ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តយីឌុបបែនដឹកដីពណ៌ក្រហម១គ្រឿងរបស់ក្រុមហ៊ុន ស្ថាបនាផ្លូវជាតិលេខ២ បានជួបរឿងដែលស្មានមិនដល់ និងចម្លែកដោយក្បាលរថយន្តនេះបានហោះឡើងផុតពីដី ចំណែកទ្រុងរបស់វាវិញបានបញ្ឈរត្រង់ឡើងលើមើលទៅហាក់បីដូចរថយន្តនេះបម្រុងហោះទៅកាន់លើអាកាសវេហាស៍អ៊ីចឹង ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោងប្រហែ៧ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាតិផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ដោយឡែកលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ្ញារិទ្ធ ក៏បានចាប់អារម្មណ៍ទៅលើរូបភាពប្លែកនេះហើយបានយកទៅបង្ហោះនៅលើទំហ្វេសប៊ុករបស់លោក អមដោយសារផងដែរថា «ឮដំណឹងថា ក្រុមហ៊ុនផលិតឡាននេះ និងបញ្ជូនអ្នកឯកទេសមករៀនពីរបៀបដាក់គន្លឹះបញ្ឈរឡានពីកម្ពុជាហើយ» ។

លោក ក្រូច វណ្ណា ដែលជាអ្នកដំណើរម្នាក់បាននិយាយថា ខណៈដែលលោកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ទៅដល់ត្រង់ចំណុចខាងលើបានប្រទះឃើញរថយន្តនោះហោះហើបក្បាលឡើងផុតពីដីដែលក្បាលបែរសំដៅទៅរកផ្លូវ រីឯទ្រុងរបស់វាបញ្ឈរត្រង់ឡើងលើបែរទៅរកប្រឡាយទឹក និងស្ថិតនៅបបេះមាត់ប្រឡាយទឹកថែមទៀតផង ។

ខណៈនោះលោកមិនបានដឹងថា រថយន្តនេះមានបញ្ហាអ្វីកើតឡើងឡើយក៏បានថតរូបភាពប៉ុន្មានប៉ុស្តិ៍ទុក និងបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ព្រោះមើលទៅហាក់ប្លែកភ្នែកជារូបភាពចម្លែកផងដែរ បន្ទាប់មកលោកក៏បានសាកសួរអ្នកស្ថិតនៅជិតនោះទើបពួកគាត់ប្រាប់ថា រថយន្តខាងលើនេះជារបស់ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២នេះ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុរថយន្ត១គ្រឿងនេះ បានដឹកដីយកទៅចាក់លុបបំពេញប្រឡាយទឹកខាងលើ ដើម្បីពង្រីកផ្លូវជាតិលេខ២នេះ ហើយខណៈពេលបែនចាក់ដីសង្ស័យអ្នកបើកបរភ្លេចដកគន្លឹះសន្ទះទ្រុងខាងក្រោយចេញឲ្យចំហរសិន ទើបពេលបែនទៅដីអត់ចេញ ។ ដែលជាហេតុធ្វើឲ្យដីមានទម្ងន់រាប់តោនបានសង្កត់បណ្ដាលឲ្យក្បាលរថយន្តហោះហើបឡើងផុតពីដី រីឯទ្រុងរបស់វាបានបញ្ឈរត្រង់ឡើងលើ ដែលមើលទៅរថយន្តនេះប្រុងហោះឡើងទៅលើអាកាសអ៊ីចឹង ។ ប៉ុន្តែជាសំណាងមិនបានបណ្ដាលឲ្យរថយន្តក្រឡាប់ ឬធ្លាក់ចូលទៅក្នុងប្រឡាយទឹកឡើយ ហើយអ្នកបើកបរបានចុះពីលើរថយន្តនោះដោយសុវត្ថិភាព ។
ម្យ៉ាងទៀតនៅក្នុងហេតុការណ៍នេះក៏មិនបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវមួយនេះឡើយ តែព្រោះរថយន្តនេះ ស្ថិតនៅលើចំណែកផ្លូវម្ខាងទៅហើយ ដូច្នេះយានយន្តគ្រប់ប្រភេទអាចធ្វើដំណើរនៅតាមចំណែកផ្លូវម្ខាងទៀតដោយរលូន ។
ប្រភពខាងលើក៏បានបញ្ជាក់ថា ក្រោយពេលឃើញរថយន្តនោះហោះបែបនេះអ្នកដែលធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទបាននាំគ្នាគេចចេញរៀងៗខ្លួនមិនហ៊ានទៅជិតនោះទេ ព្រោះខាចរថយន្តនេះធ្លាក់មកវិញសង្កត់បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ បន្ទាប់មកខាងក្រុមហ៊ុនបានកាយដីចេញពីទ្រុងដើម្បីឲ្យក្បាលរថយន្តនេះធ្លាក់ចុះក្រោមវិញរួចបើកចេញពីកន្លែងកើតហេតុបន្តការងារទៀត ៕
ចែករំលែកព័តមាននេះ