រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ២០២០ឈានចូលដល់សប្ដាហ៍ទី២ហើយគិតត្រឹមថ្ងៃអាទិត្យទី២៤ កុម្ភៈ ខណៈក្រុមម្ចាស់ជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង ធ្លាក់មកនៅក្នុងចំណាត់ថ្នាក់លេខ២ បើទោះជាបានយកឈ្នះលើក្រុមគីរីវង់សុខសែនជ័យ៤-២នៅក្រៅទឹកដីក្ដី ។ រីឯក្រុមភ្នំពេញក្រោនឡើងឈរកំពូលតារាងជាបណ្ដោះអាសន្ន ក្រោយពីបានយកឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី៧-០នៅក្រៅទឹកដី ។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ទី២២ កុម្ភៈ រវាងក្រុមព្រះខ័នរាជស្វាយរៀងនិងក្រុមគិរីវង់សុខសែនជ័យ ក្នុងតង់ទី១ កីឡាករខ្សែប្រយុទ្ធAraujo Pinheiro AUGUSTO ពាក់អាវលេខ៧០របស់ក្រុមព្រះខ័នរាជស្វាយរៀងរកបាន២គ្រាប់នាំមុខមុនគឺនៅនាទីទី២៤ និង៣៥ ខណៈកីឡាករJEAN MARIE Privat Befolo MBARGAពាក់អាវលេខ១០បន្ថែម២គ្រាប់ទៀតនៅនាទី៤៥+៣ និងតង់ទី២គេរកបាន១គ្រាប់ទៀតនៅនាទីទី៥០ ។ ចំណែកក្រុមគិរីវង់សុខសែនជ័យ តាមសងបាន២គ្រាប់វិញ។
នៅក្នុងតង់ទី២ កីឡាករ ដាវ នីម ពាក់អាវលេខ១១រកបាន១គ្រាប់នៅនាទីទី៧២ ខណៈកីឡាករSANTIRAD WAING-IN ពាក់អាវលេខ១៥រកបាន១គ្រាប់នៅនាទីទី៩០+៣។ក្រុមបឹងកេតបានលត់ក្រុមវិសាខាដល់ផ្ទះ១-០ ជាថ្វីជើងរបស់កីឡាករGOPANNE MOTHUSIពាក់អាវលេខ៥០នៅនាទីទី៥៨ ខណៈក្រុមណាហ្គាវើលក៏យកឈ្នះលើក្រុមនគរបាលជាតិក្នុងថ្ងៃជាមួយគ្នាក្នុងលទ្ធផល២-១នៅកីឡដ្ឋានអគ្គិសនីកម្ពុជាទួលសង្កែ។
ការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមនគរបាលជាតិមានឱកាសរកបាន១គ្រាប់នាំមុខមុន ដោយកីឡាករ សុខ ផលឧត្តម ពាក់អាវលេខ២៧នៅនាទីទី៤២ក្នុងតង់ទី១។ប៉ុន្តែត្រូវក្រុមណាហ្គាវើលតាមសងបាន២គ្រាប់នាំមុខវិញនៅក្នុងតង់ទី២ ។ គ្រាប់បាល់ទី១រកបានដោយកីឡាករShane BOOYSENពាក់អាវលេខ១១នៅនាទីទី៥០ ។ ចំណែកគ្រាប់បាល់ទី២រកបានដោយកីឡាករ សុះ ស៊ូហាណា នៅនាទីទី៩០+៤ ។
ចំណែកគ្រាប់បាល់ទាំង៧គ្រាប់ដែលក្រុម ភ្នំពេញក្រោនយកឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីកាលពីថ្ងៃអាទិត្យទី២៣ កុម្ភៈ វិញកីឡាករTIMTHY CHIEMERIE OKEREKE ពាក់អាវលេខ៩៨រកបាន៣គ្រាប់ម្នាក់ឯងគឺនៅនាទីទី៣,១៧និង៩០+២។កីឡាករIDEGUCHI MASAAKIពាក់អាវលេខ១៦រកបាន១គ្រាប់នៅនាទីទី៣៧, កីឡាករ OMOGBA ESOHពាក់អាវលេខ៣០រកបាន១គ្រាប់នៅនាទីទី៦៦ កីឡាករRAFAEL ADRES NIETO RONDONពាក់អាវលេខ៩រកបាន១គ្រាប់នៅនាទីទី៨១និង១គ្រាប់ទៀតរកបានដោយកីឡាករ សេត រ៉ូហ្សាក់ ពាក់អាវលេខ១៤នៅនាទីទី៩០ ។
សម្រាប់២ប្រកួតទៀតក្នុងថ្ងៃអាទិត្យនេះដែរ ក្រុមអង្គរថាយ ហ្គឺយកឈ្នះលើក្រុមសូទីឡូអង្គរ៤-០នៅលើទីលានអេស.អ.យូ ។ កីឡាករ DEBIRO DZARMA BATA ពាក់អាវលេខ៧០រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី២៧,៣០និង៥៩ ។ រីឯ១គ្រាប់ទៀតជាចំណែករបស់កីឡាករ ឡុង ភារ៉ាត ពាក់អាវលេខ៩នៅនាទីទី៥៨ ។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះលើក្រុមអាស៊ីអឺរ៉ុប១-០ក្នុងទឹកដីរកបានដោយកីឡាករRASHEED OMOKAFE ADEYANJUពាក់អាវលេខ៨៩នៅនាទីទី២១ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ