ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អាង​ជីងចក់​» ធ្លាប់តែ​មានឈ្មោះ​ល្បី​រន្ទឺ​ទូ​ទាំង​ខេត្ត បែរជា​ស្ងាត់ជ្រងំ​(​វី​ដេ​អី​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ត្រឹមតែ​៣​ទៅ​៤​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងត្បូង នឹង​ដល់​រមណីយដ្ឋាន​មួយ​ដែល​ធ្លាប់តែ​មានឈ្មោះ​បោះ​សម្លេង និង​ល្បី​រន្ទឺ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទៅ​ដល់​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែរ ក៏​ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ត្រឹមតែ​៣​ទៅ​៤​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងត្បូង នឹង​ដល់​រមណីយដ្ឋាន​មួយ​ដែល​ធ្លាប់តែ​មានឈ្មោះ​បោះ​សម្លេង និង​ល្បី​រន្ទឺ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទៅ​ដល់​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែរ ក៏​ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​លេង​កំសាន្ត​ដ៏​ច្រើន នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ទាន​ផ្សេង​ៗ​ទៀត រមណីយដ្ឋាន​នេះ​មានឈ្មោះ​ថា «​អាង​ជីងចក់​» ។

តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០ នេះ វា​បាន​ក្លាយទៅជា​កន្លែង​ស្ងាត់ជ្រងំ ឮ​សូរ​សម្លេង​សត្វ​បក្សី និង​សត្វ​រៃ​យំ​ឆ្លង​ឆ្លើយ​គ្នា​ចុះឡើង​ៗ​ប៉ុណ្ណោះ ។ បើ​គេ​ដើរ​ចូល​ទៅ​ដល់​ខាងក្នុង​រមណីយដ្ឋាន​នេះ​តែ​ម្នាក់ឯង​នោះ គឺ​ឃើញ​មាន​គុម្ពោត​ព្រៃតូច​ៗ​ដុះ​ជុំវិញ ហើយ​មើលទៅ​ក្នុង​បឹង​ឃើញ​ទឹកថ្លា​ឈ្វេង និង​មាន​ស្ពានឈើ​ចំនួន​២​កន្លែង​ដ៏​ចំណាស់ ដែល​គេ​ធ្លាប់តែ​ដើរ​លេង​ឆ្លងកាត់​ទៅ​មក ក៏​មានផ្ទះ​ខ្នង​១ ត្រូវ​គេ​ចាក់សោ​ចោល​នៅ​ជាប់​នឹង​ខ្នង​ស្រះ និង​មាន​ខ្យុ​ស​តូច​មួយ​ចំនួន​នៅ​ជុំវិញ​បឹង ដែល​មើលទៅ​គួរ​ឱ្យ​អាណោចអាធ័ម​យ៉ាង​ខ្លាំង ។

បើ​គេ​ឈរ​នៅ​លើ​ខ្នង​បឹង ហើយ​សម្លឹង​មើល​ទិដ្ឋភាព​ជុំវិញ​នេះ គេ​សន្និដ្ឋាន​ថា រមណីយដ្ឋាន​អាង​ជីងចក់ នឹង​លែង​មាន​រូបរាង និង​លែង​ឈ្មោះ​នៅ​លើ​ពិភព​គុន​ទៀត​ហើយ ។ បើ​គេ​បន្ត​ឈរ​ម្នាក់ឯង​យូរ​ៗ​ទៅ អាច​នឹង​មាន​អារម្មណ៍​ថា ស្ងាត់​ខ្លាំង​ណាស់ គួរ​ឱ្យ​ខ្លាច​មនុស្ស និង​ខ្លាច​ព្រៃ​ភ្នំ​ជាដើម ។

ប្រភព​ព័ត៌មាន​ពី​ប្រជា​កសិករ​ធ្វើ​ចម្ការ​នៅ​ក្បែរ កន្លែង​រមណីយដ្ឋាន​ខាងលើ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​ថា រមណីយដ្ឋាន «​អាង​ជីងចក់​» នេះ ត្រូវ​បាន​គេ​បោះបង់​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ពី​មុន​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កន្លែង​នេះ​ជា​ហូរហែ​គួរសម​ដែរ ព្រោះ​មាន​ស្ពានឈើ មានទឹក​បឹង​ថ្លាឈ្វេង ដែល​ហូរ​ធ្លាក់​មក​ពី​ភ្នំ​ខៀវ មាន​ទូក​ជ័រ និង​ទូក​ឈើ​សម្រាប់​ឱ្យ​ភ្ញៀវ​ជិះ​លេង​ជាដើម ។ ប៉ុន្តែ​ក្រោយមក មិនដឹង​ជា​ម្ចាស់​ទៅ​ណា​បាត់​ទេ បានជា​អត់​ឃើញ​បន្ត​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឯកជន​មួយ​នេះ ឱ្យ​ក្លាយទៅជា​កន្លែង​លេង​កំសាន្ត​ដូច​កាលពីមុន​នោះ ពោល​គឺ​គេ​បោះបង់​ចោល បណ្តាល​ឱ្យ​ស្ងាត់ជ្រងំ ដូច​ព្រៃ​ស្មសាន​តែ​ម្តង ។

ចំណែក​អ្នកខ្លះ​ទៀត បាន​លើក​ឡើង​ថា មក​ពី​ម្ចាស់​ដី​អត់​មាន​ដើមទុន ដើម្បី​អភិវឌ្ឍ​រមណីយដ្ឋាន​មួយ​នេះ​បន្ត​ទៀត ។ ម្យ៉ាងវិញទៀត ដី​រមណីយដ្ឋាន​មួយ​នេះ​ធំ​ជាង​១០​ហិ​កតា ហើយ​ត្រូវ​បាន​គេ​លក់​ឱ្យ​អ្នក​ផ្សេង​ត​ៗ​គ្នា​បាត់​អស់រលីង​ទៅ​ហើយ ។ ដូច្នេះ​បានជា​អ្នក​ក្រោយ​ៗ​ដែល​គេ​ទិញ​រួច គ្មាន​ចំណាប់អារម្មណ៍​រឿង​បង្កើត​រមណីយដ្ឋាន​អ្វី​នោះ​ទេ ទើប​ទុក​ឱ្យ​ក្លាយទៅជា​កន្លែង​ស្ងាត់​ឈឹង​គួរ​ឱ្យ​ខ្លាច​ខ្មោចលង​បែប​នេះ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រមណីយដ្ឋាន «​អាង​ជីងចក់​» ត្រូវ​បាន​គេ​បើក​ដំណើរការ​រយ​:​ពេល​ជា​យូរ​មក​ហើយ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខាង​មន្ទីរ​លោក​រក​ម្ចាស់​មិន​ទាន់​ឃើញ​នោះ​ឡើយ ហើយ​ក៏​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ដោយ​ពី​មុន​ម្ចាស់​ដី​មានឈ្មោះ ទែង ភេទ​ប្រុស រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដល់​ពេល​លោក​សួរនាំ​បុរស​រូប​នេះ​បាន​ប្រាប់​ថា គាត់​បាន​លក់​ឱ្យទៅ​អ្នក​ផ្សេង​បាត់​អស់​ទៅ​ហើយ ។

លោក​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​២០១៥-២០១៦ បន្ទាប់​ពី​ម្ចាស់​ក្ស័យធន ក៏​សុំ​ផ្អាក​ការ​បើក​រមណីយ​ដ្ឋាន​មួយ​រយៈ​សិន ហើយ​ក៏​ស្ងាត់ឈឹង​រហូត​មក​ដល់​ពេល​នេះ​តែ​ម្តង ។ ប៉ុន្តែ កាលពី​ពេល​ថ្មី​ៗ​នេះ ខាង​ខេត្ត​បានឱ្យ​លោក​ស្រាវជ្រាវ​រក​ម្ចាស់​ដី​ដែរ តែ​រក​មិនឃើញ​នោះ​ឡើយ មិនដឹង​ជា​ម្ចាស់​មួយ​ណា​នោះ​ទេ ។

ម្យ៉ាងវិញទៀត បច្ចុប្បន្ន ជា​រៀង​រាល់​ខែ​បុណ្យ​ទាន គេ​ឃើញ​មាន​អ្នកលក់​ម្ហូបអាហារ​តិចតួច ២​ទៅ​៣​ខ្យុ​ស ដោយ​មាន​ភ្ញៀវ​ជា​លក្ខណ​:​គ្រួសារ​ចូល​ទៅ​លេង​កំសាន្ត​នៅ​ទីនោះ​ប៉ុណ្ណោះ មិន​ច្រើន​ដូច​ពី​មុន​នោះ​ទេ ។ លោក​មិន​សង្ឃឹមថា រមណីយដ្ឋាន​មួយ​នេះ ត្រូវ​បាន​គេ​ដំណើរការ​វិញ​នោះ​ទេ ទាល់តែ​មាន​អ្នក​វិនិយោគ​ណា​ម្នាក់​ចូល​ទៅ​ទិញ​ដី​រៀបចំ ទើប​អាច​ដំណើរ​ឡើង​វិញ​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ