ខេត្តបន្ទាយមានជ័យ ៖ ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការថយចុះជាង៣០% នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញផ្នែកទេសចរណ៍ ប៉ុន្តែមន្ត្រីសុខាបាលអះអាងថាពុំទាន់រកឃើញអ្នកសង្ស័យសូម្បីម្នាក់ពាក់ព័ន្ធមេរោគកូវីដ-១៩នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើយ។
បើទោះជាបែបនេះក្តី ដើម្បីការពារនិងបង្ការទប់ស្កាត់ជាមុន នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានធ្វើការចែកម៉ាស់ដល់អ្នកដំណើរជាតិនិងអន្តរជាតិជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៧ មករាដល់ថ្ងៃទី១៨ កម្ភៈ ឆ្នាំ២០២០ សរុបចំនួន៣៩៥.៩៥០ម៉ាស់។
ជាការកត់សម្គាល់របស់មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារមិនចំរដូវកាលដែលភ្ញៀវទេសចរដើរកម្សាន្ត (វិស្សមកាល) ។ ម្យ៉ាងគាប់ជួនមេរោគកូវីដ-១៩បានផ្ទះឡើងបង្កក្តីកង្វល់ដល់ប្រជាពលរដ្ឋលើពិភពលោក ទើបចំនួនភ្ញៀវទេសចរចូលមកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់មានកាធ្លាក់ចុះស្ទើរជិត៤០%។
មន្ត្រីដដែលបានបន្តថា ប្រទេសថៃមិនបានបិទជើងហោះហើរភ្ញៀវអឺរ៉ុបឡើយ មិនតែប៉ុណ្ណោះភាគីថៃគេមានកាត្រួតពិនិត្យសុខភាពភ្ញៀវទេសចរបរទេសយ៉ាងល្អិតល្អន់ ហើយភ្ញៀវទេសចរអឺរ៉ុបទាំងនោះក្រោយពីដើរកំសាន្តនៅថៃរួច ជាពិសេសភ្ញៀវទេសចរជនជាតិរុស្សីបន្តដំណើរមកលេងកម្ពុជាតាមច្រកទ្វារអន្តរតិប៉ោយប៉ែតជាធម្មតា។
លោកវេជ្ជបណ្ឌិតកែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទថា តាំងពីចាប់ផ្តើមពង្រឹងត្រួតពិនិត្យសុខភាពកាលពីថ្ងៃ១០ មករា ឆ្នាំ២០២០ មកដល់ថ្ងៃនេះតាមរយៈដាក់ម៉ាស៊ីនស្កេននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺមិទាន់រកឃើញជនសង្ស័យណាម្នាក់ជាប់ពាក់ព័ន្ធវីរុសកូវីដ-១៩នៅឡើយទេ។
លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះភ្ញៀវចិនតម្រូវឲ្យមន្ត្រីធ្វើការពិនិត្យសុខភាព២ដង ម្តងបាញ់យកកំដៅតាមរយៈម៉ាស៊ីនស្កេន និងម្តងទៀតចាប់កំដៅតាមរយៈម៉ាស៊ីនទែរម៉ូម៉ែត្រ។ចំពោះវិធានការបង្ការទប់ស្កាត់មេរោគកូវីដ-១៩នេះដែរ លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា លោកបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយអាជ្ញាធរចែកម៉ាស់ដល់ភ្ញៀវជាតិនិងអន្តរជាតិចាប់ពីថ្ងៃទី២៧ មករា ដល់១៨ កម្ភៈ ឆ្នាំ២០២០ បានចំនួន៣៩៥.៩៥០ម៉ាស់។
លោកនាយប៉ុស្តិ៍បន្តថា ម៉ាស់ដែលត្រូវចែកជូនដល់អ្នកដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះមានរហូត១លានម៉ាស់ហើយថាយុទ្ធនាការចែកម៉ាស់នេះនិងធ្វើឡើងរហូតជំងឺប្រភេទខាងលើត្រូវគេរកឃើញថ្នាំព្យាបាល។ លោកបញ្ជាក់ថា ប្រសិនបើជំងឺខាងលើមិនទាន់ថមថយឬគេរកមិនទាន់ឃើញថ្នាំព្យាបាលបាននោះទេ ខាងលោកនឹងស្វះស្វែងរកម៉ាស់មកចែកបន្តជារៀងរហូត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ