត្រី​ក្នុងភូមិ​ណា​ម្នាក់​សម្រាលកូន ឬ​ផ្ទះ​ណា​មាន​ពិធី​បុណ្យសព ហ្មដំរី មិន​ត្រូវ​ចូលរួម​ទេ ព្រោះ​និង​ធ្វើ​ឲ្យ​សត្វ​ដំរី​ឈឺ ។​តែបើ​ពិធី​បុណ្យសព​នោះ​ជា​សាច់ញាតិ សមាជិក​ក្នុង​គ្រួសារ​ជៀស​មិន​រួច​ពី​ការ​ចូលរួម គេ​ត្រូវ​រៀប​ពិធី​សែន​(​លិះ​លាង​)​ជា​មុន ដោយ​សំណែន​មាន មាន់ ជ្រូក ស្រា​ពាង ។

សព្វ​ថ្ងៃនេះ ​គ្រួសារ​លោក ធី​ង សោម បាន​ចិញ្ចឹមសត្វ​ដំរី​ញី​មួយ​ក្បាល ឈ្មោះ​ក្រពុំ អាយុ​ជាង​៣០​ឆ្នាំ ដែល​វា​ត្រូវ​បាន​ឪពុក​របស់​លោក ទិញ​ពី​អ្នក​រស់នៅ​ភូមិ​មេ​ម៉​ង់ ស្រុក​កែវ​សីមា កាលពី​អំឡុង​ឆ្នាំ​២០០១ ក្នុង​តម្លៃ​១៥​តម្លឹង​មាស ។ ដែល​កាលនោះ​វា​នៅ​តូច កម្ពស់​ប្រហែល​១​ម៉ែត្រ​កន្លះ​ប៉ុនណោះ ហើយ​រាល់ថ្ងៃ​វា​បាន​ធំធាត់​ពេញវ័យ មាន​មាឌធំ កម្ពស់​ជាង​២​ម៉ែត្រ​ឯណោះ​។

រំ​ឮ​ក​កាល​ដំរី​ក្រពុំ​នៅ​តូច​លោក ធី​ង សោម បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក​មិន​មាន​ជំនាញ​បង្ហាត់​បង្រៀន​​វា​នោះ​ទេ ពោល​គឺ​ចិញ្ចឹម​តាម​គ្នា​ទម្លាប់​តាំងពី​ដូនតា​មក​។​ ប៉ុន្តែ​ការ​មើលថែ​សត្វ​ដំរី​ក៏​ត្រូវការ​សម្ភារ​មួយ​ចំនួន​ដែរ ដើម្បី​បង្ក្រាប​ពេល​វា​រករឿង​ធ្វើបាប​ម្ចាស់​។ ​សម្ភារៈ​ដែល​ហ្មដំរី ប្រើ​នោះ មាន​ដូច​ជា រំពាត់​ផ្តៅ ដង​ក​ង្វែ វាយ​ទៅ​លើ​ក្បាល​ឬ​លើ​ដងខ្លួន ពេល​ដែល​ដំរី​មិន​ស្តាប់​បញ្ជា​។​និយាយ​ពី​ការ​ផ្គត់ផ្គង់​ចំនី​ប្រចាំ​ថ្ងៃ​ឲ្យ​ដំរី​ក្រពុំ​ស៊ី លោក សោម បាន​បញ្ជាក់​ថា នៅ​ពេល​ថ្ងៃ​ប្អូន​របស់​គាត់​យក​វា​ទៅ​ឃ្វា​តាម​ព្រៃ​មាត់​អូរ សម្បូរ​ចេក​ព្រៃ ដើម​ឬ​ស្សី​។ តែ​ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ដំរី វា​ក៏​បាន​ឆ្ងាញ់​មាត់​មួយ​ពេល​ៗ ដោយ​ភ្ញៀវ​បាន​ទិញ ដើម​អំពៅ ផ្លែ​ចេក និង​ផ្លែ​ឈើ​ផ្សេង​ៗ​ទុក​ឲ្យ​វា​ស៊ី ដើម្បី​ថតរូប​លេង​។

ថ្លែងប្រាប់​បន្ត លោក ធី​ង សោម បាន​ឲ្យ​ដឹង​ថា ភូមិ​ដែល​លោក​រស់នៅ​សព្វ​ថ្ងៃនេះ មាន​អ្នកទេសចរ​យ៉ាង ហោច​៥០០​នាក់​បាន​ចូល​ទៅ​កម្សាន្ត​ក្នុង​១​ខែ​ៗ ជា​ពិសេស​គឺ​ភ្ញៀវ​បរទេស ដោយ​ពួក​គាត់​ចាប់អារម្មណ៍ ការ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ​ជាមួយ​សត្វ​ដំរី ។ ការ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ឲ្យ​ចំណី និង​ងូតទឹក​អូរ​លេង​ជាមួយ សត្វ​ដំរី ចំណែក​ការ​ចំណាយ​ដើរ​លេង​តាម​ព្រៃ​ភ្នំ​ជាមួយ​សត្វ​ដំរី អ្នកទេសចរ​ត្រូវ​បង់លុយ​ចំនួន​៣០​ដុល្លា ឬ​១២០ ០០០៛ ក្នុង​០១​ថ្ងៃ ទៅ​ឲ្យ​ម្ចាស់​សត្វ​ដំរី ។

ជា​ទូទៅ​ក្នុង​១​ខែ ​មាន​អ្នកទេសចរ​ដើរ​លេង​កម្សាន្ត​ព្រៃ​ជាមួយ​ដំរី​ឈ្មោះ​ក្រពុំ របស់​លោក ធី​ង សោម ប្រមាណ​២០​ថ្ងៃ និង​អាច​រក​ចំណូល​ឲ្យ​គ្រួសារ​លោក​ជា​មធ្យម​៦០០​ដុល្លា ។ បច្ចុប្បន្ន​នេះ​ដំរី​ទេសចរណ៍​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឡើង​ជិះ​នោះ​ទេ ដោយ​ពួក​គាត់​អាច​លេង​ជាមួយ​វា ឬ​ឲ្យ​ចំណី ប៉ុនណោះ​ព្រោះ​ការ​យក​សត្វ​ដំរី​ទៅ​ឲ្យ​ភ្ញៀវ​ជិះ​លេង​កម្សាន្ត​ហាក់បីដូចជា​ធ្វើ​ទារុណកម្ម ។​កន្លង​មក​ទោះបី​មាន​គេ ហ៊ាន​ទិញ​ក្រពុំ​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លា​ក៏​លោក​មិន​លក់​ដែរ មិនមែន​ព្រោះតែ​វា​អាច​រក​ចំណូល​ឲ្យ​លោក​នោះ​ទេ តែ​ព្រោះ​មាន មនោសញ្ចេតនា​ជាមួយ​វា និង​ចាត់​ទុក​វា​ជា​សមាជិកគ្រួសារ ។

លោក ឃុន ឌី​យ៉ូ​ន នាយក​អង្គការ​សត្វ​ដំរី​នៅ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ថា គិត​ត្រឹម​ឆ្នាំ​២០១៩ សត្វ​ដំរី​ចិញ្ចើម របស់​អ្នកស្រុក​និង​សត្វ​ដំរី​របស់​អង្គការ​លោក​ផ្ទាល់​សរុប​មាន​ចំនួន​៣៨​ក្បាល ដោយ​តួលេខ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ព្រោះតែ​សត្វ​ដំរី​ទាំងនោះ​មិន​បាន​បង្ក​កំណើត​ថ្មី ។​ហើយ​កន្លង​ទៅ​នេះ​មាន​សត្វ​ដំរី​ជា​ច្រើន​បាន​ងាប់​ដោយសារ​វ័យចាស់​ជរា និង​ខ្លះ​ត្រូវ​បាញ់​សម្លាប់​ព្រោះ​វា​ចុះប្រេង ជាន់​សម្លាប់​ម្ចាស់​។

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ធ្លាប់​បាន​ឲ្យ​ដឹង​ថា សត្វ​ដំរីព្រៃ​ដែល​មាន​វត្ត​មាននៅ​តាម​បណ្តា​ព្រៃ​ការពារ​ក្នុង​ខេត្ត មាន​ជាង​៣០០​ក្បាល ហើយ​ចំនួន​នេះ​អាច​ការ​មានការ​ប្រែប្រួល ព្រោះ​គេ​បាន​ប្រទះ​ឃើញ​ហ្វូង​ដំរី​ខ្លះ​កើតកូន​តូច​ៗ​បន្ថែម​ទៀត​។ ​ជា​ញឹកញយ​គេ​តែង​បានឃើញ​ហ្វូង​សត្វ​ដំរីព្រៃ​បង្ហាញខ្លួន​នៅ​ស្រុក​កែវ​សីមា ចុះ​លេង​ទឹក​នៅ​ចំនុច​ក្រោយ​សាលាស្រុក ដែល​នេះ​ជា​រឿង​រីករាយ​បំផុត​របស់​ក្រុម​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ