កំពុងតែត្រូវប៉ាន់ហើយទឹកឃ្មុំនៅស្រុក​បន្ទាយស្រី


ខេត្តសៀមរាប ៖ អ្នក​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប ប្រមាណ​ជាង​១០​គ្រួ​សារបាន​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ​យក​ទឹក​សម្រាប់​លក់​អស់​រយៈពេល​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​មុន​សម័យ​ប៉ុ​ល​ព​តទៅ​ទៀត ដែល​របរ​នេះ​អាច​ចិញ្ចឹម​គ្រួ​សារបាន​យ៉ាង​ស្រួល ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​បងប្អូន​យើង​អាច​រកបាន​កម្រៃ​សរុប​ទាំងអស់​ប្រមាណ​៦​ពាន់​ដុល្លារ​ទៅ​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

បើ​យោង​តាម​សម្ដី​លោក ពាង ឆុ​ញ អាយុ​៦៣​ឆ្នាំ ដែល​ជា​អ្នករក​ឃ្មុំ​នៅ​ក្នុងភូមិ​ស្រុក​ខាងលើ​នេះ បានអោយ​ដឹង​ថា លោក​បាន​ប្រកប​របរ​នេះ​តាំងពី​ជំនាន់​ឪពុក​លោក​មក​ម្ល៉េះ ពោល​គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ។ កាលពីមុន របរ​រក​ឃ្មុំ​ព្រៃ​នេះ មាន​អ្នករក​ច្រើន​ដោយសារ​តែ​សម័យ​នោះ​ព្រៃ​នៅ​ច្រើន ហើយ​សំបូរ​ឃ្មុំ តែ​នា​សម័យ​នោះ​ឃ្មុំ​ព្រៃ​គឺ​មិនសូវ​មាន​ហាងឆេង​ដូច​បច្ចុប្បន្ន​នេះ​ឡើយ ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន របរ​រក​ឃ្មុំ​យក​ទឹក​មិនសូវ​មាន​អ្នករក​ទេ ដោយសារ​តែ​វា​ពិបាក​ហើយ​មិន​សំបូរ​ដូច​មុន​ឡើយ ក៏​ប៉ុន្តែ​ទឹកឃ្មុំ​បែរជា​មាន​ហាងឆេង ដែល​ធ្វើ​អោយ​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​នៅរ​ករបរ​នេះ អាច​ទទួល​បាន​កម្រៃ​សម្រាប់​ចិញ្ចឹម​គ្រួសារ សង់ផ្ទះ និង​រៀបចំ​គូរ​អនាគត​ដល់​កូនចៅ​ផង​ដែរ ។

លោក ពាង ឆុ​ញ បាន​បន្ថែម​ថា « ក្នុង​មួយ​ឆ្នាំ លោក​អាច​រកបាន​ប្រមាណ​ពី​៦​ពាន់​ទៅ ៧​ពាន់​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ប្រាក់​ដែល​រកបាន​នោះ​មិន​សល់​ទាំង​ដុល​ឡើយ គឺ​ត្រូវ​យក​មក​ដោះស្រាយ​បញ្ហា​ជីវភាព ចូលរួម​មង្គល​ការកូន​អ្នក​ភូមិ សង់ផ្ទះ​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម »​។ លោក​បាន​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អាច​រកបាន​ទឹកឃ្មុំ រង្វង់​ពី ២ លី​ត្រ ឬ​១០​លី​ត្រ ពេល​ខ្លះ​រកបាន​ច្រើន​ជាង​នេះ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​អត់​មាន​ដែរ ។
លោក​បាន​រៀបរាប់​បន្ត​ទៀត​ថា ការ​យក​ទឹកឃ្មុំ​ភាគច្រើន​គេ​យក​នៅ​រដូវក្ដៅ ព្រោះ រដូវក្ដៅ​ធ្វើ​អោយ​ទឹកឃ្មុំ​មានគុណ​ភាពល្អ ផ្អែម មិន​មាន​ជាតិ​ទឹក​ចូល​ក្នុង​សំបុក​និង​ទឹកឃ្មុំ ដូច្នេះ​នៅ​រដូវវស្សា​គេ​មិនសូវ​ចូល​ព្រៃ​យក​ទឹកឃ្មុំ​ទេ គឺ​គេ​ធ្វើស្រែ​ធម្មតា ។

អ្នករក​ឃ្មុំ​ត​ពី​ដូនតា​រូប​នេះ​បាន​ពោល​បន្ត​ថា « ការ​យក​ឃ្មុំ​បាន​ពីរ​ទៅ​បី​ដង​នេះ ដោយសារ​តែ​មានការ​ណែនាំ​ពី​អ្នកជំនាញ​ឃ្មុំ ពី​អង្គការ​មួយ​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​បារាំង និង​ព្រមទាំង​មានការ​ណែនាំ​មិន​អោយ​យក​ឃ្មុំ​ខុស​របៀប​ដែល​អាច​នាំ​អោយ​ផុត​ពូជ​ឃ្មុំ​ផង​ដែរ » ។

លោក Eric Guerin ទីប្រឹក្សា ការ​អភិរក្ស​ឃ្មុំ​តាម​សហគមន៍​បានអោយ​ដឹង​ថា ឃ្មុំ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​មិនមែន​សម្រាប់​តែ​យក​ទឹក​វា​ប៉ុណ្ណោះ​ទេ ។ ឃ្មុំ​ជា​កត្តា​ចំបង​សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​និង​រុក​ជាតិ​ជា​ច្រើន តាម​រយៈ​ការ​នាំ​ពាំ​លំអងផ្កា​ពី​រុក្ខជាតិ​ឈ្មោល​ទៅ​រុក្ខជាតិ​ញី ដែល​នាំ​អោយ​ចេញ​ជា​ផ្លែ​បាន ។ ឃ្មុំ​ក៏​ជា​អ្នកចូលរួម​បង្កបង្កើន​ព្រៃឈើ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​គេ​និយាយ​ថា គ្មាន​ឃ្មុំ​គ្មាន​ព្រៃ គ្មាន​ឃ្មុំ​គ្មាន​រុក្ខជាតិ ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ឃ្មុំ​នៅ​ក្នុង​ប្រទេស​និង​នៅ​ប្រទេស​ជា​ច្រើន​ទៀត បាន​និង​កំពុង​បាត់បង់​បន្តិច​ម្ដង​ៗ​ដោយ​មាន​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ , កាប់​បំផ្លាញ​ព្រៃឈើ ការ​ប្រើប្រាស់​សារធាតុ​គីមី និង​ការ​យក​ឃ្មុំ​ខុស​របៀប ដូច​ជា​ការ​ដុត​សំបុត្រ​មេ​ឃ្មុំ​និង​យក​ទាំង​សំបុក​ជាដើម ។ ដើម្បី​រក្សា​ឃ្មុំ​ទុកជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​ទៀត​នោះ មនុស្ស​គួរតែ​បញ្ឈប់​នូវ​ទ​ង្វើ​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​ការ​យក​ឃ្មុំ​តែ​ក្បាលទឹក និង​រក្សា​សំបុក​និង​កូន​ឃ្មុំ​ដើម្បី​បន្ត​ពូជពង្ស​របស់​វា​បន្ត​ទៀត ។

អ្នកជំនាញ​សត្វ​ឃ្មុំ​បាន​បញ្ជាក់​ថា ទឹកឃ្មុំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចាត់ទុកជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព ។ ជាក់ស្ដែង​ទឹកឃ្មុំ​សុទ្ធ​១០០​ភាគរយ ពិតជា​ផ្ដល់​គុណសម្បត្តិ​ដល់​សុខភាព​ពិតប្រាកដ​មែន ហេតុនេះ​ហើយ​ទើប​ទឹកឃ្មុំ​មាន ហាងឆេង​ឡើង​ខ្ពស់​មក​ដល់​សព្វ​ថ្ងៃនេះ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ