ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្ទុះ​ជំងឺ A/H5N1 កម្ទេច​មាន់​​ជាង​៥​ម៉ឺន​ក្បាល អាជ្ញាធរ​ខេត្ត​កំពុង​​​ព្រួយបារម្ភ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​នៅ​ប្រទេស​វៀតណាម កំពុង​តែ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី ដែល​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ A/H5N1 ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​កម្ទេច​សត្វ​មាន់​ប្រមាណ​ជាង​៥​ម៉ឺន​ក្បាល​ចោល ។…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​នៅ​ប្រទេស​វៀតណាម កំពុង​តែ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី ដែល​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ A/H5N1 ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​កម្ទេច​សត្វ​មាន់​ប្រមាណ​ជាង​៥​ម៉ឺន​ក្បាល​ចោល ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អាជ្ញាធរ​ខេត្តមណ្ឌលគិរី ជា​ពិសេស​មន្ត្រី​ជំនាញ​ពេទ្យសត្វ​កំពុង​តែ​មានការ​ព្រួយបារម្ភ និង​មាន​វិធា​ការ​ទប់ស្កាត់ ព្រោះតែ​ខេត្តមណ្ឌលគិរី មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ។

ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី លោក ប៉ែន ប្រុស បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​កំពុង​មានការ​ព្រួយបារម្ភ​ក្នុង​ចំណុច​នេះ ប៉ុន្តែ​ជា​ទោះ​យ៉ាងណា នៅ​ខេត្តមណ្ឌលគិរី មិន​ទាន់​កើត​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​របស់​សត្វ​បក្សី ជា​ពិសេស​គឺ​សត្វ​មាន់​ទា​នោះ​ទេ ។

លោក​បន្ត​ថា ទោះជា​ខេត្តមណ្ឌលគិរី​នា​ពេល​កន្លង​មក ពុំ​ធ្លាប់​នាំ​សត្វ​មាន់​ទា​ចូល​ពី​ប្រទេស​វៀតណាម ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ជំនាញ​ពេទ្យសត្វ​បាន​ចុះ​ទៅ​ដល់​តាម​ច្រក​ទ្វារ​ព្រំដែន ស្នើ​ឲ្យ​មានការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​នាំ​ចូល​សត្វ​មាន់​ទា​មក​កាន់​ខេត្តមណ្ឌលគិរី ។

លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​បាន​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី​មាន​ប្រភព​នាំ​សត្វ​មាន់​ទា​ចូល​មក​ចែកចាយ​ពី​ក្រុមហ៊ុន​ស្របច្បាប់​មួយ ហើយ​មុន​ចូល​មក​ទឹកដី​ខេត្តមណ្ឌល​គិរី មន្ត្រី​ជំនាញ​ក៏​បាន​ត្រួតពិនិត្យ​លើ​ឯកសារ​ដឹក​ជញ្ជូន និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​​បច្ចេកទេស មុន​អនុញ្ញាត​ឲ្យ​ចែកចាយ ។

លោក​បញ្ជាក់​ទៀត​ថា មន្ត្រី​ជំនាញ​ក៏​បាន​និង​កំពុង​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​អំពី​ផល​បង្ក និង​វិធានការ​ទប់ស្កាត់​ជូន​ដល់​កសិករ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ដោយ​ជំ​ហ៊ាន​ដំបូង​នេះ គឺ​កំពុង​អនុវត្ត​នៅ​ស្រុក​កែវ​សីមា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ