ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ ភ្ញៀវ​ទេសចរ​ចុង​ក្រោយ​នៅ​លើ​នាវា នឹង​ជិះ​យន្តហោះ​ទៅ​ប្រទេស​រៀង​ៗ​ខ្លួនវិញ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​បរទេស​ចុង​ក្រោយ​សរុប​ចំនួន​២៣៣​នាក់​ដែល​នៅ​លើ​នាវា វេ​ស្ទើ​ដាម (WESTERDAM) នៅ​វេលា​ថ្ងៃត្រង់​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ចាកចេញ និង​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​១០…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​បរទេស​ចុង​ក្រោយ​សរុប​ចំនួន​២៣៣​នាក់​ដែល​នៅ​លើ​នាវា វេ​ស្ទើ​ដាម (WESTERDAM) នៅ​វេលា​ថ្ងៃត្រង់​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ចាកចេញ និង​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​១០ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​បន្តដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ក្រោយ​ពី​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ​បាន​ពិនិត្យ​សុខភាព​រក​ពុំ​ឃើញ​មាន​មេរោគកូវីដ-១៩ (Covid-19) ។

នៅ​ឯកំ​ពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល​, លោក អូ​ឡែ​ន​ដូ អាស​ហ្វ៊​ដ (Orlando Ashford) នាយក​នាវា Westerdam ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​បាន​ស្វាគមន៍ និង​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​២៣៣​នាក់​ផង​ដែរ​។

ចំណែក​អ្នកបម្រើ​ការងារ​នៅ​លើ​នាវា​ចំនួន​៧៤៧​នាក់ នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​តាម​​នាវាវេស្ទើដាម (Westerdam) ឆ្ពោះទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​វិញ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

បើ​តាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹង​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​នៅ​សល់​ជាង​៥០០​នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក អូ​ឡែ​ន​ដូ អាស​ហ្វ៊​ដ (Orlando Ashford) ប្រធាន​ក្រុមហ៊ុន Holland America Line និង​ជា​ម្ចាស់​នាវា​វេ​ស្ទើ​ដាម (Westerdam) ចូល​ជួប​សម្តែង​ការ​គួរសម និង​ថ្លែងអំណរគុណ នៅ​វិមាន​សន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ