រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រលយថា កម្ពុជានឹងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ដែលអាចធ្វើអោយតំបន់អរិយក្សត្រកាន់តែជិតរាជធានីភ្នំពេញ ។ ការប្រកាសគម្រោងអ្វីមួយតែងធ្វើអោយតម្លៃដីធ្លីហក់ឡើងថ្លៃមួយកម្រិតទៀត ក៏ប៉ុន្តែការប្រកាសគម្រោងនេះវាពិបាកនឹងធ្វើអោយតម្លៃដីធ្លីនៅអរិយក្សត្រឡើងណាស់ ក្នុងកាលៈទេសៈនេះ ។
បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ជាធម្មតាតម្លៃដីធ្លីនឹងកើនឡើងខ្ពស់ នៅពេលមានគម្រោងអ្វីមួយត្រូវបានរាជរដ្ឋាភិបាលប្រកាសលក់ ក៏ប៉ុន្តែសម្រាប់ដីនៅអរិយក្សត្រក៏ដូចជា ដីនៅតំបន់ផ្សេងៗទៀតក្នុងពេលបច្ចុប្បន្ននេះ គឺពិបាកក្នុងការឡើងថ្លៃណាស់ ដោយសារតែស្ថានភាពវិស័យអចលនទ្រព្យក្នុងពេលនេះ គឺកំពុងមានបញ្ហាដោយសារតែការផ្ទុះនៃវីរុសកូរ៉ូណាធ្វើអោយវិនិយោគិនបរទេសហាក់នៅមានភាពរារែក ក្នុងការចូលមកវិនិយោគនៅកម្ពុជា ។
លោកបន្តថា បើកាលពីមុននៅមានការប្រកាសពីការសាងសង់ ឬមានគម្រោងសាងសង់អ្វីមួយនោះតម្លៃដីធ្លីនៅតំបន់នោះនឹងមានការហក់ឡើងខ្ពស់ តែពេលនេះអ្នកវិនិយោគត្រូវរង់ចាំមើលសិន ដើម្បីអោយស្ថានភាពធូរស្បើយទើបហ៊ានដាក់ទុន ក៏ប៉ុន្តែបើសិនជាពួកគាត់ហ៊ានពួកគាត់នឹងទទួលបានផល់ខ្ពស់ ។ លោកថា៖« ពេលនេះអ្នកហ៊ានទិញនឹងហុចផលនៅពេលក្រោយ ព្រោះពេលគម្រោងសាងសង់រួចវានឹងធ្វើអោយដីធ្លីនោះឡើយមួយកម្រិតទៀត ។ ម្យ៉ាងទៀត អ្នកទិញដីធ្លីនៅពេលនេះ ដូចជានៅតំបន់អរិយក្សត្រជាដើម គឺទិញសម្រាប់ទុកអភិវឌ្ឍន៍មិនមែនទិញទុកចំណេញនោះឡើយ» ។
លោកពីង សេរី អ្នកវាយតម្លៃ អចលនទ្រព្យមួយរូបនៅកម្ពុជាក៏បានលើកឡើងផងដែរថា វាជា ពេលដែលត្រូវប្រយ័ត្ន ហើយវាក៏ជាពេលដែលមានអ្នកមានលុយត្រូវពើងទ្រូងវិញម្ដង ។ កាលពីមុនអ្នកមានដីពើងទ្រូង ហើយចង់លក់អោយអ្នកណាក៏បានដែលអោយតម្លៃខ្ពស់ តែពេលនេះអ្នកមានលុយអាចជ្រើសរើសដីដែលខ្លួនចង់បាន និងអាចទិញបាននៅក្រោមតម្លៃទីផ្សារទៀតផងព្រោះវាជាបរិបទមួយដែលពិបាករកអ្នកទិញ ។
លោកបន្តថា បើកាលពីមុនទាំងតម្លៃ និងការស្វែងរកទិញដីនៅកម្ពុជា មានច្រើនតែពេលនេះ វាហាក់ថមថយតែមិនមែនស្ងាត់ឈឹងនោះទេ ។ យ៉ាងណាក៏ដោយស្ថានភាពនេះនឹងល្អប្រសើរឡើងវិញ នៅពេលខាងមុខឆាប់ៗនេះ ក្រោយមានការដោះស្រាយបញ្ហាពិភពលោករួចរាល់ ៕
ចែករំលែកព័តមាននេះ