រាជធានីភ្នំពេញ ៖ បន្ទាប់ពីអភិបាលស្រុកបន្ទាយស្រីបានចុះជួយលក់ត្រសក់ផ្អែមមកវិបត្តិនៃការលក់មិនដាច់របស់ប្រជាពលរដ្ឋនោះបានដោះស្រាយរួចហើយ ពោល គឺលក់អស់ហើយ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីលើកឡើងយ៉ាងដូច្នេះថា បេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែមត្រូវបានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក ! ត្រសក់ផ្អែមទាំងអស់នៅក្នុងចម្ការទាំងមូលត្រូវបានទិញ និងកក់ទុករួចអស់ ហើយគិតត្រឹមថ្ងៃនេះ ។ 

លោកបញ្ជាក់ថា ៖«ខ្ញុំបាទ សូមជូនដំណឹងដ៏គួរអោយរីករាយជំនួសសហគមន៍កសិករត្រសក់ផ្អែមស្រុកបន្ទាយស្រីថា ចំណោទបញ្ហាលក់របស់ពួកគាត់ត្រូវបានដោះស្រាយរួចរាល់ទាំងស្រុងគិតត្រឹមក្នុងថ្ងៃនេះ ហើយគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក (ដែលដំបូងឡើយគ្រោងលក់រហូតដល់ថ្ងៃទី២៦ កុម្ភៈ) ក៏នឹងបញ្ចប់ត្រឹមថ្ងៃទីមួយនេះដែរ ដោយសារតែតម្រូវការដ៏ច្រើនលើសលុប និងគួរអោយស្មានមិនដល់នេះ ។ លោកបន្តថា ក្នុងនាមសហគមន៍កសិករស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្តចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។  
 
លោកបន្តថា ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រីត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថា ស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប ។ 

លោកបន្តថា មែន! បញ្ហាកសិកម្មជាទូទៅ គឺជារឿងធំ ហើយស្មុគស្មាញរួមទាំងមានបញ្ហាប្រឈម និងមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ហើយក៏មិនអាចនឹងងាយដោះស្រាយភ្លាមៗដូចករណីនេះដែរ ។  តែខ្ញុំជឿជាក់ថា បើយើងទាំងអស់គ្នានាំគ្នាចូលរួមជួយដោះស្រាយនៅតំបន់ណាជួយគ្នាដោះនៅតំបន់នោះបូករួមផ្សំនឹងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងកម្រិតគោលនយោបាយបន្ថែមទៀត នោះយើងនឹងអាចមើលឃើញពន្លឺថ្មីពីវិស័យកសិកម្មនេះបាន» ៕ 





 
                        
			         
				
ចែករំលែកព័តមាននេះ