ឆេះបន្ទប់ទទួលភ្ញៀវក្នុងហាងលក់ម្ហូបចិនម្តុំស្ពានកោះពេជ្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះបន្ទប់ទទួលភ្ញៀវជាន់ទី២ក្នុងហាងលក់ម្ហូបចិនយីហោ «សាច់អាំងប្រាំបីទិស» ទាំងកណ្តាលថ្ងៃត្រង់នៅក្បែរស្ពានឥន្ទធនូកោះពេជ្រ បង្កមានការរភ្ញាក់ផ្អើលមួយបានកើតឡើងដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនជាច្រើននាក់ រួមទាំងរថយន្តពន្លត់អគ្គិភ័យរហូតទៅដល់ចំនួន៤គ្រឿង បានចុះមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយមានអណ្តាតភ្លើងឆេះឡើងក្រហមច្រាល និងផ្សែងខ្មៅហុយឃ្មួញខ្មាញ់នោះ ។

ករណីអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០២០ នៅក្នុងបន្ទប់ទទួលភ្ញៀវជាន់ទី២ ក្នុងភោជនីយដ្ឋានលក់ម្ហូបចិនយីហោ«សាច់អាំងប្រាំបីទិស» ផ្ទះលេខ៣៥ ផ្លូវវិមានកុលាប (ខាងលិចស្ពានឥន្ទធនូក្បែរកោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណ:ពេលមានបុរសជនជាតិចិនម្នាក់នៅជាន់ផ្ទាល់ដីខាងក្រោម និងបុរសជនជាតិចិនចំនួន២នាក់ទៀតនៅដេកជាន់ខាងលើក្នុងហាងលក់ម្ហូបចិនខាងលើនោះ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងក្រហមច្រាល និងមានផ្សែងខ្មៅហុយឃ្មួញខ្មាញ់ចេញពីបន្ទប់ទទួលភ្ញៀវនៅជាន់ទី២ខាងលើចេញមកខាងក្រៅ ពេលនោះក៏បង្កអោយមានការភ្ញាក់ផ្អើលទៅដល់បុរសជនជាតិចិន ជាម្ចាស់ហាងទាំង៣នាក់ និងអ្នកនៅរស់ក្បែរខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទឹកចូលទៅធ្វើការបាញ់ទឹកពន្លត់ភ្លើងដែរ តែមិនអាចពន្លត់បានឡើយ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរខាងក៏បានរាយការណ៍ទៅប្រាប់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនជាច្រើននាក់បានចុះមកដល់កន្លែងកើតហេតុ ក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រដែលនៅក្បែរនោះចំនួន៣គ្រឿង រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១គ្រឿង សរុបចំនួន៤គ្រឿង ចុះមកជួយធ្វើការបាញ់ទឹកពន្លត់ផងដែរ។

ពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យឆេះនៅបន្ទប់ទទួលភ្ញៀវនៅជាន់ទី២របស់ហាងលក់ម្ហូបចិនយីហោ «សាច់អាំងប្រាំបីទិស» ខាងលើនេះដែរ គឺបង្កឡើងដោយសារតែការឆ្លងចរន្តអគ្គិសនី ដោយបានឆេះបំផ្លាញអស់ម៉ាស៊ីនត្រជាក់១គ្រឿង កង្ហារ១គ្រឿង និងសម្ភារ:ប្រើប្រាស់អស់ មួយចំនួនទៀតផងដែរ ។ ចំណែកកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១រថយន្ត និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ