កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២០ ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​មក​ត្រឹម​៦​ភាគរយ


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វិស័យ​សំខាន់​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​កន្លង​មក ដូច​ជា​ការ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) ប្រមាណ ២០​ភាគរយ និង​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ទេសចរណ៍ ដោយសារ​តែ​ការ​រីក​រាល​នៃ​វីរុស​កូ​រ៉ូ​ណា ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​មក​ត្រឹម​៦​ភាគរយ ឬ​លើស ៦ ភាគរយ​តិចតួច ក្នុង​ឆ្នាំ ២០២០​នេះ ។

​យោង​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ​មិនមែន​តែ​កម្ពុជា​ទេ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វីរុស Covid 19 ជាក់ស្ដែង​តាម​ព័ត៌មាន​ប្រទេស​មួយ​ចំនួន​បាន​ត្រៀមខ្លួន​ក្នុង​ការ​ទប់​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​កម្ពុជា​ក៏​បាន​ដាក់​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ​ដែរ ។ ​សម្ដេច​បាន​មាន​ប្រសាសន៍​បន្ត​ថា​ឆ្នាំ​នេះ សេដ្ឋកិច្ច​ពិភពលោក​និង​ថ្នាក់​តំបន់​មិន​ខ្ពស់​ប៉ុន្មាន​ទេ ។ ក្នុង​ពេល​ដែល​កូ​រ៉ូ​ណា​ថ្មី​មិន​ទាន់​លេចឡើង ឃើញ​ថា​សេដ្ឋកិច្ច​ពិភពលោក​ថមថយ​ហើយ រាប់​ទាំង​កម្ពុជា ដែល​ក្នុង​នោះ​ឆ្នាំ ២០១៩​កន្លង​ទៅ​សម្រេច​បាន​៧,១​ភាគរយ ក៏​ប៉ុន្តែ​សម្រាប់​ច្បាប់​ឆ្នាំ ២០២០​នេះ យើង​ដាក់​ត្រឹមតែ​គោលដៅ​៦,៥​ភាគរយ ។

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « រហូត​ដល់​ពេល​កូ​រ៉ូ​ណា​បាន​ចាប់ផ្ដើម​លេចឡើង យើង​រំពឹងគិត​ថា​កំណើន​ត្រឹម​៦,៥​ភាគរយ ប្រហែល​ទៅ​មិន​រួច​ទេ តែ​យើង​អាច​និយាយ​ថា​ជុំវិញ ៦​ភាគរយ ។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា វា​អាច​សម្រេច​បាន​លើ​៦​ភាគរយ​បន្តិច ឬ​ក្រោម​៦​ភាគរយ​បន្តិច ព្រោះ​វា​ជា​ដំណាក់​កាលដែល​យើង​បាន​ឆ្លងកាត់ » ។ សម្ដេច​មាន​ប្រសាសន៍​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា បាន​និង​កំពុង​ប៉ះពាល់​ទង្គិច​ជាមួយនឹង​វិស័យ​ទេសចរណ៍ នឹង​ធ្វើ​អោយ​បាត់បង់​នូវ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​នេះ ជាក់ស្ដែង​ក្នុងឆ្នាំនេះ និង​ពេល​នេះ ដែល​ជា​រដូវ​ទេសចរណ៍​ខ្ពស់ តែ​បែរជា​អត់​សូវ​មាន​ទេសចរ​មក​លេង​នៅ​កម្ពុជា​ធ្វើ​អោយ​ទេសចរ​ធ្លាក់​ចុះ ។ ក្រៅពី​វិស័យ​ទេសចរណ៍នេះ​ដែរ វីរុស​កូ​រ៉ូ​ណា ក៏​បាន​ធ្វើ​អោយ​ប៉ះទង្គិច​ទៅ​លើ​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន ដែល​យក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ។ បញ្ហា​នេះ​មិនមែន​រង​ផល​ប៉ះពាល់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​ដែល​ព្យាយាម​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ចិន​ដែរ ។

ធនាគារពិភពលោក​ប្រចាំ​កម្ពុជា កន្លង​មក​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​នឹង​រង​ផល​ប៉ះពាល់​បើសិនជា​សេដ្ឋកិច្ច​ចិន​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​កម្ពុជា​នៅ​ទទួល​រង​ឥទ្ធិពល​ពី​ចិន​ច្រើន ទាំង​ភ្ញៀវ​ទេសចរ និង ការ​វិនិយោគ​ផ្ទាល់ ជាក់ស្ដែង​ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​លំដាប់​កំពូល ហើយ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​ចិន​ឈរ​លំដាប់​កំពូល​ដែរ ។ ភាព​មិន​ច្បាស់លាស់​នៃ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប ក៏​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ក្នុង​ពេល​ដែល​ភ្ញៀវ​ចិន​នៅ​កម្ពុជា មាន​ច្រើន​ជាងគេ ហើយ​ចិន​មាន​បញ្ហា​លើ​ករណី វីរុស​កូ​រ៉ូ​ណា វា​ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​វិស័យសេដ្ឋកិច្ច ដោយសារ​តែ​វិស័យទេសចរណ៍ បាន​រួមចំណែក​ធំ​ដល់​កំនើនសេដ្ឋកិច្ច ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​បង្ហាញ​ថា​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​៦,៦១​លាន​នាក់​កើនឡើង​៦,៦​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ។ ក្នុង​វិស័យ​នេះ​ដែរ បាន​មុខរបរ​និង​ការងារ​ទេសចរណ៍​ដល់​ពលរដ្ឋ​ប្រមាណ​៦៣​ម៉ឺន​នាក់ និង​រក​ចំណូល​បាន​ប្រមាណ​ជិត​៥​ពាន់​លាន​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ។

​លោក វិចិត្រ មាន​វ័យ​ប្រមាណ​ជាង ៤០ ឆ្នាំ​ដែល​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រូប​នៅ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេស​បរទេស​មក​ទស្សនា​កំសាន្ត​តំបន់​ទេសចរណ៍​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ប៉ះពាល់​ដល់​ចំណូល​និង​ជីវភាព​របស់​អ្នកជំនួញ​តូច​ធំ ទូ​ទាំង​ខេត្តសៀមរាប ជាក់ស្តែង​នៅ​រដូវ​កាល​នេះ​ធ្លាប់តែ​មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​អង្គរវត្ត​យ៉ាង​ហោច​ណាស់ ១៥០ ទៅ ២០០ នាក់​ក្នុង​មួយ​ថ្ងៃ បែរ​ធ្លាក់​មក​ត្រឹមតែ ៤០ ទៅ ៥០ នាក់​ក្នុង​មួយ​ថ្ងៃ​ចាប់តាំងពី​ដើម​ខែមករា​មក​ម្លេះ ហើយ​ចូល​ដល់​ខែ​កុ​ម្ភះ​នេះ​ទៀត​សោត គឺ​រឹតតែ​ស្ងាត់​ឡើង​ៗ ។​លោក​បាន​បន្ត​ថា «​ការ​ធ្លាក់​ចុះ​ភ្ញៀវ​បរទេស​បែប​នេះ គឺ​ប៉ះ​គ្រប់​វិស័យ​ទាំង​អ្នក​រត់​តាកស៊ី ផ្ទះសំណាក់ សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន មិន​ថា​តែ​រូប​ខ្ញុំ​នោះ​ទេ​» ។

​ជុំវិញ​បញ្ហា​នៃ​ការ​រង​គ្រោះជា​អវិជ្ជមាន​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​ជាតិ​នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​នឹង​សភាពការណ៍​នៃ​កា​រវិ​វត្ត​ចុង​ក្រោយ​នេះ ដែល​ក្នុង​នោះ​ប្រឈម​ទាំង​ការ​ថមថយ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​មក​កាន់​សៀមរាប ក៏​ដូច​ជា​ការ​ប្រឈម​នឹង ការ​ថយ​ចុះ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​វិស័យ​ទេសចរណ៍ ដែល​គាំទ្រ និង​ប្តេជ្ញា​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​អនុវត្ត​វិធានការ​ទាំង ៧​ចំណុច មាន​ដូច​ជា ទី​១ ៖ លើកលែង (​រដ្ឋ​ទទួល​បន្ទុក​ពន្ធ​ជំនួស​) នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព អាជីវកម្ម​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​បួន​ខែ ដោយ​គិត​ចាប់​ខែកុម្ភៈ រហូត​ដល់​ខែឧសភា ឆ្នាំ​២០២០​។ អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​តែ​មាន​កាត​ព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាន​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀង​រាល់​ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។

ទី​២ ៖ មិន​ធ្វើ​សវន​កម្ម​ពេញលេញ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​។ ទី​៣ ៖ ធ្វើ​វិចារណ​កម្ម​ថវិកាជាតិ​ឆ្នាំ ២០២០ ទាំង​ចំណាយ​ចរន្ត និង​ចំណាយ​វិនិយោគ ពិសេស​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្រៅប្រទេស ដោយ​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​ទៅ​ជា​ចលនា​ជាតិ​ធំ​ទូលាយ តាម​រយៈ​ការ​ជំរុញ​នូវ​ការ​ធ្វើ​សិក្ខាសាលា កិច្ចប្រជុំ វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ និង​កម្មវិធី​ផ្សេង​ៗ​ទៀត រៀបចំ​ដោយ​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យ​ទៅ​ធ្វើ​នៅ​តាម​ខេត្ត​សំខាន់​ៗ ពិសេស​គឺ​ខេត្តសៀមរាប​។

​ក្នុង​នោះ​វិធាន​ការណ៍​ទី​៤ គឺ បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង (​ដូច​ជា បាងកក​-​សៀមរាប និង ហូ​ជី​មិ​ញ​-​សៀមរាប​) ពិសេស​តាម​រយៈ​រថយន្តក្រុង ឬ​រថយន្ត​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ឡើង​នៅ​កន្លែង​ទទួល​សេវាកម្ម​ឆ្លងកាត់​ព្រំដែន និង​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ក៏​ដូច​ជា​វិធាន​ការណ៍​មួយទៀត​គឺ «​រក្សា​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​នៅ​ដដែល ប៉ុន្តែ​បន្ថែមចំនួន​ថ្ងៃ​សម្រាប់​ប្រភេទ​សំបុត្រ​នីមួយ​ៗ សំបុត្រ​សម្រាប់ ១​ថ្ងៃ អាច​ចូល​មើល​បាន ២​ថ្ងៃ សំបុត្រ​សម្រាប់ ៣​ថ្ងៃ អាច​ចូល​មើល​បាន ៥​ថ្ងៃ និង​សំបុត្រ​សម្រាប់ ៧​ថ្ងៃ អាច​ចូល​មើល​បាន ១០​ថ្ងៃ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​ស្នាក់​នៅ​បន្ថែម​នៅ​កម្ពុជា​» ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ