រាជធានីភ្នំពេញ ៖ លោក សេង ស៊ីវុត្ថា ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២២ សីហា បានសម្រេចដោះលែងជនជាប់ចោទចំនួន៣នាក់ ជាសកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន រួមមាន ១-ឈ្មោះ នាង សុឃុន ភេទប្រុស ២-ឈ្មោះ សាន គឹមហេង ភេទប្រុស និង៣-ឈ្មោះ ឃិន រឿន ហៅឃិន ជំរឿន ភេទប្រុស ។
ការសម្រេចដោះលែងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការជាអសាធារណៈមុនអង្គសេចក្តី តាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យជនជាប់ចោទ ។ សវនាការនេះបានធ្វើឡើងដោយមានវត្តមានជនជាប់ចោទ និងមេធាវីការពារក្តីចំនួន៣រូប ។ យោងតាមមេធាវីការពារក្តីជនជាប់ចោទបាននិយាយថា បន្ទាប់ពីសវនាការបិទទ្វារអស់រយៈពេលជិត២ម៉ោង នៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២២ សីហា សាលាឧទ្ធរណ៍បានសម្រេចប្រកាសសាលដីកាឱ្យជនជាប់ចោទឈ្មោះនាង សុឃុន ឈ្មោះ សាន គឹមហេង និងឈ្មោះ ឃិន ជំរឿន ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នតាមសំណើសុំ តែជនជាប់ចោទត្រូវបង្ហាញខ្លួននៅរាល់ពេលណាដែលតុលាការកោះហៅចូលសាកសួរ ។
 
នៅក្នុងពេលសវនាការអសាធារណៈនោះតុលាការមិនអនុញ្ញាតឱ្យអ្នកកាសែត និងក្រុមគ្រួសារជនជាប់ចោទចូលស្តាប់ការសាកសួរដេញដោលរវាងចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារក្តីឱ្យជនជាប់ចោទទេ ។ ចំណែកនៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍  មានអ្នកគាំទ្រប្រមាណ១០០នាក់ បានមកស្រែកទាមទារឱ្យតុលាការដោះលែងជនជាប់ចោទជាបន្ទាន់ដោយនិយាយថា ពួកគាត់គ្មានកំហុសទេ សូមសាលាឧទ្ធរណ៍ដោះលែងពួកគាត់ទៅ។ បន្តិចក្រោយមកក្រុមអ្នកគាំទ្របានសម្តែងការសប្បាយរីករាយក្រោយពីទទួលដំណឹងតាមរយៈមេធាវី និងក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា សាលាឧទ្ធរណ៍បានដោះលែងពួកគេទាំង៣នាក់ហើយ ។ មានការកត់សម្គាល់ថា នៅក្នុងបរិវេណសាលាឧទ្ធរណ៍ មានក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិជាង១០រូប និងក្រុមគ្រួសារជនជាប់ចោទបានមកតាមដានការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានអ្នកតំណាងរាស្ត្រចំនួន៣រូប ត្រូវបានចៅក្រមសាលាឧទ្ធរណ៍កោះហៅឱ្យចូលខ្លួនដែរ គឺ១-លោក ឡុង រី ២-លោក នុត រំដួល និង៣-លោក រៀល ខេមរិន្ទ្រ ទាក់ទងនឹងការទាមទារសម្ភារមួយចំនួនដែលសមត្ថកិច្ចបានដកហូតនៅពេលចាប់ខ្លួនអ្នកតំណាងរាស្ត្រកាលពីថ្ងៃទី១៥-១៧ កក្កដា ២០១៤ ។
មន្ត្រីតុលាការបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ មាន ១-ឈ្មោះនាង សុឃុន ២-ឈ្មោះ សាន គឹមហេង និង៣-ឈ្មោះឃិន ជំរឿន ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២ សីហា តាមដីការបស់លោក កែវ មុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពីបទដឹកនាំកុបកម្មញុះញង់ឱ្យមានបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាមានស្ថានទម្ងន់ទោស ។ គិតមកដល់ពេលសវនាការនេះ ជនជាប់ចោទត្រូវបានឃុំខ្លួនអស់រយៈពេល២០ថ្ងៃនៅពន្ធនាគារព្រៃស«ម១» ។ ជនជាប់ចោទឈ្មោះសាន គឹមហេង មានតួនាទីជាប្រធានយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក ត្រូវបានប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ ចាប់ខ្លួននៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២ សីហា នៅតាមផ្លូវមួយក្នុងសង្កាត់បឹងសាឡាង ។ ឯឈ្មោះនាង សុឃុន ជាប្រធានសហព័ន្ធយុវជនស្នេហាជាតិ និងជាហេរញ្ញិករបស់យុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ សីហា នៅក្នុងសង្កាត់ព្រែកឯង។ ចំណែកឈ្មោះឃិន រឿន ហៅ ឃិន ជំរឿនជាប្រធានផ្នែកសន្តិសុខរបស់យុវជនគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃជាមួយគ្នានោះនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល ។
ស្របពេលជាមួយគ្នា ក្នុងបទចោទដូចគ្នានេះ លោក កែវ មុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យយុវជន និងមន្ត្រីគណបក្សសង្គ្រោះជាតិសរុប៥នាក់ចូលបំភ្លឺផងដែរ មាន ១-លោកមៀច សុវណ្ណារ៉ា អាយុ ៤២ឆ្នាំ ជាសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ទទួលបន្ទុកព័ត៌មានចូលទៅសាលាដំបូងនៅថ្ងៃទី១ កញ្ញា ខាងមុខ។ ២-ឈ្មោះ អ៊ុម ពេជ្រសំណាង ភេទប្រុស ចូលបំភ្លឺថ្ងៃទី២៦ សីហា ៣-ឈ្មោះ សាន គឹមហាក់ ភេទប្រុស ចូលបំភ្លឺថ្ងៃទី២៧ សីហា ៤-ឈ្មោះអាន បឋម ភេទប្រុស ចូលបំភ្លឺថ្ងៃទី២៨ សីហា និង៥-ឈ្មោះ ទេព ណារិន ភេទប្រុស ចូលបំភ្លឺថ្ងៃទី២៩ សីហា ឆ្នាំ២០១៤ ខាងមុខនេះ ៕
                        			         
				
ចែករំលែកព័តមាននេះ