ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង “​ផ្កា​រីក​ចុងរដូវ​”

13 ឆ្នាំ មុន

ភាគទី20

ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ងងឹតភ្នែក​និង​ពិការ​ខួរក្បាល

ព្រះ​ទិន្នករ​រះ​ចិញ្ចែងចិញ្ចាច​សា​ជា​ថ្មី បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ លើ​ចុង​ព្រឹក្សា រួច​ហើយ​ទទះ​ស្លាប​ហើរ​ភឹល​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ ដើម្បី​ស្វែងរក​ចំណី​តាម​សភាវៈគតិ​ដែល​ធម្មជាតិ​បង្កើត​មក​…​។
នៅ​ក្នុង​សណ្ឋាគារ​កុលាប​១​ក្រុង​សៀមរាប ណា​វី​គ្រង​សំលៀក បំពាក់​ឈុត​សណ្ឋាគារ បោះ​ជំហាន​ដើរ​ចេញពី​ខាងក្នុង​សំដៅ​មក​ខាង​មុខ​ក៏​ជួប នឹង​លោក​វណ្ណ​រ័​ត្ន​ប្រដាប់​ដោយ​ខោអាវ​ធំ​ឈុត​សណ្ឋាគារ​ដូច​គ្នា​…​លោក​ វណ្ណ រ័​ត្ន​បន្លឺ​សួរ

  • អារម្ភកថា
  • បុព្វហេតុ​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​និពន្ធ​រឿង​ប្រលោមលោក​នេះ​ឡើង (​ផ្កា​រីក​ចុងរដូវ​) ដោយសារ​រូប​ខ្ញុំ​ផ្ទាល់​ស្រឡាញ់​ការ​តែង​និពន្ធ និង​ចង់​ពង្រីក​បទ ពិសោធន៍​ផ្នែក​និពន្ធ​របស់​ខ្លួន​ឱ្យ​កាន់តែ​ធំធាត់ រួមចំណែក​អភិវឌ្ឍន៍​វិស័យ “​តែង និពន្ធ​” ជាមួយ​សិស្ស​ច្បង​ជំនាន់​មុន ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​ៗ​ទៀត ។

    ខ្ញុំ​យល់​ថា ការ​តែង​និពន្ធ ដូច​ជា​អត្ថបទ​កំណាព្យ អត្ថបទ​ស្រាវ ជ្រាវ ឬ​អត្ថបទ​ប្រលោមលោក​ក្ដី សុទ្ធសឹងតែ​មាន​សារសំខាន់​ណាស់ ព្រោះ​វា បាន​ផ្ដល់​នូវ​ចំណេះដឹង​ទូទៅ​ខ្លះ​ៗ​ដល់​មិត្ដ​អ្នក​អាន ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម ដោយ​ប្រមូលផ្ដុំ​នូវ​ដំណើរ​អវិជ្ជមាន និង​វិជ្ជមាន​សម្រាប់​មិត្ដ​អ្នក​អាន​វិនិច្ឆ័យ ។ អត្ថន័យ​មួយទៀត ខ្ញុំ​សូម​បញ្ជាក់​ថា លោក​អ្នក​សិក្សា​ទាំងឡាយ ជា​ពិសេស សិស្ស​-​និស្សិត​មិន​ត្រូវ​មើល​រំលង​ការ “​តែង​និពន្ធ​”​នោះ​ទេ ព្រោះ​ការ​តែង​និពន្ធ វា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ឱ្យ​យើង​យល់​ដឹង​ពាក្យពេចន៍ ចេះ​ប្រើ​វោហារ​ស័ព្ទ ក្នុង​ការ​និយាយ និង​សរសេរ ស្គាល់​អក្ខរាវិរុទ្ធ អត្ដសញាណ​អក្សរសាស្ដ្រ​ខ្មែរ ពិត​ៗ ។
    * សង្គ្រាម​នៅ​លើ​សមរភូមិ មិន​អាច​បញ្ចប់​បាន​ដោយ​ចុង​អាវុធ នោះ​ទេ ប៉ុន្ដែ​វា​អាច​បញ្ចប់​បាន​ដោយ​ចុង​ប៊ិ​ច !…

    តាម​ពិត​ទៅ ខ្ញុំ​មិនមែន​ជា​អ្នកនិពន្ធ​ដ៏​ខ្ពង់ខ្ពស់​នោះ​ទេ ខ្ញុំ​គ្រាន់តែ ជា​អ្នកនិពន្ធ​ក្រៅ​ប្រព័ន្ធ​ម្នាក់​ប៉ុណ្ណោះ ខ្ញុំ​ចេះ​និពន្ធ​ដោយសារ​ការ​ស្រាវជ្រាវ​ខ្លួន ឯង និង​ការ​សាកសួរ​ត​ៗ​ពី​អ្នកនិពន្ធ​រៀមច្បង ទើប​ធ្វើ​ឱ្យ​ខ្ញុំ​បាន​យល់​ដឹង​ខ្លះ​ៗ… បន្ទាប់​មក​គឺ​ការងារ​បង្រៀន​ខ្ញុំ ជា​ពិសេស​សារព័ត៌មាន “​កោះសន្ដិភាព​” ព្រោះ ខ្ញុំ​បាន​បំរើ​ការ​ជា​ជំនួយការ​និពន្ធ​ប្រចាំ​សារព័ត៌មាន​កោះសន្ដិភាព​ជាង​ ១០​ឆ្នាំ (​ចាប់តាំងពី​១៩៩៣) មក​ហើយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការ​តែង​និពន្ធ​របស់ខ្ញុំ​បាន រីក​ធំធាត់​ឡើង ។ ទិដ្ឋភាព​សង្គម ព្រឹត្ដិការណ៍​ជា​ច្រើន អនុស្សាវរីយ៍​រាប់​មិន អស់ ដែល​ខ្ញុំ​បាន​ជួប​ប្រទះ សុទ្ធសឹងតែ​ជា​របកគំហើញ​ដ៏​មាន​ប្រយោជន៍ និង ផ្ដល់​បទ​ពិសោធន៍​ល្អ​ៗ បើ​ទោះណាជា​មាន​ពេល​ខ្លះ​ផ្អែមល្ហែម ពេល​ខ្លះ​ល្វីង​ជូរ ចត់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចង់ឱ្យ​រសជាតិ​ទាំងនោះ​រលុប​បាត់​ពី​អារម្មណ៍​ទាំង​៥​ របស់ខ្ញុំ ដែរ ដូច្នេះ​ហើយ​ខ្ញុំ​សូម​រក្សា​វា​ទុក​នៅ​ក្នុង​សៀវភៅ​ប្រលោមលោក​មួយ​នេះ​ចុះ ។

    សេចក្ដី​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ បណ្ដាល​ឱ្យ​ខ្ញុំ​មាន មោទនភាព​រៀបរៀង​និពន្ធ​ជា​សៀវភៅ​ប្រលោមលោក​នេះ​ឡើង គឺ​រឿង “​ផ្កា​រីក​ចុងរដូវ​” ។

     

    • ផ្ទៃរឿង​ឆ្លុះ​បញ្ចាំង

    កម្រង​និពន្ធ​មាន​ប្រវែង​៤៨១​ទំព័រ ចាប់ពី​ផ្ដើម​ពី​សាច់​រឿង ដំបូង​រហូត​ដល់​ចប់ ។
    សារសំខាន់​    ​៖​    ​ផ្ដោត​លើ​ការ​រួម​គ្នា​ទប់ស្កាត់ និង​កាត់​បន្ថយ​វិបត្ដិ​សេដ្ឋកិច្ច
    *    ​បង្ហាញ​នូវ​គំរូ​អក្សរសាស្ដ្រ (​អក្ខរាវិរុទ្ធ​), ពាក្យពេចន៍​, សំនួនវោហា
    *​    ​រសជាតិ​នៃ​មនោសញ្ចេតនា និង​ចំណងមិត្ដភាព
    *​    ​តថភាព​សង្គម​ផ្សេង​ៗ…
    *​    ​កិច្ច​សហប្រតិបត្ដិការ និង​ទំនាក់ទំនង​សាធារណៈ
    *​    ​វិស័យ​វិនិយោគ និង​ការ​អភិវឌ្ឍន៍
    *​    ​គុណធម៌ និង​ចរិយា​ធម៌​របស់​បុគ្គល
    *​    ​សម្បត្ដិ​មនុស្សធម៌​, សម្បត្ដិ​វប្បធម៌ និង​សម្បត្ដិ​ធម្មជាតិ
    *​    ​វប្បធម៌​ជប៉ុន និង​កម្ពុជា
    *​    ​វិស័យ​ឯកជន​ជប៉ុន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា
    *    ​ប្រយោជន៍​លើកកំពស់​មុខមាត់​សង្គម ដែល​ផ្ដោត​សំខាន់​ទៅ លើ​ការ​រួមដៃគ្នា​ទប់​ស្ដា​ត់ និង​កាត់​បន្ថយ​វិបត្ដិ​សេដ្ឋ​ក្ចិ ព្រមទាំង ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្ដិការ​រវាង​ស្ថាប័នរដ្ឋ​ជាមួយ​វិស័យ​ឯកជន និង​ជាមួយ​ប្រទេស​ជប៉ុន ។

    -​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ស្ថា​បនិក​សារព័ត៌មាន​កោះសន្ដិភាព​និង​លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ជា​ភរិយា ដែល​មាន​ព្រហ្ម​វិហារធម៌​ផ្ដល់​ការងារ​ឱ្យ​ខ្ញុំបាទ​បាន​បំរើ​ការ​ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក មិនតែប៉ុណ្ណោះ​រូប​ខ្ញុំបាទ​បាន​លួច​ចាត់​ទុក​លោក​ទាំង​ពីរ​ជា​អ្នក​មានគុណ​ ទី​២ និង​ជា​គ្រូ​របស់ខ្ញុំ​ទៀត​ផង (​មាន​ថ្ងៃមួយ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង បាន​ប្រាប់​ខ្ញុំ ថា បើ​ចង់​ក្លាយជា​អ្នកនិពន្ធ​ដ៏​ពូកែ​ម្នាក់ គឺ​ត្រូវ​តែ​ខំប្រឹង​សរសេរ​កុំ​រីងស្ងួត រហូត ទាល់តែ​គេ​ស្រែ​កថា ល្អ !…) ហើយ​ឈ្មោះ​ខ្ញុំបាទ យិ​ន ពិសិដ្ឋ នេះ​គឺ​លោក ឧកញ៉ា​ជា​អ្នក​ដាក់​ឱ្យ​ផ្ទាល់​តែ​ម្ដង​…​ទោះជា​ពេលវេលា​ចេះ​តែ​កន្លង​ផុត ​ទៅ​យ៉ាង ណា​ក៏​ដោយ យូរ​ៗ​ម្ដង​ពេល​ដែល​រលឹក​ទៅ​ដល់​កាយវិការ​របស់​លោក​ឧកញ៉ា និង​លោក​ជំទាវ​ដែល​ផ្ដល់​ឧបការគុណ​មក​លើ​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំបាទ​រំភើប​រហូត​ហូរ​ទឹក ភ្នែក​ដោយ​មិនដឹង​ខ្លួន ។
    -​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម លឹ​ម គាន​ហោ រដ្ឋមន្ដ្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ឧបត្ថម្ភ​ថវិកា​បោះពុម្ពផ្សាយ ។
    -​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ទីប្រឹក្សា ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​បាន​ឧបត្ថម្ភ​ថវិកា បោះពុម្ពផ្សាយ ។
    -​សូម​ថ្លែងអំណរគុណ​ចំពោះ​មន្ដ្រី​ស្ថានទូត​ជប៉ុន ដែល​បាន​ជួយ ផ្ដល់​ឯកសារ​វប្បធម៌ និង​ជួយ​ជ្រោមជ្រែង ។
    – ​សូម​ថ្លែងអំណរគុណ​ចំពោះ​មិត្ដ​ប្រុស​-​ស្រី​ទាំងអស់​ដែល​បាន គាំទ្រ និង​ជំរុញ​ឱ្យ​ខ្ញុំបាទ​ប្រតិស្ឋាន​នូវ​កម្រង​ប្រលោមលោក​នេះ​ឡើង ។
    កាយវិការ ​របស់​ឯក​ឧត្ដ​ម្ភ​, លោក​ឧកញ៉ា​, លោក​ជំទាវ និង​មិត្ដ ភក្ដិ​របស់ខ្ញុំ​ទាំងអស់ គឺជា​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​អក្សរសាស្ដ្រ អក្សរ សិ​ល្បិ៍​ខ្មែរ លើកទឹកចិត្ដ​ដល់​ការ​តែង​និពន្ធ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ  ស្វែង​យល់​នូវ​ទិដ្ឋភាព​សង្គម​ផ្សេង​ៗ តាម​រយៈ​កម្រង​ប្រលោមលោក​រឿង  “​ផ្កា​រីក​ចុងរដូវ​” នេះ ។

    រឿង       ផ្កា​រីក​ចុងរដូវ

    ភាគទី20

    ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ងងឹតភ្នែក​និង​ពិការ​ខួរក្បាល

    ព្រះ​ទិន្នករ​រះ​ចិញ្ចែងចិញ្ចាច​សា​ជា​ថ្មី បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ លើ​ចុង​ព្រឹក្សា រួច​ហើយ​ទទះ​ស្លាប​ហើរ​ភឹល​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ ដើម្បី​ស្វែងរក​ចំណី​តាម​សភាវៈគតិ​ដែល​ធម្មជាតិ​បង្កើត​មក​…​។
    នៅ​ក្នុង​សណ្ឋាគារ​កុលាប​១​ក្រុង​សៀមរាប ណា​វី​គ្រង​សំលៀក បំពាក់​ឈុត​សណ្ឋាគារ បោះ​ជំហាន​ដើរ​ចេញពី​ខាងក្នុង​សំដៅ​មក​ខាង​មុខ​ក៏​ជួប នឹង​លោក​វណ្ណ​រ័​ត្ន​ប្រដាប់​ដោយ​ខោអាវ​ធំ​ឈុត​សណ្ឋាគារ​ដូច​គ្នា​…​លោក​វណ្ណ រ័​ត្ន​បន្លឺ​សួរ

    -​មាន​ឃើញ​ធា​រី​រៀបចំ​ខ្លួន​មក​ធ្វើការ​ដែរ​ទេ ?​…

    ណា​វី​ហាក់​ភ្ញាក់ផ្អើល​បន្ដិច

    -​អត់​ឃើញ​ទេ !…​ខ្ញុំ​កំពុង​តែ​ដើរ​រក​នាង​ដែរ !…

    លោក​វណ្ណ​រ័​ត្ន​ទឹកមុខ​ស្ងួត ជ្រួញ​ចិញ្ចើម ព្រមទាំង​ដកដង្ហើម​ធំ

    -​ចាប់តាំងពី​មក​ពី​សម្ពោធ​ក្រុមហ៊ុន​របស់​ពិសិដ្ឋ​…​នាង​ជួប​ខ្ញុំ​មួយភ្លែត​…​ទឹកមុខ​ស្ងួត​…​មិន​និយាយ​រក​ខ្ញុំ​ទេ​…​ប្រហែលជា​មានរឿង​អី​ហើយ !…

    -​ត្រូវ​ហើយ !…​នាង​មាន​បញ្ហា​ជាមួយ​ពិសិដ្ឋ !…(​ណា​វី​)

    -​មាន​បញ្ហា​អី​ទៅ !…(​វណ្ណ​រ័​ត្ន​សួរ​)

    -​គឺ​នាង​មិន​ទទួល​ពាក្យ​ស្នេហា​ពី​ពិសិដ្ឋ !…(​ណា​វី​)

    -​ប្រហែលជា​នាង​សម្ងំ​ក្នុង​បន្ទប់​ហើយ​…​ខ្ញុំ​ទៅ​និយាយ​ជាមួយ នាង​សិន !…(​វណ្ណ​រ័​ត្ន​)

    -​អេស !…​មិនបាច់​ទេ​…​ទុក​ឱ្យ​ខ្ញុំ​វិញ​ល្អ​ជាង​…​យល់​ល្អ​លោក​នៅស្ងៀម​បន្ដិច​សិន​ទៅ !…​រឿង​មនោសញ្ចេតនា​ប៉ះទង្គិច​អារម្មណ៍​ផ្លូវចិត្ដ​ខ្លាំងណាស់​…​ពិសិដ្ឋ​ឯណោះ​វង្វេង​បាត់បង់​ស្មារតី​អស់ហើយ !…​នាង​ក៏​ពិបាកចិត្ដ ណាស់​ដែរ​…​ខ្ញុំ​សាកល្បង​និយាយ​ហេតុផល​ជាមួយ​នាង​សិន !…

    ចប់​សម្ដី​ណា​វី​ត្រឡប់​ខ្លួន​វឹង​សំដៅ​ទៅ​រក​បន្ទប់​ធា​រី​ដែល​មានបន្ទប់​ផ្ទាល់ខ្លួន​ក្នុង​សណ្ឋាគារ​នេះ​ដែរ​…​ទុក​ឱ្យ​លោក​វណ្ណ​រ័​ត្ន​នៅ​ឈរ​រេរា​ច្របូកច្របល់​…​។

    ណា​វី​លើកដៃ​គោះ​ទ្វារ​បន្ទប់ ព្រមទាំង​ពោល​ពាក្យសួរ

    -​ធា​រី !…​ខ្ញុំ​អាច​ចូល​បាន​ទេ ?​…

    -​ចូល​ម៉ោ !…

    ណា​វី​ច្រាន​ទ្វារ​ចូល​ទៅយល់​ធា​រី​អង្គុយ​សម្កុក​នៅ​ទល់មុខ​ទូ សំអាង​ជាមួយ​ទឹកមុខ​ក្រៀមក្រំ និង​ភ្នែក​យំ​ឡើង​ហើម​ទៅ​ហើយ​…​ណា​វី​ដាក់​ដៃលើ​ស្មា​ធា​រី​ថ្នម​ៗ ព្រមទាំង​ពោល​លួងលោម

    -​ខ្ញុំ​ដឹង​ថា​ឯង​ពិបាកចិត្ដ​ពេក​ណាស់ !…​តែឯង​សម្រេច​បែប​នេះ​គឺត្រឹមត្រូវ​ហើយ​…​កុំឱ្យ​រសេមរសាម​ជំពាក់ជំពិន​តទៅ​ទៀត !…

    ធា​រី​និយាយ​ខ្សឹកខ្សួល​បណ្ដើរ ហូរ​ទឹកភ្នែក​បណ្ដើរ

    -​តាម​ពិត​ខ្ញុំ​ធ្វើបាប​ពិសិដ្ឋ​ទៅ​វិញ​ទេ​…​ខ្ញុំ​ជា​អ្នក​ខុស​…​ខ្ញុំ​ជា​មនុស្សព្រៃផ្សៃ !…

    -​ល្បែង​ស្នេហ៍​មិន​អាច​មាន​មនុស្ស​៣​នាក់​បាន​ទេ​…​ត្រូវ​តែ​ដក​មួយចេញ​អ​ញ្ចឹ​ង​ហើយ !…​សង្ឃឹមថា​ពេលវេលា​នឹង​អាច​បន្សាប​ការ​ឈឺចាប់​របស់ពិសិដ្ឋ !…(​ណា​វី​)

    -​ខ្ញុំ​ដឹង​ថា​ពិសិដ្ឋ​ប្រាកដជា​ខូចចិត្ដ​ស្លាប់​ហើយ !…​ខ្ញុំ​មិន​ចង់​ធ្វើបែប​នេះ​ទេ​…​ហេតុ​អី​ក៏​ព្រហ្ម​លិខិត​លេងសើច​ឱ្យ​ពួក​យើង​ទាំង​៣​នាក់​ជួប​គ្នា​បែបនេះ ?​…​ខ្ញុំ​ស្អប់​ព្រហ្ម​លិខិត​ខ្លាំង​ណាស់ !!!… (​ធា​រី​ហាក់​ស្រែក​ឮ​ៗ​បន្ដិច​)

    ណា​វី​ដក​ដៃ​ចេញពី​ស្មា​ធា​រី រលាស់​ប្រាណ​ទៅ​អង្គុយ​លើ​គ្រែ​ពូករួច​បន្លឺ​វាចា

    -​មនុស្ស​ជា​អ្នក​រៀបចំ​ជីវិត​…​ឯ​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់វាសនា​…​គ្មាន​អ្នក​ណា​អាច​តវ៉ា​បាន​ទេ !…​សេចក្ដី​ឈឺចាប់​នៅ​ក្នុង​រឿង​ស្នេហាអ្នក​ណា​ក៏​អាច​កើត​មានបាន​ដែរ !…​ពិសិដ្ឋ​ខូចចិត្ដ​ទៅ​ហើយ​…​បើ​ឯង​ខូចចិត្ដ​មួយទៀត​…​តើ​លោក​វណ្ណ​រ័​ត្ន​នឹង​មាន​អារម្មណ៍​បែប​ណា ?​…​ខូចចិត្ដ​ម្នាក់​វា​គ្រាន់បើជាង​ខូចចិត្ដ​៣​នាក់​…​ធា​រី !…​ឯង​កាត់ចិត្ដ​ទៅ​…​ទុក​ឱ្យ​រឿងរ៉ាវ​ទាំងនេះ​វារ​សាត់​ទៅ តាម​ដំណើរ​របស់​វា​ចុះ !…

    ធា​រី​នៅ​តែ​យំ​ខ្សឹកខ្សួល តូចចិត្ដ​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​ពិសិដ្ឋ​ឈឺចាប់

    -​ហ៊ឺ​…​ហ៊ឺ​…​ហ៊ឺ​…

    ណា​វី​ក្រោក​ដើរទៅ​ទះ​ស្មា​ធា​រី​តិច​ៗ​រំលេច​វាចា​លួងលោម

    -​ឯង​យំ​ទៅ​…​យំ​ឱ្យ​អស់ចិត្ដ​…​អាល​នឹង​បាន​ធូរស្បើយ !…​ពេល​ធូរ ស្បើយ​ហើយ​…​ចេញ​ទៅ​ធ្វើការ​ធម្មតា​ទៅ​…​មិត្ដ​រួម​ការងារ​កំពុង​តែ​រង់ចាំ​ឯង !… ខ្ញុំ​ទៅ​ធ្វើការ​ហើយ !…

    ណា​វី​ចាក​ចេញពី​បន្ទប់​ក្រោម​សម្លេង​យំ​ត្អូញត្អែរ​របស់​ធា​រី​…​មក ដល់​មុខ​សណ្ឋាគារ លោក​វណ្ណ​រ័​ត្ន​ស្ទាក់​សួរ

    -​ធា​រី​យ៉ាងម៉េច​ទៅ​ហើយ ?​…

    ណា​វី​គ្រវីក្បាល​ដោយ​ទឹកមុខ​ស្ងួត

    -​អារម្មណ៍​ផ្លូវចិត្ដ​ពិតជា​ពិបាក​ប៉ះប៉ូវ​ណាស់ !…​ភ្លាម​ៗ​បែប​នេះ មិន​អាច​ចាប់បង្ខំ​នាង​ឱ្យ​ទទួលយក​ភាព​ជ្រះស្រឡះ​បាន​ទេ​…​ប៉ុន្ដែ​លោក​កុំ​បារម្ភ​អី ធា​រី​ជា​មនុស្ស​មាន​ហេតុផល​…​យ៉ាង​យូរ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទៀត​នាង​លែង​អី​ហើយ !… យើង​ទៅ​ធ្វើការ​ធម្មតា​ទៅ !…

    ណា​វី​សម្លឹង​លោក​វណ្ណ​រ័​ត្ន​ដោយ​ផ្ដល់​ភាព​ជឿជាក់​ថា ធា​រី​ពិតជាមិន​អី​…​លោក​វណ្ណ​រ័​ត្ន​យល់​ពី​សភាពការណ៍ ក៏​រលះរលាំង​ទៅ​មើល​ការ​ខុស​ត្រូវធម្មតា ។

    នៅ​លើ​ដងផ្លូវ​ឆ្ពោះទៅ​កាន់​កសិដ្ឋាន​ល្ហុងខ្វង​ស្រុក​កណ្ដាលស្ទឹង រថយន្ដ​ឡិច​ស៊ី​ស​ពណ៌​.​ស​របស់​ពិសិដ្ឋ​ដែល​មាន​សន្ដិសុខ​បើកឡាន​ជូន​នោះ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​…​ពិសិដ្ឋ​ដែល​អង្គុយ​នៅ​បាំង​ខាងក្រោយ​ពិត មែន​តែ​ខោអាវ​ភ្ជាប់​ក្រវាត់​.​ក​ត្រឹមត្រូវ ប៉ុន្ដែ​ទឹកមុខ​ស្ងួត​ស្រពោន និង​សក់​ក្បាល ហាក់​មិនសូវ​ត្រឹមត្រូវ​សោះ ហើយ​នៅ​ដៃ​កាន់​ដប​ស្រា​ជាប់ គឺ​ស្រា​សាកេ​ដែល គេ​ចូល​ចិត្ដ​ផឹក​…​រថយន្ដ​លូន​លឿន​ទៅ​មុខ​បណ្ដើរ ពិសិដ្ឋ​លើក​ដប​ស្រា​ផ្ទីង​ផឹក បណ្ដើរ និង​និយាយ​ត​ម្អែ​រ​តម្អូញ​ទៅ​តាម​អារម្មណ៍​រវើរវាយ

    -​ហ៊ឹស​…​ហ៊ឹស !… គេ​និយាយ​មិន​ខុស​មែន​…​អ្នកខ្លះ​ឡើង​ទៅ លេង​លើ​កំពូលភ្នំ​ស្នេហា​នាំ​យក​ទៅ​ជាមួយ​នូវ​សូរសៀង​បទ​ចំរៀង​ផ្អែមល្ហែម​… ប៉ុន្ដែ​ពេល​ធ្លាក់​ចុះ​មក​វិញ​នាំ​យក​មក​ជាមួយ​នូវ​សម្រែក​យំ​ត្អូញត្អែរ !…​មិន​ខុស​ពី​ខ្ញុំ​ទេ​…​ហេតុ​អី​ក៏​ទស្សនៈ​បែប​នេះ​ត្រូវ​ធ្លាក់​មក​លើ​ខ្ញុំ​ទៅ​វិញ ?​… ហេតុ​អី ?​?​?​… (​ពិសិដ្ឋ​ស្រែក​ឮ​ខ្លាំង​ពាក្យ​ចុង​ក្រោយ​)

    ឃើញ​ពិសិដ្ឋ​ធ្លាក់​ក្នុង​សភាព​បែប​នេះ សន្ដិសុខ​ដែល​បើកឡាន ជូន​ពិសិដ្ឋ​នឹកភ្នក​ក្នុង​ចិត្ដ​អាណិត​ពិសិដ្ឋ​ពន់ពេក ក៏​ព្យាយាម​ពោល​ពាក្យ​រំលែកទុក្ខ​ដល់​ពិសិដ្ឋ

    -​សុំ​ទោស​លោកនាយក​…​កាលបើ​លោកនាយក​ពិសា​ស្រា​ច្រើនបែប​នេះប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​…​ខ្ញុំ​ខ្លាច​ក្រែងតែ​លោកនាយក​ធ្លាក់ខ្លួន​ឈឺ​ទេ ?​…

    -​ខ្ញុំ​មិន​អី​ទេ​…​ឯង​កុំ​ខ្វល់​អី !… ខ្ញុំ​លែង​គិត​ពី​ជីវិត​សំខាន់​អ្វី​ទៀតហើយ !…

    -​ឃើញ​លោកនាយក​ខកចិត្ដ​បែប​នេះ ខ្ញុំ​ក៏​គ្មាន​អ្វី​ត្រូវ​សប្បាយចិត្ដកើត​ដែរ​…​លោកនាយក !…​គេ​ថា​ចំបាំង​ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្ដី​ក្លាហានជាង​ចំបាំង​នុយក្លេអ៊ែរ​ទៅ​ទៀត​…​ហេតុ​អី​ក៏​លោកនាយក​មិន​ប្រើ​សេចក្ដី​ក្លាហាន របស់​លោកនាយក​ទៅ ?​…

    ពិសិដ្ឋ​លើក​ដប​ស្រា​អក​ចូល​មាត់​ក្អឹ​ក​ៗ​នឹក​តែ​កង្វល់​ច្របល់​ឱរា

    -​ឯង​ថា​ស្នេហា​អាច​ធ្វើ​ឱ្យ​មនុស្ស​ក្លាហាន​…​គឺ​ត្រឹមត្រូវ​ហើយ !… ប៉ុន្ដែ​ស្នេហា​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​អ្វី​ៗ​បាន​ដែរ !…​មានរឿង​ខ្លះ ពេល​ចងចាំ​ហើយ​ពិបាក​បំភ្លេច​ទៅ​វិញ​ណាស់​…​យ៉ាងណាមិញ​ខ្ញុំ​ក៏​អ​ញ្ចឹ​ង​ដែរ !…

    ចំណែក ធា​រី​ក៏​ដូច​គ្នា​…​នាង​បាន​ចង​ចាំ​បុរស​ម្នាក់​នៅ​ក្នុង​ក្រអៅបេះដូង​របស់​នាង​រួច​ទៅហើយ ឱ្យ​នាង​បំភ្លេច​បុរស​របស់​នាង​គឺ​មិន​បាន​ទេ !…

    បញ្ជា​ចង្កូតរថយន្ដ​ដោយ​ប្រុង​ប្រយ័ត្ន​បណ្ដើរ អ្នកបើកបរ​ម្នាក់ នេះ​ព្យាយាម​លួងលោម​ពិសិដ្ឋ​បណ្ដើរ

    -​លោកនាយក !…​គេ​ថា​ពេល​ស្រឡាញ់​អ្វី​ៗ​សុទ្ធតែ​ល្អ​ទាំងអស់​… លុះ​ពេល​ឈប់​ស្រឡាញ់​អ្វី​ៗ​សុទ្ធតែ​អាក្រក់​ទាំងអស់ !…​លោកនាយក​សម្លឹង​ទៅអ្នក​នាង​ធា​រី​ក្នុង​ផ្លូវ​អាក្រក់​ទៅ​…​លោកនាយក​នឹង​អាច​បំភ្លេច​នាង​បាន​ហើយ !…

    ពិសិដ្ឋ​ហួសចិត្ដ​សើច​ក្អឹ​ក​ៗ និង​លើក​ដប​ស្រា​អក​បន្ដ​ទៀត

    -​ហាស៎ ! ហាស៎ !… ខ្ញុំ​មិនឃើញ​នាង​អាក្រក់​ត្រង់​ណា​ផង ឱ្យ​ខ្ញុំថា​នាង​អាក្រក់​យ៉ាងម៉េច​ទៅ ?​…​ហាស៎ ! ហាស៎ !…​អរគុណ​ហើយ​ដែល​ឯងរំលឹក​ខ្ញុំ​…​ឯង​ដឹង​ទេ ?​… ស្រឡាញ់​មនុស្ស​ម្នាក់​ពិបាក​ណាស់​ទៅ​ហើយ ទម្រាំ​ឱ្យបំភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ វា​រឹតតែ​ពិបាកទៅ​ទៀត !… បាន​ហើយ​ឯង ឈប់​លួងលោម​ខ្ញុំ​ទៀត​ទៅ​…​អត់​ប្រយោជន៍​ទេ​…​ខ្ញុំ​លែង​គិត​អ្វី​ជា​សំខាន់​ទៀត ហើយ​…​មាន​តែ​ស្រា​ទេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្ងប់ចិត្ដ !…

    -​សុំ​ទោស​លោកនាយក !…

    អ្នកបើកបរ​អស់​យោបល់​ក៏​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​បញ្ជា​រថយន្ដ​ទៅ​រក​គោលដៅ​…​រថយន្ដ​បាន​បត់​ចូល​ក្នុង​បរិវេណ​កសិដ្ឋាន​…​មើល​ពីចម្ងាយ​ទៅ​ឃើញ​កម្មករ​-​បុគ្គលិក​ធ្វើការ​តាម​តួនាទី​មមាញឹក​ពន់ពេក​ណាស់​…​។
    ពិសិដ្ឋ​បើកទ្វារ​រថយន្ដ​ចុះបោះ​ជំហាន​ទៅ​មុខ​ការិយាល័យ​រដ្ឋបាល​បុគ្គលិក​-​កម្មករ​ដែល​នៅ​ជិត​លំអោនកាយ​គោរព​ពិសិដ្ឋ​គ្រប់​ៗ​គ្នា​…​ពួក​គេ មិន​ហ៊ាន​និយាយ​អ្វី​ទេ ប៉ុន្ដែ​លួច​ឆ្ងល់​ក្នុង​ចិត្ដដ្បិតអី​ឃើញ​ពិសិដ្ឋ​ដៃ​កាន់​ដប ស្រា​ដំណើរ​ទ្រេតទ្រោត ។

    បុរស​សុខា​ដែល​សម្លឹង​ឃើញ​ពី​ចម្ងាយ ក៏​ខំ​រត់​ក្លឹ​ក​ៗ​មក​រាក់ទាក់ស្វាគមន៍​ពិសិដ្ឋ

    -​ថ្ងៃនេះ​ហេតុ​អី​ក៏​កូនធម៌​មក​ពី​ព្រឹក​ម្ល៉េះ ?​…

    ពិសិដ្ឋ​សម្លឹង​ពុក​ធម៌​ដោយ​អាកា​រៈ​ធ្លាក់​ភ្នែក និង​ស្ពឹក​មុខ​អស់​ទៅ ហើយក៏​ដាក់ខ្លួន​អង្គុយ​នៅ​លើ​កាំជណ្ដើរ​ថ្ម​ដោយ​ភាព​ស្ងប់ស្ងាត់​…​ឃើញ​ពិសិដ្ឋមាន​កាន់​ដប​ស្រា និង​ស្រវឹង​ជោកជាំ​បែប​នេះ បុរស​សុខា​ខកចិត្ដ​ពី​ការ​ញញឹមប្រែ​មក​ជ្រួញ​ចិញ្ចើម​កើតការ​ងឿងឆ្ងល់​វិញ

    -​កូនធម៌​…​ឯង​យ៉ាងម៉េច​ហ្នឹង ?​… បានជា​ញាំ​ស្រា​ឱឡារិក​បែបនេះ ? អូ៎​…​នឹកឃើញ​ហើយ​…​យប់មិញ​នេះ​សំណាង​ទូរស័ព្ទ​មក​ប៉ា​…​ប្រាប់​ថា​ឯង មានរឿង​ជាមួយ​ធា​រី​មែន​ទេ ?​…​យី​…​យ៉ាងម៉េច​អ​ញ្ចេះ​កូនស្រី​ធម៌​នៀក៎ ?​… ហ៊ឺយ​… រឿង​របស់​ក្មេង​ៗ​ប៉ា​មិន​លូកដៃ​ទេ​…​ប៉ុន្ដែ​ប៉ា​មិន​យល់​សោះ ហេតុ​អី​ក៏​ធា​រី ទៅ​ជា​អ​ញ្ចឹ​ង ?​…

    ពិសិដ្ឋ​មិន​ស្ដី​អ្វី​ទេ គិត​ពី​តែ​លើក​ដប​ស្រា​ផឹក​ទាំង​ខ្លួន​ទន់​ល្វិល្វក់​…​បុរស​សុខា​ឃើញ​កូនធម៌​ហាក់​វង្វេងស្មារតី​បែប​នេះ​ក៏​និយាយ​លួងលោម

    -​នារី​ភាគច្រើន​មានចិត្ដ​ស្រាល​ចំពោះ​សេចក្ដី​ស្នេហា ប៉ុន្ដែ​នាងមានចិត្ដ​ស្មោះស្ម័គ្រ​ចំពោះ​ចំណងមិត្ដភាព​…​ហេតុ​អី​ក៏​កូនស្រី​ធម៌​របស់ខ្ញុំ​ធា​រី ម្នាក់​នេះ​ក្លាយជា​នារី​ដ៏​គួរ​ឱ្យ​ឈឺចាប់​បែប​នេះ ?​…​ហ៊ឺយ​…​ក្នុង​រឿង​ស្នេហា​មាន ពេល​ខ្លះ​មនុស្ស​ស្រី​មិន​អាច​សម្រេច​តាម​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ប្រុស​បាននោះ​ទេ ?​…​កូនធម៌​…​ឯង​គួរតែ​យល់​ពី​បញ្ហា​នេះ​ហើយកាត់ចិត្ដ​ពី​នាង​ខ្លះទៅ !…

    ពិសិដ្ឋ​លើក​ដប​ស្រា​អក​ចូល​មាត់ផ្ទាត់​សម្ដី​ផា​ច់​ៗ​ទៅ​កាន់​ប៉ា​ធម៌របស់​គេ​វិញ

    -​ភាព​ផូរផង់​របស់ខ្ញុំ​និង​ធា​រី​កើត​មាន​ល្អ​ណាស់​…​ស្រាប់តែ​មកបាត់បង់​មួយ​រំពេច​បែប​នេះ​…​សួរ​ថា​តើ​អ្នក​ណា​ដែល​មិន​តក់ស្លុត​នោះ ?

    -​ប៉ា​ដឹង​ថា​ឯង​តក់ស្លុត​…​ប៉ុន្ដែ​ឯង​ត្រូវ​តែ​រក​មធ្យោបាយ​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ស្នេហា !…​បើ​ឯង​ទន់ជ្រាយ​បែប​នេះ តើ​ឯង​តស៊ូ​ជាមួយ​គេ​យ៉ាងម៉េច​នឹង​កើត​ទៅ ?​…

    ឮ​ប៉ា​ធម៌​ពោល​ពាក្យ​បែប​នេះ ស្រាប់តែ​ពិសិដ្ឋ​រាង​ភ្ញាក់ខ្លួន​បន្ដិច ប៉ុន្ដែ​គេ​មិន​តបត​ទេ​…​នាយ​យើង​ញញឹម​រួច​ហើយ​សើច​ខឹ​ក​ៗ
    ស្រប​ពេល​នេះ​ស្រាប់តែ​សំណាង​និង​វិសាល​ជិះ​រថយន្ដ​តាក់ស៊ី​មកដល់​ល្មម​…​ពួក​គេ​ហាក់ដូចជា​មានការ​ប្រញិបប្រញាប់​មិនសូវ​ទប់មាត់​ទប់​.​ក ជាមួយ​ពិសិដ្ឋ​ទេ​…​សំណាង​បន្លឺ​ឡើង

    -​ពួក​យើង​ខំ​តែ​ដើរ​រក​ឯង​…​ស្រាប់​តែឯង​មក​សម្ងំ​ផឹកស្រា​នៅ​ទីនេះ​ទៅ​វិញ ?​…​ឯង​ដឹង​ទេ​…​យើង​មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ !… កុំដោយសារ​ស្រី​ម្នាក់​ធ្វើ​ឱ្យ​អ្វី​ៗ​ត្រូវ​រាំងស្ទះ​នោះ !…

    ពិសិដ្ឋ​ងើបមុខ​ឡើង​សម្លឹង​ត្លែ​ទៅ​រក​សំណាង​ក្នុង​អារម្មណ៍​កួច​ខឹង ប៉ុន្ដែ​អ្នក​កំលោះ​ខូចចិត្ដ​ម្នាក់​នេះ​មិន​តបត​សម្ដី​ទៅ​រក​មិត្ដភក្ដិ​ទេ​…​គេ​គ្រាន់តែសើច​បញ្ឈឺចិត្ដ​…

    -​ហាស៎ ! ហាស៎ ! ហាស៎ ! ហាស៎ !…

    វិសាល​ខ្លាច​មានរឿង​ធំ​ក៏​និយាយ​សំរួល​ទៅ​រក​សំណាង

    -​បាន​ហើយ !…​ឯង​បន្ទោស​ពិសិដ្ឋ​ក៏​មិន​ត្រូវ​ដែរ​…​ពេល​នេះ​ពិសិដ្ឋ កំពុង​តែ​ធ្លាក់​ក្នុង​សភាព​ខូចចិត្ដ​…​មិនមែន​ពិសិដ្ឋ​ចង់​ផឹកស្រា​នោះ​ទេ​…​គឺ​ការ​ខូច ចិត្ដជា​អ្នក​បង្ខំ​ឱ្យ​គេ​ផឹក​…​មនុស្ស​គ្រប់​គ្នា​…​អ្នក​ណា​ក៏​អាច​ធ្លាក់​ក្នុង​សភាព​បែប នេះ​បាន​ដែរ !…

    សំណាង​ដកដង្ហើម​ធំ​ដឹង​ថា រូបគេ​ហាក់ដូចជា​ជ្រុល​បន្ដិច

    -​ហ៊ឺយ !…​ខ្ញុំ​សុំ​ទោស​…​ខ្ញុំ​និយាយ​បែប​នេះ​ក៏​ព្រោះតែ​មិន​ចង់ឱ្យ​គេ ក្លាយជា​មនុស្ស​ទន់ជ្រាយ !…

    ពិសិដ្ឋ​លើក​ដប​ស្រា​ផឹក​មួយ​ក្អឹ​ក​ម្នីម្នា​ខំ​និយាយ

    -​អ៊ឺ​…​ការងារ​ស្អី​ខ្លះ​…​ប្រាប់​ម៉ោ ?​…

    សំណាង​សំរួល​អារម្មណ៍​ត្រជាក់​ទម្លាក់​ប្រយោគ​មួយ​ៗ

    -​ខាង​រោងចក្រ​ផលិត​រថយន្ដ គេ​បាន​ដឹក​ឧបករណ៍​និង​វត្ថុ​ធាតុ ដើម​ម៉ោ​ច្រើន​ណាស់ !…​ត្រូវការ​ឱ្យ​ឯង​ទៅ​ពិនិត្យ និង​ចុះហត្ថលេខា​លើ​បញ្ជី សម្ភារ !…​ឯ​ក្រុមហ៊ុន​នាំ​ចូល​សត្វពាហនៈ​គេ​បញ្ជូន​វិក្កយបត្រ​មក​…​ត្រូវការ​ឱ្យ ឯង​ចុះហត្ថលេខា​លើ​សែក (​មូល​ប្ប​ទា​នប​ត្រ​) ដើម្បី​ទៅ​បើកប្រាក់​ពី​ធនាគារ ទូទាត់​ថ្លៃ​គោ ជ្រូក និង​ពពែ !…

    ពិសិដ្ឋ​ហាក់​ពង្រឹង​ជំហរ​បន្ដិច

    -​ល្អ ! ល្អ !…​យក​ឯកសារ​មក​…​ខ្ញុំ​ស៊ី​ញ៉េ​នៅ​ទី​នេះ​ក៏​បាន​ដែរ !…

    សំណាង​មិន​យល់​ទាស់​អ្វី​ក៏​ហុច​សឺ​មី​ឯកសារ​ទៅ​ឱ្យ​ពិសិដ្ឋ​… ពិសិដ្ឋ​បើក​មើល​ទាំង​ភ្នែក​មមី​…​ប៉ុន្ដែ​យ៉ាងណា​ក៏​គេ​នៅ​តែ​ខំប្រឹង​ពិនិត្យ ហើយ ទាញ​ប៊ិ​ច​ស៊ី​ញ៉េ​ខ្វាច់​ៗ​លើ​ឯកសារ​មួយ​ហើយ​មួយទៀត រហូត​ដល់​អស់​សំណុំ រឿង​…​រួច​ហើយ​ហុច​ទៅ​ឱ្យ​សំណាង​វិញ

    -​ហក៎​ណេះ !…​ចាត់ការ​តាម​សំរួល​ទៅ !…

    ភ្លាម​នេះ​អ្នក​នាង​សូលី​ដា​ក៏​មក​ដល់​ល្មម​ដែរ​…​ស្រស់​ស្រី​ដើរ​ចូល ទៅ​ក្នុង​ចំណោម ក៏​យល់​ពិសិដ្ឋ​កំពុងស៊ី​ញ៉េ​ឯកសារ​ក្រៅ​ការិយាល័យ និង​ភាពប្រមឹក​បាន​ដុត​រោល​លើ​ខ្លួន​របស់​នាយ​…​។
    ពិសិដ្ឋ​មិន​ខ្វល់​នឹង​វត្ដមាន​របស់​សូលី​ដា​ទេ គេ​លើក​ស្រា​ផឹក​ធ្វើ មិនដឹង​ទៅ​តាម​អារម្មណ៍​របស់​គេ​ជា​បន្ដ​ទៀត​…​ឃើញ​អត្ដ​ចរិត​បងជីដូនមួយ គ្មាន​របៀបរៀបរយ​បែប​នេះ អ្នក​នាង​សូលី​ដា​ប្រើ​ពាក្យលួងលោម​ផង ទូន្មាន ផង និង​ស្ទុះ​ទៅ​ចាប់​យក​ស្រា​ចេញពី​ដៃ​របស់​ពិសិដ្ឋ

    -​បាន​ហើយ !…​ឈប់​ពិសា​ស្រា​ទៀត​ទៅ​…​បង​ចង់​ផឹកស្រា​បំបាត់ទុក្ខ​ច្រើន​យ៉ាងណា​ក៏​គួរតែ​គិត​ពី​សុខភាព​ដែរ !…

    ពិសិដ្ឋ​ស្រ​វេ​ស្រវា​រក​ដណ្ដើម​ដប​ស្រា​ពី​ដៃ​សូលី​ដា តែ​ត្រូវ​តូចតន់ ម្នាក់​នេះ​កៀស​ចេញ

    -​ខ្ញុំ​មិន​ឱ្យ​បង​ពិសា​ទៀត​ទេ !…​បើ​បង​នៅ​តែ​ពិសា​ទៀត …​ពួកយើង​ទាំងអស់​គ្នា​នឹង​ឈប់​រវល់​ពី​បង​ទៀត​ហើយ !…

    ពិសិដ្ឋ​មិន​ដណ្ដើម​ស្រា​ទៀត​ទេ ប៉ុន្ដែ​សើច​ខ្លាំង​ៗ​ស្ទើរ​លាយ​យំ

    -​ហាស់ ! ហាស់ ! ហាស់ ! ហាស់ ! ហាស់ !…

    នាង​សូលី​ដា​ឃើញ​កិរិយា​បងជីដូនមួយ​បែប​នេះ ក៏​រាង​បន្ទន់ឥរិយាបថ​បន្ដិច

    -​ខ្ញុំ​ក៏​ជា​មនុស្ស​ស្រី​ម្នាក់​ដែរ តែ​ខ្ញុំ​មិន​កាន់ជើង​មនុស្ស​ស្រី​ទេ​…​ខ្ញុំសូម​ប្រាប់​បង​ថា បើ​បង​នៅ​តែ​ឈ្លក់​វង្វេង​នឹង​មនុស្ស​ស្រី​បែប​នេះ ពេលវេលាអាច​នឹង​ក្លាយទៅជា​គ្មា​ន័យ !…​បើ​បង​ចង់ឱ្យ​កិច្ចការ​អ្វី​ៗ​បាន​ជោគជ័យ​នោះ គួរតែ​បំភ្លេច​រឿង​មនុស្ស​ស្រី​ម្នាក់​នោះ​ចោល​ទៅ !…

    ពិសិដ្ឋ​ឆ្លើយ​តប​ទាំង​ទន់​.​ក​ល្ងៀ​ក និង​បន្លឺ​សម្លេង​ច្រអូស​ៗ​មួយ​ៗ

    -​បង​ជា​អ្នក​ជំពប់​ជើង​ដួល មាន​តែ​បង​ទេ​ដែល​ដឹង​ថា​បង​ឈឺចាប់ប៉ុនណា ?​…​ឥឡូវនេះ​ពួក​ឯង​ចង់​និយាយ​អី​ក៏​បាន​ដែរ​…​និយាយ​ទៅ !…

    វិសាល​ដាក់ខ្លួន​អង្គុយ​លើ​កាំជណ្ដើរ​ថ្ម​ក្បែរ​ពិសិដ្ឋ រួច​ហើយ និយាយ​លួងលោម​បន្ដ

    -​ខ្ញុំ​ដឹង​ថា​ឯង​ឈឺចាប់​កំរិត​ណា​ហើយ​…​ហ៊ឺយ​…​ប្រុស​ពេញ​ដី ស្រីពេញ​នគរ ខ្វះ​អី​ស្រី​ល្អ​…​ឯង​មិន​ព្រម​រើស​អ្នក​ផ្សេង​ទៅ ?​…

    មក​ដល់​ពេល​នេះ ពិសិដ្ឋ​ចាប់ផ្ដើម​អង្គុយ​ងោក​ហើយ ប៉ុន្ដែ​គេ​ខំប្រឹង​និយាយ

    -​ទោះជា​មាន​ស្រី​ស្អាត​កំរិត​ណា​ក៏​នៅ​តែ​មិន​ស្អាត​ដែរ ខណៈដែល​ខ្ញុំ​កំពុង​តែ​គិត​ថា ពួក​នាង​ស្អាត​ៗ​ទាំងនោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ !…​ម្យ៉ាងទៀត​ស្រី​ស្អាត​មាន​ន័យ​អី​ទៅ​…​ព្រោះ​សម្រស់​របស់​នាង​អាច​បាត់បង់​នៅ​ថ្ងៃ ស្អែក​…​ប៉ុន្ដែ​សន្ដាន ចិត្ដល្អ និង​មារយាទ​ល្អ ទើប​មិន​អាច​បាត់បង់​ជា​រៀង រហូត​…​ធា​រី គឺជា​មនុស្ស​ដែល​មាន​សន្ដាន​ចិត្ដល្អ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មិន​អាច បំភ្លេច​នាង​បាន !…

    ចំណែក​សំណាង​វិញ​ក៏​អស់សង្ឃឹម​ក្នុង​ការ​លួងលោម​ដែរ ប៉ុន្ដែ គេ​នៅ​តែ​ព្យាយាម​និយាយ​ក្រែង​មាន​គន្លឹះ​ណាមួយ​ធ្វើ​ឱ្យ​ពិសិដ្ឋ​ភ្លឺស្វាង

    -​ស្រា​ឆ្ងាញ់​ត្រូវការ​ក្លិន ព្រំ​ស្អាត​ត្រូវការ​សាច់​កំណាត់ និង​ពណ៌ ល្អ ឯ​ស្រី​ស្អាត​ក៏​ត្រូវការ​សេចក្ដី​ស្មោះត្រង់​ដែរ​…​ធា​រី​មិនមែន​ជា​មនុស្ស​ស្មោះត្រង់​ទេ​…​បើ​នាង​ស្មោះត្រង់ គឺ​នាង​ទទួលយក​សេចក្ដី​ស្រឡាញ់​ពី​ឯង​បាត់​ទៅ ហើយ !…

    បុរស​សុខា​សើច​យល់​ស្រប​តាម​សំណាង ហើយ​ក៏​ព្រលយ​ពាក្យបំភ្លឺ​ដល់​អារម្មណ៍​ពិសិដ្ឋ

    -​ត្រូវ​ហើយ !…​ដើម្បី​ធ្វើការ​វាស់​ស្ទង់​ជំរៅ​ស្នេហា និង​ធ្វើការ វាយតម្លៃ​ទៅ​លើ​នារី​ម្នាក់​ថា មានចិត្ដ​លំអៀង​ទៅ​ខាង​ណា​នោះគេ​ត្រូវ​សង្កេតមើលទៅ​លើ​បុរស​ដែល​នាង​ស្រឡាញ់​នោះ​ឯង ថា​តើ​បុរស​នោះ​មាន​ចំណុច ខ្លាំង​ត្រង់​ណាមាន​ចំណុចខ្សោយ​ត្រង់​ណា ?​… ពេល​នោះ ឯង​អាច​នឹង​វាយបក យកឈ្នះ​លើ​គូប្រកួត​របស់​ឯង​វិញ​បាន !…

    គ្មាន​អ្នក​ណា​រក​នឹក​ពាក្យ​នេះ​ឃើញ​សោះ​…​សម្ដី​របស់​បុរស​សុខាធ្វើ​ឱ្យ​ពិសិដ្ឋ​ហាក់​ភ្ញាក់រលឹក និង​ពេញ​ចិត្ដជា​ខ្លាំង​…​គេ​ខំប្រឹង​ញញឹម​ងក់ក្បាលបន្ដិច​ក៏​ផ្អែក​ខ្លួន​ដេក​លក់​លើ​ស្មា​វិសាល​ធ្វើ​មិនដឹង​…​។

    នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​ទីក្រុង​សៀមរាប​…​នារី​ពីរ​នាក់​កំពុង អង្គុយ​នៅ​ជ្រុង​ម្ខាង​ទទួលទាន​ភេសជ្ជៈ នោះ​គឺ​ធា​រី និង​អ្នក​នាង​សូលី​ដា​…​តើ​ពួក នាង​ទាំង​ពីរ​នោះ​មានរឿង​អី​ត្រូវ​និយាយ​គ្នា ?​…​ធា​រី​ផ្ដើម​តំណាល​ពាក្យ

    -​នាង​ណាត់​ខ្ញុំ​តក់ក្រហល់​មក​ទី​នេះ មានការ​អី​សំខាន់​មែន​ទេ ?​…

    សូលី​ដា​បង្កប់​នូវ​ទឹកមុខ​ស្ងួត​ហាក់​ព្រួយចិត្ដ

    -​ត្រូវ​ហើយ !…​គឺ​ព្រោះតែ​រឿង​បង​ពិសិដ្ឋ​ហ្នឹងឯង !…

    ធា​រី​ភ្ញាក់​ព្រើត​រហ័ស​សួរ​បញ្ជាក់

    -​ពិសិដ្ឋ​យ៉ាងម៉េច​ទៅ​ហើយ ?​…

    សូលី​ដា​និយាយ​មួយ​ៗ​ដោយ​ទឹកមុខ​សោះកក្រោះ

    -​ដោយសារ​តែ​នាង​ច្រានចោល​សេចក្ដី​ស្នេហា​របស់​គាត់​…​គាត់ ឈឺចាប់​ខ្លាំង​ណាស់ !…​សូ​ម្បី​តែ​ការងារ​ស្អី​ក៏​មិន​រវល់​ដែរ​…​រវល់​តែ​ផឹកស្រា​មួយ មុខ​គត់​…​ការងារ​មួយ​ចំនួន​ត្រូវ​ស្ទះ​ដោយសារ​គាត់​…​ត្រូវការ​ឱ្យ​គាត់ពិនិត្យសម្រេច និង​ចុះហត្ថលេខា​លើ​លិខិត​ផ្សេង​ៗ…​តែ​គាត់​បែរជា​ផឹកស្រា​វង្វេងវង្វាន់ស្មារតី !…

    ធា​រី​ប្រែ​ទឹកមុខ​មក​ជា​ស្រពោនស្រពាប់ ភ្ជាប់​ភាព​ទុក្ខ​ព្រួយ ពោល ពាក្យ​មួយ​ៗ​ដោយ​ក្ដី​លំបាក

    -​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទើប​ជា​ការ​ល្អ​នោះ​ទេ​…​ឃើញ​ពិសិដ្ឋ​ឈឺចាប់ និង​ខូចចិត្ដ​…​ខ្ញុំ​ក៏​ខូចចិត្ដ​ដូច​គ្នា​…​មួយ​រយៈ​នេះ​ខ្ញុំ​ញាំ​បាយ​មិន​បាន​…​ធ្វើការ ស្ទើរតែ​មិនកើត ដោយសារ​តែ​គិត​ពី​ពិសិដ្ឋ !…

    -​គ្មាន​អ្នក​ណា​អាច​និយាយ​ជាមួយ​គាត់​បាន​ទេ​…​មាន​តែ​នាង​ទេ ដែល​អាច​និយាយ​ជាមួយ​គាត់​បាន​…​ម្យ៉ាង​មនុស្ស​ប្រុស​តែងតែ​គោរព​នារី​ដែល​គេស្រឡាញ់ ខ្លាំង​ណាស់ !…​បង​ពិសិដ្ឋ​ស្រឡាញ់​នាង​…​គឺ​មាន​តែ​នាង​ទេ​ដែល​អាចជួយ​គត់​បាន !…(​សូលី​ដា​)

    -​មាន​ន័យ​យ៉ាងម៉េច ?​… នាង​ចង់ឱ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​ចិត្ដ​វិល​ទៅស្រឡាញ់​ពិសិដ្ឋ​មែន​ទេ ?​…(​ធា​រី​បញ្ជាក់​)

    -​មិនមែន​អ​ញ្ចឹ​ង​ទេ​…​ខ្ញុំ​ចង់ឱ្យ​នាង​ទៅ​ជួយ​លួងលោម​បង​ពិសិដ្ឋ ក្រែង​គាត់​អាច​វិល​ត្រឡប់​មក​រក​ភាព​ដើម​វិញ​បាន !… (​សូលី​ដា​)

    ធា​រី​ដកដង្ហើម​ធំ​ងាក​មុខ​សម្លឹង​ទៅ​ជ្រុង​ម្ខាង​ដោយ​អាកា​រៈ​ខ្វល់ខ្វា​យ

    -​ហ៊ឺ​…​ខ្ញុំ​លំបាក​ខ្លាំង​ណាស់ !… ប្រសិនបើ​ខ្ញុំ​នៅ​ក្បែរ​គេខ្លាចក្រែង​រឹតតែ​ធ្វើ​ឱ្យ​គេ​កាន់តែ​ឈឺចាប់​ថែម​ទៀត​ទេ ?​… ខ្ញុំ​ពិតជា​គ្មាន​មធ្យោបាយ មែន​ណា៎​អ្នក​នាង​សូលី​ដា !…

    សូលី​ដា​សម្ដែង​ឥរិយាបថ​តានតឹង​ស្មឹង​ស្មា​ធ​អារម្មណ៍​អភិប្រាយមួយ​ៗ

    -​មួយ​រយៈ នេះ​បង​ពិសិដ្ឋ​មិន​រវល់​នឹង​ការងារ​ទេ​…​គិតតែ​ដើរ​ផឹក ស្រា​បាត់​ៗ !…