ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តកូរ៉េមួយគ្រឿងប្រភេទ២តោនកន្លះដឹកប៊ីដុងប្រេង ដែលជារថយន្តរបស់ម្ចាស់ស្ថានីយប្រេង ត្រូវអគ្គិភ័យឆាបឆេះនៅមុខស្ថានីយប្រេង បណ្ដាលឱ្យរងខូចខាតអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹង ប៉ុន្តែភ្លើងមិនបានឆេះរាលដាលស្ថានីយប្រេងនោះទេ ។

ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងយីហោ«ស្រូយ រស្មី» ស្ថិតក្នុងភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

តាមសេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុ បណ្តាលអោយមានអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងនោះនៅឡើយទេ ។ មុនពេលកើតហេតុ រថយន្តកូរ៉េមួយគ្រឿងខាងលើបានចូលចាក់ប្រេងដាក់ប៊ីដុង ដើម្បីដឹកយកទៅលក់អោយម៉ូយ លុះចាក់មិនគ្រប់ប៊ីដុងផង ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើង ហើយក្រុមកម្មករបាននាំគ្នាទាញរថយន្តនោះចេញមកក្រៅបរិវេណស្ថានីយប្រេង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាភ័យស្លន់ស្លោ និងបង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ពន្លត់។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើក៏មានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគបាលខេត្តចំនួន១០គ្រឿង ចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែរថយន្តមួយគ្រឿងខាងលើបានរងការខូចខាតនៅសល់តែគ្រោងឆ្អឹង ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃដដែល ដោយមិនបានឆេះឆ្លងរាលដាលដល់ស្ថានីយប្រេងនោះឡើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ