រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជូ ផល្លីឌីន និងលោក ហេង រិទ្ធី ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ធ្វើការសហការជាមួយនឹងកម្លាំងនៃអធិការនគរបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុម ហ៊ុន តាំង ហុង ដោយបានធ្វើការដកហូតគ្រឿងក្រអូបមួយចំនួនយកទៅពិនិត្យផងដែរ។
![Picture]()
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចទីតាំងផ្ទះលេខ២១C ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
![Picture]()
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជូ ផល្លីឌីន និងលោក ហេង រិទ្ធី ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ធ្វើការសហការជាមួយនិង កម្លាំងនៃអធិការ ដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយមានការបញ្ជារអំពីសំណាក់លោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចាត់អោយលោក គឹម ឆេង ក្រឡាបញ្ជីចូលរួម និងលោកវេជ្ជបណ្ឌិត នុត សោភណ្ឌ ជាអ្នកពិគ្រោះបច្ចេទេសនោះបាននាំគ្នាធ្វើការចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយគ្រឿងក្រអូបមួយកន្លែងរបស់ក្រុមហ៊ុន តាំង ហុង ខាងលើ ដោយបានរកឃើញមានគ្រឿងក្រអូបជាច្រើនប្រភេទនៅខាងក្នុងឃ្លាំងស្តុកទំនិញនោះ។
![Picture]()
ក្នុងប្រតិបត្តិការចុះពិនិត្យឃ្លាំងស្តុកទំនិញខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានរកឃើញមានស្តុកគ្រឿងក្រអូបជាច្រើនប្រភេទនៅខាងក្នុងឃ្លាំងនោះ ដោយបានធ្វើការដកហូតគ្រឿងក្រអូបមួយចំនួន ដើម្បីយកទៅធ្វើការត្រួតពិនិត្យផងដែរ។
![Picture]()
តាមប្រភពដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងការចុះបង្ក្រាបទីតាំងឃ្លាំងស្តុក និង ចែកចាយគ្រឿងក្រអូបមួយកន្លែងរបស់ក្រុមហ៊ុន តាំង ហុង ខាងលើនេះដែរ មិនមានការចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ ដោយគ្រាន់តែធ្វើការដកហូតគ្រឿងក្រអូបមួយចំនួនយកទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការត្រួតពិនិត្យពីគុណភាពតែប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)
![Picture]()
![Picture]()