ថៃ​ចាប់​ពលករ​ខ្មែរ​5​នាក់​ចោទ​ឆ្លង​ដែន​ខុសច្បាប់ មន្ត្រី​បដិសេធ​ថា​មិនដឹង


ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​៥​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​ទឹកដី​ថៃ​ក្នុងភូមិ​អាង​សិលា ឃុំ​ណូ​ន​ម៉ាក់​មុន ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខណៈ​ពួក​គេ​កំពុង​ជិះ​រថយន្ត​១​គ្រឿង​របស់​ជនជាតិ​ថៃ​ប្រុង​ទៅ​រក​ការងារ​ធ្វើ ។ នេះ​បើ​តាម​ប្រភព​មួយ​ពី​ទឹកដី​ថៃ​បាន​ទម្លាយ​ឱ្យ​ដឹង ។

ប្រភព​ខាងលើ​បាន​ប្រាប់​ថា ពលករ​ទាំង​៥​នាក់​(​ប្រុស​៤​នាក់​ស្រី​ម្នាក់​) មាន​ទីលំនៅ​ក្នុងស្រុក មង្គល​បុរី ខេត្តបន្ទាយមានជ័យ ។ យោង​តាម​ការ​សាកសួរ ពលករ​ទាំងនេះ​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ពួក​គេ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​មួយ​ក្នុងស្រុក​អូរ​ជ្រៅ ប្រុង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹក​ដី​ថៃ តែ​ខណៈ​កំពុង​ជិះ​រថយន្ត​របស់​ជនជាតិ​ថៃ​១ គ្រឿង ដល់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ ឃុំ​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រៅពី​ពលករ​ខ្មែរ​ទាំង​៥​នាក់ បុរស​ជា​អ្នកបើកបរ​ជនជាតិ​ថៃ​អាយុ​៣៣​ឆ្នាំ រួម​ជាមួយ​រថយន្ត​១​​គ្រឿង ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​និង​រឹង​អូស​ដែរ​ដើម្បី​បន្ត​នីតិវិធី ។

ប្រភព​ព័ត៌មាន​ថា ពលករ​ខ្មែរ​ទាំ​៥​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្ថានីយ​តម្រួត​ក្នុង ស្រុក​ខាងលើ ។ ជុំវិញ​ករណី​នេះ លោក​ឧត្តម​សេនីយ៍​ត្រី ឃួ​ន ជឿន មេបញ្ជាការ​យោធា​កង ការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​ធ្វើការ​ប​ដិសេ​ធ​ថា ពុំ​មាន​ករណី​ខាងលើ​កើតឡើង​នៅ​ចំណុ​ច​ភូមិសាស្ត្រ​លោក​គ្រប់គ្រង​ឡើយ ។

ចំណែក​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​មួយ​រូប​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​បាន​បដិសេធ​ដែរ​ថា មិន​បានដឹង​រឿង​នេះ​ដូច​គ្នា ខណៈ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​កា​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​មួយ​រូប បម្រើ​ការ​ងារ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ពលករ​ទាំង​៥​នាក់​ខាងលើ​មិន​ទាន់​ឃើញ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​នៅឡើយ​ទេ ។ ពួក​គេ​អាច​ប្រឈម​នឹង ផ្លូវច្បាប់​ប្រទេស​គេ​៤៩​ថ្ងៃ ឬ​យ៉ាងតិច​៧​ថ្ងៃ ទើប​គេ​បញ្ជូន​ត្រឡប់ ប្រសិនបើ​ជាប់ចោទ​ឆ្លង​ដែន​ខុស
ច្បាប់​មែន​នោះ ។

បើ​ពិត​ដូច​ប្រភព​ខាងលើ​មែន គេ​ពុំ​ដឹង​ថា​វាសនា​ពលករ​ទាំង​៥​នាក់​បាន​វិល​មក​កម្ពុជា​វិញ ឆាប់​ៗ​នេះ ឬ​ត្រូវ​ទទួលទោស​របស់​ប្រទេស​ថៃ​ប៉ុន្មាន​ខែ​នោះ​ទេ ។ បញ្ហា​នេះ មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​យក​មក​ផ្តន្ទា​ទោស​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ