ខេត្តព្រះសីហនុ ៖ បើទោះបីជាក្រុមការងារចំរុះដែលដឹកនាំដោយលោក ឈិត សេងងួន អភិបាលរងខេត្ត សហការជាមួយលោកព្រះរាជអាជ្ញារងនៃសាលាតំបូងខេត្ត រួមជាមួយអង្គភាពសាម៉ីជាច្រើន បានចុះផ្អាកអាជីវកម្មរបស់មន្ទីរពេទ្យ (ថៃខាង) មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ជនជាតិចិនមួយកន្លែង ដោយផ្អែកលើហេតុផលចំនួន២ គឺគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ដែលនាំឲ្យមានភាពចលាចលដល់សង្គម តាំងពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០យ៉ាងណាក៏ដោយ គិតមកដល់ព្រលប់ថ្ងៃទី២២ ខែកុម្ភៈនេះ គេនៅសង្កេតឃើញថា មន្ទីរពេទ្យធំជាងគេរបស់ជនជាតិចិនមួយនេះ នៅតែបន្តអាជីវកម្មដដែល ដោយហាក់ពុំខ្វល់ទៅនឹងអ្វីដែលរដ្ឋបាលខេត្ត បានចុះហាមឃាត់នោះទេ។
អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានឈ្មោះថា «ថៃខាង» ក្រោយរកឃើញថា មន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ដែលនាំឲ្យមានភាពចលាចលដល់សង្គមនេះ បើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ។
លោកអភិបាលខេត្តមានប្រសាសន៍បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងលើនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ ប៉ុន្តែខាងមន្ទីរពេទ្យជនជាតិចិនមួយនេះ ដាក់ការសង្ស័យថា មានវីរុស កូរ៉ូណា។ បន្ទាប់ពីកើតមានដំណឹងនេះ លោកអភិបាលខេត្ត បាន អន្តរាគមន៍ភ្លាមៗ ដោយសម្រេចយកសំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះ មិនមានវីរុសកូរ៉ូណានោះទេ។
នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ «ថៃ ខាង» ជាថ្មីម្តងទៀត ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តជនជាតិឈ្មោះ Su YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាករបស់ឈ្មោះ Su YongYun ទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ។ ដោយសារតែការបំភ្លៃព័ត៌មាននេះ បានធ្វើឲ្យមានការចលាចលតៗគ្នា ហើយជាមន្ទីរពេទ្យបើកដំណើរការគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលផងនោះ ទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យនេះ។
ក្រោយមានការចុះបិទអាជីវកម្ម មន្ទីរពេទ្យដ៏ធំរបស់ជនជាតិចិនប្រចាំខេត្តព្រះសីហនុ ក្រោមហេតុចំនួន២នោះរួចមក បានធ្វើឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនមានចម្ងល់យ៉ាងខ្លាំងថា មន្ទីរពេទ្យមួយនេះ ស្ថិតនៅតាមផ្លូវធំ មានអាជីវកម្មទ្រង់ទ្រាយធំ ហើយបានបើកអាជីវកម្មជាច្រើនខែមកហើយ (មិនក្រោមមួយឆ្នាំ) ហេតុអីទើបតែដឹងថា ពុំមានលិខិតអនុញ្ញាត្តិ? តើមន្ត្រីនៃមន្ទីរសុខាភិបាល កំពុងធ្វើអ្វី? ចុះកាលពីបើកសម្ភោធដំបូង ហេតុអីក៏ខាងមន្ទីរមិនចុះមកសួរនាំ? ហើយអ្វីដែលពិសេសជានេះទៀត ក្រោយពីក្រុមការងាររដ្ឋបាលខេត្តចុះហាមឃាត់ តាំងពីថ្ងៃទី១៨ រហូតមកដល់ថ្ងៃទី២២ ទៅហើយ គេពុំទាន់បានឃើញមន្ទីរពេទ្យមួយនេះផ្អាកអាជីវកម្មនៅឡើយទេ គេពុំទាន់ដឹងថា ខាងមន្ទីរអង្គភាពសាម៉ី (មន្ទីរសុខាភិបាល) បានដឹងហើយនៅទេ។
ជុំវិញបញ្ហាខាងលើនេះ លោក ឈិត សេងងួន អភិបាលរងខេត្ត ដែលជាប្រធានក្រុមការងារចុះផ្អាកអាជីវកម្មនេះ បានឱ្យដឹងថា ចំពោះការបិទអាជីវកម្មជាបណ្តោះអាសន្ននេះ គឺលោកបានប្រគល់កិច្ចការបន្ទាប់ទៅឱ្យអង្គភាពសាម៉ី ហើយក្នុងការតាមដានលើអាជីវកម្មរបស់មន្ទីរពេទ្យមួយនេះ ។ ឯត្រង់ថា គិតមកដល់ពេលនេះ មន្ទីរពេទ្យមួយនេះនៅបើកទ្វារនោះ អាចមកពីអ្នកជំងឺចាស់ដែលកំពុងសម្រាកទីនោះចំនួន៩នាក់ពុំទាន់ជាសះស្បើយនៅឡើយ ពុំទាន់បានចេញពីមន្ទីរពេទ្យ ទើបមន្ទីរពេទ្យនៅបើកទ្វារ និងមានក្រុមគ្រូពេទ្យចេញចូលធម្មតា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ