ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​ខ្វះខាត​ធនធានមនុស្ស​លើ​វិស័យ​ជាងសំណង់​ទោះបី​មានការ​បណ្ដុះបណ្ដាល​ច្រើន​ក្ដី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​កម្ពុជា​បាន​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ជាងសំណង់​ជា​ច្រើន​មក​ក្ដី ក៏​កម្ពុជា​នៅ​តែ​ខ្វះខាត​ជាង​ជំនាញ​ក្នុង​វិស័យ​សំណង់​នេះ សម្រាប់​បម្រើ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​ក្នុង​ប្រទេស​កម្ពុជា​ដដែល ដោយសារ​តែ​វិស័យ​នេះ មានការ​រីក​លូតលាស់​កាន់តែ​ខ្លាំង​និង​មានការ​វិនិយោគ​គម្រោង​ថ្មី​ៗ​បន្តបន្ទាប់ ទើប​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​បែប​នេះ ។ ​ យោង​តាម​លោក​ប៊ុ​ន…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​កម្ពុជា​បាន​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ជាងសំណង់​ជា​ច្រើន​មក​ក្ដី ក៏​កម្ពុជា​នៅ​តែ​ខ្វះខាត​ជាង​ជំនាញ​ក្នុង​វិស័យ​សំណង់​នេះ សម្រាប់​បម្រើ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​ក្នុង​ប្រទេស​កម្ពុជា​ដដែល ដោយសារ​តែ​វិស័យ​នេះ មានការ​រីក​លូតលាស់​កាន់តែ​ខ្លាំង​និង​មានការ​វិនិយោគ​គម្រោង​ថ្មី​ៗ​បន្តបន្ទាប់ ទើប​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​បែប​នេះ ។

យោង​តាម​លោក​ប៊ុ​ន ភា​រិ​ន្ទ នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា ហៅ​កាត់​ថា (NPIC) បានអោយ​ដឹង​ថា បើ​និយាយ​ពី​តម្រូវការ​ជាង​ជំនាញ​ក្នុង​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​កំពុង​ខ្វះខាត​ខ្លាំង​ណាស់ និង​ត្រូវ​ទាមទារ​អោយ​មានការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត សម្រាប់​បំពេញ​ទៅ​តាម​តម្រូវការ ។ តម្រូវការ​កើនឡើង​បែប​នេះ​ដោយសារ​តែ គម្រោង​សាងសង់​សំណង់​ត្រូវ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ដូច​គ្នា ក៏​ប៉ុន្តែ​សម្រាប់​សិស្ស​និស្សិត​ដែល​រៀន​បន្ត​មិនសូវ​ចាប់អារម្មណ៍​លើ​ជំនាញ​ផ្នែក​នេះ ដោយ​ពួក​គេ​គិត​ថា ជំនាញ​នេះ ត្រូវការ​ធ្វើការ​នៅ​ហាល​ក្ដៅ មិនមែន​ធ្វើការ​នៅ​ម្លប់ ។ ​លោក​បាន​បន្ត​ថា «​បើ​ទោះបីជា​សាលា​បាន​បណ្ដុះបណ្ដាល​ជា​ច្រើន​វគ្គ​មក​ហើយ ពាក់ព័ន្ធ​នឹង​ជាង​ជំនាញ​ក្នុង​វិស័យ​នេះ​ក្ដី ក៏​មិន​ទាន់​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅ​តាម​កំណើន​នៃ​ការ​សាងសង់​សំណង់​នៅឡើយ » ។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​ការ​បណ្ដុះបណ្ដាល​ទៅ​លើ​អ្នកជំនាញ​ក៏​ដូច​ជា​ធនធាន​ក្នុង​វិស័យ​សំណង់ ជា​ពិសេស​ទៅ​លើ​ជាងសំណង់​គឺ​ត្រូវ​បាន​ធ្វើ​ឡើងជា​វគ្គ​ខ្លី​ៗ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ធំ​ៗ ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ តែ​ក៏​មាន​អ្នកចូលរួម​សិក្សា​ច្រើន​និង​បាន​កើនឡើង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​។

​លោក​ប៊ុ​ន ភា​រិ​ន្ទ បាន​បញ្ជាក់​បន្ថែម​ថា « ក្នុង​ពេល​សិក្សា​ចប់​ម្ដង​ៗ សិក្ខាកាម​តែងតែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ខ្ពស់​ពី​ជំនាញ​នេះ ព្រោះ​ពួក​គេ​ត្រូវ​បាន​ទទួលស្គាល់​ពី​ស្ថាប័ន​អប់រំ​របស់​ជាតិ ក្រោម​ចំណុះ​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដូច្នេះ​ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​មុន និង​អាច​ជួយ​កសាង​សេដ្ឋកិច្ច​បាន​មួយ​កម្រិត​ផង​ដែរ » ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​កម្ពុជា មាន​អ្នកជំនាញ​និង​មេជាង​សំណង់​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ នោះ​កម្ពុជា​នឹង​លែង​ជួប​ហេតុការណ៍​បាក់​រលំ​អគារ​ដូច​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប​ទៀត​ហើយ ។

បើ​តាម​លោក Nicolas George នាយក​ប្រតិបត្តិ ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ផលិត
ស៊ីម៉ងត៍ អូដ្ឋ​នៅ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល​ជាង​ជំនាញ​ក្នុង​វិស័យ​សំណង់​បានអោយ​ដឹង​ថា វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​លូតលាស់​គួរ​អោយ​កត់សម្គាល់ តែ​សម្រាប់​ធន​ធា​មនុស្ស​ក្នុង​វិស័យ​នេះ ហាក់​នៅ​មាន​កម្រិត​នៅឡើយ និង​ត្រូវការ​ជាង​ជំនាញ​ៗ​បន្ថែម​ទៀត ដើម្បី​អោយ​ការ​អភិវឌ្ឍ​វិស័យ​នេះ កាន់តែ​រីក​លូតលាស់ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានអោយ​ដឹងផង​ដែរ​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ ជាង​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ តាម​រយៈ​កំណើន​នៃ​វិស័យ​នេះ​ដែរ​បាន​ជួយ​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ពី​១៨​ម៉ឺន​ទៅ​២២​ម៉ឺន​នាក់​/​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គេ​អាច​រក​ចំណូល​បាន​ពី​វិស័យ​សំណង់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​អោយ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។ យ៉ាងណាមិញ​សម្រាប់​វិស័យ​សំណង់​គឺ​នៅ​ខ្វះខាត​ធនធានមនុស្ស​ជា​ខ្លាំង​ជា​ពិសេស​គឺ​នារី​ភេទ ។

លោក មួ​ង ផា​ស៊ី នាយករង​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បានអោយ​ដឹង​ថា ជំនាញ​មេជាង​សំណង់​នេះ មិន​មាន​នារី​រៀន​នោះ​ទេ តាម​បទ​ពិសោធន៍​ដែល​បាន​បណ្ដុះបណ្ដាល​ប៉ុន្មាន​វគ្គ​កន្លង​មក ក៏​ប៉ុន្តែ​ជំនាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត ក្នុង​សាលាគឺ​មាន​នារី​កំពុង​សិក្សា​ប្រមាណ ១២,៥​ភាគរយ​ប៉ុណ្ណោះ ដូច​ជា​ជំនាញ​វិស្វករ​អគ្គិសនី វិស្វករ សំណង់​អេ​ឡិ​ត្រូ​និក និង​ព័ត៌មានវិទ្យា​ជាដើម ។ ​លោក​បាន​បន្ត​ថា «​សម្រាប់​នារី​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា គឺ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ ជាង​បុរស ដោយសារ​តែ​ស្ថាប័ន​ខាងក្រៅ​ជា​ច្រើន​គេ​លើកកម្ពស់​លើ​នារី និង​ផ្ដល់​អាទិភាព​អោយ​នារី​ជាង​បុរស ដូច្នេះ​ហើយ​ទើប​នារី​ងាយស្រួល​រក​ការងារធ្វើ​» ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ